អានតួអត្ថបទ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

គណៈប្រតិភូភូមា​ទៅជំរំបង់ក្លាដែស សម្រាប់​គម្រោង​ធ្វើមាតុភូមិនិវត្តន៍​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

គណៈប្រតិភូរបស់រដ្ឋាភិបាលសឹកភូមា ចំនួន ១៥នាក់​បានធ្វើដំណើរ​ទៅដល់​ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងទឹកដីបង់ក្លាដែស កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ នៅក្នុងក្របខណ្ឌ​នៃការអនុវត្ត​គម្រោងសាកល្បង ទាក់ទង​នឹង​ការធ្វើមាតុភូមិនិវត្តន៍​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់​ប្រទេស​ដើម ភូមា។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរត់គេច​ពីអំពើហិង្សា នៅរដ្ឋរ៉ាឃីនភាគខាងជើង​ភូមា នៅតែ​មិនទាន់​ទុកចិត្ត​រដ្ឋាភិបាល​សឹក​ភូមា​ដែល​ពួកគេ​ចោទប្រកាន់​ថា ជាអ្នកទទួលខុសត្រូវ​លើ​ការសម្លាប់​រង្គាល​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន។

ទាហាន​ភូមា​នៅ​ក្បែរជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបោះទីតាំង​នៅចន្លោះព្រំដែនភូមា និងបង់ក្លាដែស ឆ្នាំ ២០១៨
ទាហាន​ភូមា​នៅ​ក្បែរជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបោះទីតាំង​នៅចន្លោះព្រំដែនភូមា និងបង់ក្លាដែស ឆ្នាំ ២០១៨ AP - Min Kyi Thein
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីរបបសឹក​ប្រកាស​ត្រៀមខ្លួន​ទទួល​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា កាលពី​ខែមីនា មន្រ្តី​ភូមា ធ្វើដំណើរ​ជាលើកទី២ ទៅជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅក្នុង​ជំរំបង់ក្លាដែស។

តាមសេចក្តីរាយការណ៍​របស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP គណៈប្រតិភូភូមា​១៤នាក់ ក្នុងសំលៀកបំពាក់ស៊ីវិល​បាន​ធ្វើដំណើរ​តាមទូក​ទៅ​ជំរំ​ក្នុងទឹកដីបង់ក្លាដែស ទៅជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ២០០នាក់ ដែលស្ថិតក្នុង​ចំណោម​មនុស្ស​១០០០នាក់ ដំបូងគេ ដែល​ត្រូវ​ធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅ​ភូមា។

បង់ក្លាដែស​ធ្លាប់​បានចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០១៨ ដែលនៅក្នុងនោះ ភូមា​យល់ព្រម​ទទួល​ជនជាតិរ៉ូហ៊ីងយ៉ា ដែល​បាន​រត់ភៀសខ្លួន​ពីរដ្ឋរ៉ាឃីន ទៅនៅកកផ្តុំក្នុងជំរំភៀសខ្លួន ក្នុងទឹកដីបង់ក្លាដែស។ អំពើហិង្សា និង​ការធ្វើទុកបុកម្នេញ​របស់​កងទ័ពភូមា នៅ​រដ្ឋរ៉ាឃីន កាលពីឆ្នាំ ២០១៧ បានធ្វើ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជាង ៧សែននាក់ រត់ទៅជ្រកកោន នៅប្រទេស​ជិតខាងបង់ក្លាដែស។

ប៉ុន្តែ នៅ​៥ឆ្នាំមកនេះ គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រូវ​ជាប់គាំង ដោយសារ​វិបត្តិកូវីដ និង​បញ្ហា​នយោបាយ នៅភូមា ជាទីដែល​កងទ័ពធ្វើរដ្ឋប្រហារ​ដណ្តើមអំណាចដឹកនាំពីរដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។

នៅ​ដើមឆ្នាំ របបសឹក​ភូមាប្រកាស​ចាប់ផ្តើម​សាជាថ្មី គម្រោងសាកល្បង​ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង​១ពាន់នាក់ ក្នុងខណៈពេល​ដែល​ជនជាតិរ៉ូហ៊ីងយ៉ា ដល់​ទៅជាង​១លាន​នាក់ កំពុងរស់នៅ​ភៀសខ្លួន ក្នុងជំរំបង់ក្លាដែស។ វត្តមាន​របស់​គណៈប្រតិភូ ភូមា​មានគោលដៅ បញ្ចុះបញ្ចូល ប្រជាជនភាគតិច​រ៉ូហ៊ីងយ៉ា ដែល​នៅតែ​មិនទាន់ទុកចិត្ត​លើអាជ្ញាធរភូមា។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ម្នាក់ដែលស្ថិតក្នុងបញ្ជីឈ្មោះ អ្នកត្រូវ​ធ្វើមាតុភូមិនិវត្តន៍​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មានបារាំង AFPថា គេ​មិនចង់វិលត្រលប់​ទៅរដ្ឋរ៉ាឃីន ក្នុង​ប្រទេស​ភូមាវិញទេ ព្រោះថា អាជ្ញាធរ​ភូមា​នៅតែ​មិនទាន់​អាច​ធានា​សុវត្ថិភាព សន្តិសុខ នៅពេលពួកគេ​ត្រលប់ទៅ​ទឹកដីភូមាវិញ។ ម្យ៉ាង អាជ្ញាធរភូមា នៅតែ​បដិសេធ​មិន​ផ្តល់​សញ្ជាតិភូមា ដែលជា​ហេតុធ្វើ​ឲ្យពួកគេត្រូវ​រស់នៅ​ដូចស្ថានភាពដើម នៅមុនអំពើហិង្សា ឆ្នាំ ២០១៧ ពោល​គឺជនជាតិរ៉ូហ៊ីងយ៉ា ត្រូវ​គេ​ចាត់ទុក​ជាជនអន្តោប្រវេសន៍ខុសច្បាប់ គ្មានសញ្ជាតិ និង​គ្មានសិទ្ធិទទួលបាន​ការសិក្សា ធ្វើការ​ដូច​ជនជាតិភូមា។ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា រឹតតែ​មិនយល់ស្របជាមួយ​គម្រោងរដ្ឋាភិបាល​ភូមា ព្រោះ ថា កន្លែងដែលរដ្ឋាភិបាល​សឹកភូមា​ត្រៀមទទួលដាក់​ពួកគេ​ទៀតសោត គឺ​ជំរំដែលគេបង្កើតជាពិសេស ​ក្នុងរដ្ឋរ៉ាឃីន ពោល គឺ​មិនមែន​ដីភូមិ​ដែល​ពួកគេ​ធ្លាប់រស់នៅ តាំង​ពីដូនតា រាប់ជំនាន់នោះទេ។ ការចាកចេញពីជំរំ​មួយទៅ ជំរំ​មួយទៀត មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ