អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អ៊ីស្រាអែល

សហរដ្ឋ​អាមេរិក​បញ្ជូនជំនួយ​​និងពង្រឹង​វត្តមានយោធា​ ​ទៅការពារ​​អ៊ីស្រាអែល

ក្នុង​នាម​ជា​សម្ព័ន្ធមិត្តជា​​ប្រវត្តិសាស្ត្រ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​យោធាយ៉ាង​លឿន​រហ័ស​​ដល់​អ៊ីស្រាអែល​ដែល​ទើប​រង​ការ​វាយប្រហារ​ពី​សំណាក់ចលនា​ហាម៉ាស។​ អាមេរិក​បាន​សម្រេចនៅ​ថ្ងៃ​អាទិត្យ​ទី​៨​តុលា២០២៣ ​បញ្ជូន​ជំនួយ​យោធាដោយ​បន្ថែម​នូវ​​គ្រាប់​រំសេវថ្មីៗ​និង​ដោយ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​​ទៅ​កាន់​តែ​កៀក​អ៊ីស្រាអែល។

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ USS Gerald R. Ford នឹង​រំកិល​ឆ្ពោះទៅ​សមុទ្ទ​មេឌីរ៉ាណេ​ខាង​កើត
នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ USS Gerald R. Ford នឹង​រំកិល​ឆ្ពោះទៅ​សមុទ្ទ​មេឌីរ៉ាណេ​ខាង​កើត AP - Andrew Vaughan
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ដល់​ក្រុម​យោធា​អ៊ីស្រាអែល​។ ជំនួយ​ទាំងនោះ​បាន​ចេញ​ដំណើរ​ទៅអ៊ីស្រាអែល​ហើយ ហើយ​ជំនួយមួយ​វគ្គ​​ថ្មីទៀត​ក៏​នឹង​ទៅ​តាម​ក្រោយ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

ជា​មួយ​នឹង​សេចក្តី​បញ្ជាក់​ថា​កញ្ចប់​ជំនួយយោធា​​មួយ​វគ្គ​ដំបូង​នឹង​ទៅ​ដល់​អ៊ីស្រាអែល​ក្នុង​ពីរ​បី​ថ្ងៃ​ខាង​មុខ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក ឡយដ៍ អូស្ទីន បាន​បន្ថែម​ថា នាវា​ផ្ទុក​យន្តហោះ​USS Gerald Ford ដែល​ជា​នាវា​ផ្ទុកយន្តហោះ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ នឹង​បង្វែរ​ទៅ​កាន់​សមុទ្ទ​មេឌីទែរ៉ាណេ​ខាង​កើត​វិញ ពោលគឺ​ឱ្យ​បាន​​កៀក​ខាង​អ៊ីស្រាអែល។ ​ស្ថិត​នៅក្នុង​សមុទ្ទ​មេឌីទែរ៉ាណេស្រាប់ នាវា​អាមេរិក​នេះ USS Gerald Ford ​កំពុង​ធ្វើ​ប្រតិបត្តិការ​ម្តុំ​ ​កាលពី​ដើម​ខែ​តុលា​ នៅ​សមុទ្ទ​Ionienne ត្រង់​ចន្លោះ​ប្រទេស​អ៊ីតាលី​និង​ក្រិក។ គឺ​ជា​ការ​ពង្រឹង​វត្តមាន​អាមេរិក​នៅ​ក្នុង​តំបន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​លម្អិត​របស់​លោករដ្ឋមន្ត្រី​ការពារ​ជាតិ​ ដោយ​អះអាង​ថា​អាមេរិករក្សា​​កម្លាំងសម្រាប់​រារាំង​​ជា​និច្ច​និង​ជា​ស្រេច​​ក្នុង​កំរិត​ពិភពលោក​។

ក្រោយ​ការ​វាយប្រហារ​របស់​ចលនា​ហាម៉ាស​លើ​អ៊ីស្រាអែល​ ​អ្នក​ទទួល​ខុស​ត្រូវ​​គ្រប់​និន្នាការ​នយោបាយ​បានគាំទ្រ​នយោបាយ​អាមេរិកជួយ​ការពារ​​អ៊ីស្រាអែល។​ ប៉ុន្តែ​​​ជំនួយ​យោធាបន្ថែម​​សម្រាប់​​អ៊ីស្រាអែល អាច​នឹង​ត្រូវ​ការ​ប្រើពេលវេលា​យូរ ដោយ​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​​ព្រឹទ្ធ​សភា​និងសភា ដែល​​កំពុង​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​ទម្លាក់​ប្រធានសភា​កាលពី​សប្តាហ៍​មុន។

​ជំនួយ​យោធា​អាមេរិក​នេះ ជា​ចំណែក​មួយ​នៃ​ការ​ឈ្លានពាន​មក​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។ នេះ​បើ​តាម​ប្រតិកម្ម​របស់​ចលនា​ហាម៉ាស​ដែល​កាន់​អំណាច​នៅ​តំបន់​ហ្កាហ្សា។

លើ​ផ្នែក​ការទូត​វិញ ប្រមុខ​ការ​បរទេស​អាមេរិក​លោក​អង់តូនី​ប្លីងកិន បាន​ពន្យល់​ថា រដ្ឋបាល​អាមេរិក​បាន​ទាក់​ទង​ទៅ​គ្រប់​​ប្រទេស​ដើម្បី​ផ្តល់​​ការគាំទ្រ​ដល់​អ៊ីស្រាអែល​​ដោយ​ប្រើ​អស់​គ្រប់​លទ្ធភាព មធ្យោបាយ​និង​ឥទ្ធិពល​របស់​ខ្លួន​ និង​ធានា​ថា​ជម្លោះ​នេះ​នឹងពុំ​បែក​ខ្ចាយ​ទៅ​ដល់​តំបន់​ផ្សេង។ លោក​ប្លីងកិន​បាន​ប្រាប់ឲ្យដឹង​​ថា ​មាន​ពលរដ្ឋ​អាមេរិក​ជា​ច្រើនស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​​ស្លាប់​បាត់​បង់​ជីវិត​ និង​ចាប់​ខ្លួន​ដោយ​ស្នាដៃ​ចលនា​ហាម៉ាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ