អានតួអត្ថបទ
បង់ក្លាដែស-រ៉ូហ៊ីងយ៉ា

បង់ក្លាដែស៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​១២០០០នាក់ បាត់បង់ជម្រក​បន្ទាប់​ពីអគ្គីភ័យមួយទៀតបាន​ឆាបឆេះ​ជំរំ

ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​មួយ​កន្លែង នៅ​​ភាគអាគ្នេយ៍​ប្រទេសបង់ក្លាដែស ត្រូវអគ្គីភ័យឆាបឆេះ លេបត្របាក់ កាលពីថ្ងៃអាទិត្យ ទី៥មីនាម្សិលមិញ។ យ៉ាងហោចណាស់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន១២០០០នាក់ ដែលបានបាត់បង់ជម្រក ដោយសារតែគ្រោះអកុសលនេះ។ ​មុនពេលមាន​អគ្គីភ័យ ជីវភាពរស់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងជំរំនៅបង់ក្លាដែស គឺមានភាពលំបាក​យ៉ាប់យ៉ឺនរួច​ណាស់ទៅហើយ។

ក្រុមប្រជាជនរ៉ូហ៊ីងយ៉ា កំពុងព្យាយាម​ជះទឺកពន្លត់ភ្លើង ដែលឆាបឆេះជំរំ Balukhali-Kutupalong​ ស្ថិតក្នុងតំបន់ Cox's Bazar ភាគអាគ្នេយ៍​បង់ក្លាដែស ថ្ងៃទី ៥ មីនា ២០២៣
ក្រុមប្រជាជនរ៉ូហ៊ីងយ៉ា កំពុងព្យាយាម​ជះទឺកពន្លត់ភ្លើង ដែលឆាបឆេះជំរំ Balukhali-Kutupalong​ ស្ថិតក្នុងតំបន់ Cox's Bazar ភាគអាគ្នេយ៍​បង់ក្លាដែស ថ្ងៃទី ៥ មីនា ២០២៣ AP - Mahmud Hossain Opu
ផ្សាយពាណិជ្ជកម្ម

លោក Mijanur Rahman មន្ត្រីនគរបាល​បង់ក្លាដែស ទទួលបន្ទុកជនភៀសខ្លួន​ បាន​ប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះ នៅវេលារសៀលថ្ងៃអាទិត្យ ត្រង់​តំបន់​លេខ​១១ នៃជំរំ Kutupalong។ ជំរំនេះ គឺជាជំរំជនភៀសខ្លួនធំជាងគេបង្អស់មួយ​ ក្នុង​ពិភពលោក​។

ព្រះអគ្គីបាន​លេបត្របាក់ យ៉ាងលឿនរហ័សនូវផ្ទះខ្ទម​សង់ពីឫស្សីជាប់ៗគ្នា ចំនួន​ប្រមាណ​២០០០ខ្នង។ ជនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួន​មកពីភូមា ចំនួន​ប្រមាណ​១២០០០នាក់ បានបាត់បង់ទីជម្រក​ ដោយសារតែគ្រោះ​មហន្តរាយអគ្គីភ័យនេះ​។

ក្នុងចំណោម​សំណង់ដែលត្រូវបានភ្លើងឆាបឆេះ ក៏មានផងដែរនូវសំណង់​វិហារម៉ូស្កេឥស្លាមចំនួន​៣០អាគារ ព្រមទាំង​សំណង់មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជនភៀសខ្លួន ចំនួន​ជាង២០ខ្នង។ តែយ៉ាងណា អគ្គីភ័យនេះ មិន​បានបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសទេ។ ប្រជាជនព្រមទាំងក្រុមសមត្ថកិច្ច បានចំណាយពេលចំនួន​៣ម៉ោង ទំរាំអាចពន្លត់ភ្លើងបាន។ ប្រភពដដែល បញ្ជាក់​ឲ្យដឹងថា អាជ្ញាធរបង់ក្លាដែស​ កំពុងតែព្យាយាមស៊ើបអង្កេត ស្វែងរកប្រភពពិតដែលបង្កឲ្យ​មានអគ្គីភ័យនេះ​។

គួរបញ្ជាក់ថា អគ្គីភ័យ​តែងតែកើតមានជាញឹកញាប់ នៅ​តាមជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាទូទៅពួកគេរស់នៅ ក្នុងស្ថានភាពជីវភាព ដ៏សែនលំបាក​ជាទីបំផុត។​ របាយការណ៍​មួយរបស់ក្រសួង​​ការពារជាតិបង់ក្លាដែស បាន​បញ្ជាក់​ឲ្យដឹងថាកាលពីខែកុម្ភៈកន្លងទៅថា​ នៅរវាង​ពីខែមករាឆ្នាំ​២០២១ ដល់ខែធ្នូ ឆ្នាំ​២០២២ គឺមានករណីអគ្គីភ័យចំនួន២២២លើក នៅតាមជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយដែល​មាន​៦០ករណី គឺជាករណីដុតភ្លើង​​ដោយចេតនា​ឧក្រិដ្ឋ។​ យ៉ាងណាមិញ កាលពី​ខែ​មីនា ឆ្នាំ​២០២១ ករណីភ្លើងឆេះមួយ បានបណ្តាល​ឲ្យស្លាប់​មនុស្ស​១៥នាក់ និង​បាន​បំផ្លាញជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួនប្រមាណ​​៥ម៉ឺននាក់​។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងព្យាយាម​ប្រមូលសម្ភារៈ ចេញពីភ្លើងដែលឆាបឆេះខ្ទមជំរំរបស់ពួកគេ។ ជំរំ Balukhali-Kutupalong តំបន់ Cox-Bazar ប្រទេសបង់ក្លាដែស ថ្ងៃទី​៥ មីនា ២០២៣
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងព្យាយាម​ប្រមូលសម្ភារៈ ចេញពីភ្លើងដែលឆាបឆេះខ្ទមជំរំរបស់ពួកគេ។ ជំរំ Balukhali-Kutupalong តំបន់ Cox-Bazar ប្រទេសបង់ក្លាដែស ថ្ងៃទី​៥ មីនា ២០២៣ AP - Mahmud Hossain Opu

គួររំលឹកថា ដោយរងនូវការធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ដុតផ្ទះសម្បែង បង្កឡើងដោយ​កងទ័ពភូមា ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ​៧សែននាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន ភាគខាងលិចភូមា មករកទី​មានសុវត្ថិភាព​នៅ​បង់ក្លាដែស កាលពី​រវាងចុងឆ្នាំ​២០១៧។ រហូតមកទល់​ពេលនេះ ពួកគេ​នៅមិនទាន់មានពន្លឺសង្ឃឹម ថាអាចវិលត្រលប់ទៅភូមិស្រុកកំណើត នៅភូមា​វិញឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ