អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា-

ឧត្តមស្នងការ​សិទ្ធិមនុស្ស​ទាញសញ្ញាអាសន្ន​ការផ្សងព្រេងមរណៈ​របស់​ជនជាតិរ៉ូហ៊ីងយ៉ា

រត់ភៀសខ្លួន​ចេញពីការធ្វើទុក្ខបុកម្នេញ នៅភូមា និង​ជីវិតអត្តខាត់​នៅក្នុង​ជំរំជនភៀសខ្លួន​នៅបង់ក្លាដែស ជនជាតិរ៉ូហ៊ីងយ៉ា​ត្រូវ​មក​ជួបគ្រោះថ្នាក់ស្លាប់​បាត់បង់ជីវិត​នៅក្នុងទឹកសមុទ្រ។ តាម​ការទាញសញ្ញាអាសន្ន​របស់ឧត្តមស្នងការសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ ប្រជាជនភាគតិច​រ៉ូហ៊ីងយ៉ា យ៉ាងតិច ៣៤៨នាក់ ស្លាប់​នៅក្នុងគ្រោះថ្នាក់​លិចទូក​ក្នុងសមុទ្រ Andaman និងនៅឈូងសមុទ្រ​បង់ហ្កាល់ កាលពីឆ្នាំ ២០២២។

ទឹកដឹកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​រត់គេចចេញពី​ភូមា​បាន​អណ្តែត​ ត្រសែត​នៅក្នុង​សមុទ្រ​អស់ជាច្រើន​សប្តាហ៍ មុន​នឹង​ត្រូវ​បាន​អាជ្ញាធរឥណ្ឌូណេស៊ី​អនុញ្ញាត​ឲ្យ​ចូលចតនៅ​ខេត្ត​អាឆេ នៅខែ​ធ្នូ ឆ្នាំ ២០២១
ទឹកដឹកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​រត់គេចចេញពី​ភូមា​បាន​អណ្តែត​ ត្រសែត​នៅក្នុង​សមុទ្រ​អស់ជាច្រើន​សប្តាហ៍ មុន​នឹង​ត្រូវ​បាន​អាជ្ញាធរឥណ្ឌូណេស៊ី​អនុញ្ញាត​ឲ្យ​ចូលចតនៅ​ខេត្ត​អាឆេ នៅខែ​ធ្នូ ឆ្នាំ ២០២១ AP - Rahmat Mirza
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០២២ ប្រជាជនភាគតិច​រ៉ូហ៊ីងយ៉ា ជាង ៣៥០០នាក់​បានប៉ុនប៉ង​ធ្វើដំណើរ​តាមទូក​ឆ្លងសមុទ្រ ដើម្បីស្វែងរក​ទ្រនំ​ជីវិត​នៅដែនដីថ្មី ប៉ុន្តែ ជាអកុសល ៣៤៨នាក់ នៅក្នុងចំណោមពួកគេទាំងនោះ បាន​ស្លាប់​នៅក្នុងការលិចទូក​ក្នុងសមុទ្រ។

តាម​លោកស្រីShabia Mantoo អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការ​សហប្រជាជាតិ ចំនួនជនជាតិ​រ៉ូហ៊ីងយ៉ា ដែលផ្សងគ្រោះថ្នាក់ ជិះទូក​តាម​សមុទ្រ​បានកើនឡើង បើប្រៀបធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​មនុស្ស​ប្រមាណ ៧០០នាក់​ប៉ុណ្ណោះ។ ទូកដែល​ដឹកជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ភាគច្រើន​មាន​ប្រភព​ចេញមក​ពី​ភូមា និង​បង់ក្លាដែស ជាទីដែល​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា កាន់តែ​អស់សង្ឃឹម​នឹង​ជីវិត​ក្រោម​ការធ្វើទុក្ខបុកម្នេញ​របស់​យោធាភូមា និង​ជីវិត​អត្តខាត់ ក្រីក្រ​លំបាក​វេទនា នៅក្នុង​ជំរំបង់ក្លាដែស បន្ទាប់ពីពួកគេ​បាន​រត់ភៀសខ្លួន គេច​ចេញពីការបង្រ្កាបហិង្សា​របស់​កងទ័ពភូមា នៅ​ឆ្នាំ ២០១៧។

នៅក្រោយ​ធ្វើដំណើរ​រាប់សប្តាហ៍​ទូកដឹកជនជាតិ​រ៉ូហ៊ីងយ៉ា មួយចំនួន​បាន​ចូលចត ​នៅ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភូមា និង​បង់ក្លាដែស។

៤៥%​នៃ​អ្នកដំណើរ​ជា​មនុស្សស្រី កុមារ ដែល​មួយចំនួន​រងគ្រោះ​ដោយការជួញដូរមនុស្ស ការបែកបាក់គ្រួសារ ការរំលោភផ្លូវភេទ និងអំពើហិង្សារើសអើង។ បើតាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស ប្រជាជន​រ៉ូហ៊ីងយ៉ាទាំងនោះ បាន​និយាយ​ថា ពួកគេ​ជិះទូក​ ផ្សងគ្រោះថ្នាក់ក្នុងសមុទ្រ​ ដើម្បី​ស្វែងរក​ការការពារ សន្តិសុខ ការជួបជុំគ្រួសារ ហើយ​និង​ជីវភាពល្អប្រសើរ​នៅ​កន្លែងរស់នៅថ្មី។

នៅថ្ងៃអង្គារ អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ជំនួយ​ពី​អាជ្ញាធរ​ជើងទឹករបស់ប្រទេស​​នៅក្នុងតំបន់ ដើម្បី​ជួយសង្រ្គោះ​ទូកដឹក​ប្រជាជន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​ត្រសែត អណ្តែត​នៅក្នុងសមុទ្រ។ នៅ​ពីរខែ​ចុងឆ្នាំ ២០២២ ទូក​៤ ដែល​ដឹកជនជាតិរ៉ូហ៊ីងយ៉ា ៤៥០នាក់ បាន​ធ្វើដំណើរ​ទៅដល់​ខេត្ត​អាឆេ ប្រទេស​ឥណ្ឌូណេស៊ី។ ប៉ុន្តែ ទូក​មួយគ្រឿងទៀត​ដែល​ដឹកមនុស្ស​១៨០​នាក់ បាន​លិច​ទៅ​ក្នុង​សមុទ្រ ដោយ​គ្មាន​នៅ​សល់អ្នក​រួចរស់ជីវិត​ម្នាក់ទេ។

តាម​មន្រ្តីអង្គការ​សហប្រជាជាតិ ការព្រងើយកន្តើយ ខ្វះសាមគ្គីភាព និង​សហប្រតិបត្តិ​រវាង​ប្រទេស​ពាក់ព័ន្ធ​នៅក្នុង​តំបន់ នឹង​ធ្វើ​ឲ្យ​សមុទ្រ​Andaman និងឈូងសមុទ្រ​បង់ហ្កាល់​ក្លាយជា​វាលកប់ខ្មោច​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ