អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

ភូមាប្រកាសត្រៀម​ទទួល​យក​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​ឱ្យ​ត្រលប់​ទៅស្រុក​កំណើត​វិញ

ជាង​៥​ឆ្នាំ​ក្រោយ​ពីបាន​រត់​គេច​ខ្លួន​មក​ជ្រកក្រោន​ក្នុង​ជំរំ​លើ​ទឹក​ដី​បង់ក្លាដែស ដើម្បី​គេ​ច​ពី​ការ​ធ្វើ​​ទុក្ខ​បុកម្នេញ និង​បង្ក្រាប​យ៉ាងហិង្សា​ពី​សំណាក់​យោធាភូមា ​​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា អាច​ត្រលប់​ទៅ​ស្រុក​កំណើតវិញ។ របប​សឹក​ភូមា​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ២២​មីនា ត្រៀម​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ចាប់​ពី​ពាក់​ខែមេសា​ទៅ។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ក្នុង​ជំរំ​Ukhia ប្រទេស​បង់ក្លាដែស
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ក្នុង​ជំរំ​Ukhia ប្រទេស​បង់ក្លាដែស AFP - MIRAJ KATEB
ផ្សាយពាណិជ្ជកម្ម

ភូមា​ត្រៀម​​ជា​ស្រេច​នឹង​ទទួលយក​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ឱ្យ​ត្រលប់​មក​ស្រុក​កំណើត​វិញ។ នេះ​បើ​តាម​ការសំដី​​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​សឹក​ភូមា ដោយ​បញ្ជាក់ទៀត​ថា​ជន​ភៀសខ្លួន​ធ្វើ​មាតុភូមិ​និវត្តន៍​មួយ​ក្រុម​ដំបូង​ មាន​គ្នា​ចំនួន​ប្រមាណ​១០០០ពាន់នាក់​។

ជា​មាតុភូមិនិវត្តន៍​ស្រប​តាម​កិច្ចព្រមព្រៀង​​រវាង​ប្រទេស​ទាំងពីរ ដែល​ជាប់​គាំង​តាំងពី​យូរ​មក​ហើយ។ បង់ក្លាដែល​និង​ភូមា​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា តាំងពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ​វិបត្តិ​កូវីដ១៩ និង​រដ្ឋប្រហារ​យោធា​ បាន​មក​រារាំង​ បង្ឃាំង​ជនភៀសខ្លួន​ឱ្យ​បន្ត​រស់ដោយ​​គ្មាន​សិទ្ធិ​ធ្វើ​ការ​ក្នុង​ជំរំ​រខេករខាក ​រំពឹង​តែ​លើ​ជំនួយ​ស្បៀងអាហារ​។ ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​ ​ទើប​ត្រូវ​បាន​ផ្តល់​សន្ទុះ​ឡើង​វិញ ​ក្រោយ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ភូមា​នៅជំរំ​ជនភៀស​ខ្លួន​បង់ក្លាដែស​ កាលពី​សប្តាហ៍មុន។ ដោយ​មាន​ចិន​ជា​អាជ្ញាកណ្តាល និង​​ជួយ​សម្រួល​មួយផ្នែក​​ដោយ​អង្គការ​សហប្រជាជាតិ គណៈប្រតិភូជាន់​ខ្ពស់​ភូមា​ចំនួន ១៧​រូប​បានទៅ​​ជួប​សំណេះសំណាល​ជាមួយ​ជន​រ៉ូហ៊ីងយ៉ា ប្រមាណ​៤៨០នាក់ នៅ​ជំរំប្រទេស​បង់ក្លាដែស​មាន​​ជនភៀសខ្លួនសរុប​ជិត​មួយ​លាន​នាក់។

ប៉ុន្តែ​​​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ភាគ​ច្រើន​ មិន​ទុក​ចិត្ត​លើ​គម្រោង​មាតុភូមិនិវត្តន៍​នេះ​ទេ។ ពួកគេ​បាន​បញ្ជាក់​បា្រប់​ទីភ្នាក់ងារសារពត៌មាន​បារាំង​AFP ថា ពុំ​មាន​ចម្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​ធានាសន្តិសុខ​ និងការ​ទទួល​ស្គាល់​​​សញ្ជាតិ​រ៉ូហ៊ីងយ៉ា ពី​សំណាក់​អាជ្ញាធរ​សឹក​ភូមាទេ។ ​រស់​នៅក្នុង​ទឹក​ដី​ភូមា តាំង​ពី​ជា​ច្រើន​ជំនាន់​មកហើយ ប៉ុន្តែភូមា​​តែងចាត់​ទុកជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​អ្នកក្រៅ ​គ្មាន​ប្រទេស គ្មាន​សញ្ជាតិ និង​គ្មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ភូមា​ទូទៅ​​ឡើយ។

កាលពី​ថ្ងៃអាទិត្យ​ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បាន​អះអាង​ម្តង​ទៀតថា​ ពុំ​ទាន់​មាន​លក្ខខណ្ឌ​ ប្រាកដប្រជា​​ និងប្រកប​ដោយ​និរន្តភាព​​​សម្រាប់​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពី​បង់ក្លាដែសទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ