អានតួអត្ថបទ
អ.ស.ប.-បរិស្ថាន

អង្គការសហប្រជាជាតិបានព្រមានពីការបំពុលដោយប្លាស្ទិក និងអំពាវនាវជាថ្មីឲ្យកាត់បន្ថយផលិកម្មប្លាស្ទិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា នាយិកាប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​លោកស្រី Inger Andersen បាន​ថ្លែង​ដោយ​ព្រមាន​ថា ផលិតកម្ម​ប្លាស្ទិក​កំពុង​បន្ត​កើន​ឡើង ទោះ​បី​ជា​គ្រប់​គ្នា​បាន​ដឹង​ពី​ការ​បំពុល​ដោយ​ប្លាស្ទិក​ចំពោះ​ផែនដី​ក៏​ដោយ។ លោកស្រី Inger Andersen បាន​យល់​ឃើញ​ថា បើ​កំណើន​ផលិតកម្ម​ប្លាស្ទិក​នៅ​បន្ត​មាន វិធានការ​កែច្នៃ​ប្លាស្ទិក​ឡើង​វិញ​តែ​មួយ​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពិភពលោក​គ្មាន​ប្លាស្ទិក​បាន​ទេ។

នាយិកាប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​លោកស្រី Inger Andersen
នាយិកាប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​លោកស្រី Inger Andersen AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

នាយិកាប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​លោកស្រី Inger Andersen បាន​ថ្លែង​យ៉ាង​ដូច​នេះ​ប្រាប់ AFP នៅ​ក្រៅ​ក្របខណ្ឌ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូយ៉ក។ តាម​លោកស្រី Inger Andersen ជម្រើស​នៃ​ការ​ប្រើ​ប្លាស្ទិក​ឡើង​វិញ និង​ជម្រើស​នៃ​ការ​កែច្នៃ​ប្លាស្ទិក​ឡើង​វិញ​នៅ​មិន​គ្រប់គ្រាន់​ទេ ប្រសិន​បើ​ផលិតកម្ម​ប្លាស្ទិក​កំពុង​បន្ត​កើន​ឡើង​នោះ។ នាយិកាប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​ដដែល​រូប​នេះ​យល់​ថា មាន​ផ្លូវ​ច្រើន​ដែល​ត្រូវ​ដើរ​ស្រប​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក។

ផ្លូវទី១ បំបាត់​ចោល​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​បាន​នូវ​ប្លាស្ទិក​ដែល​ប្រើ​តែ​មួយ​លើក​រួច​បោះ​ចោល និង​បញ្ឈប់​ការ​ប្រើ​ប្លាស្ទិក​វេច​ខ្ចប់​ផលិផល​ដែល​មិន​ចាំ​បាច់។ ឧទាហរណ៍ ដូច​ជា​ការ​ប្រើ​ប្លាស្ទិក​ដើម្បី​ខ្ចប់​ចេក ឬ​ក្រូច​ដោយ​លោកស្រី Inger Andersen យល់​ថា ចេក និង​ក្រូច​ត្រូវ​បាន​ការពារ​ដោយ​សំបក​ពី​ធម្មជាតិ​រួច​ហើយ។ ផ្លូវទី២ គឺ​ត្រូវ​គិត​ពី​របៀប​ធ្វើ​ផលិតផល​ដោយ​មើល​ថា តើ​ផលិតផល​ដែល​ជា​វត្ថុរាវ​អាច​ផលិត​ទៅ​ជា​ម្សៅ​បាន​ទេ ព្រោះ​ធ្វើ​យ៉ាង​នេះ​ដើម្បី​បញ្ជៀស​ការ​ប្រើ​ដប​ប្លាស្ទិក​ដើម្បី​ច្រក​វា។ អ្វី​ដែល​លោកស្រី​ Inger Andersen ចង់​បាន គឺ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ទៅ​ធ្វើ​បាន។

ពិត​ណាស់​សព្វថ្ងៃ​នេះ ពិភពលោក​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​កែច្នៃ​ប្លាស្ទិក​ឡើង​វិញ និង​ប្រើប្រាស់​ប្លាស្ទិក​ឡើង​វិញ។ តែ​ទន្ទឹម​គ្នា​នេះ ផលិតកម្ម​ប្លាស្ទិក​ក៏​កំពុង​បន្ត​កើន​ឡើង​ដែរ។ ក្នុង​រយៈពេល ២០ឆ្នាំ ផលិតកម្ម​ប្លាស្ទិក​ប្រចាំ​ឆ្នាំ​បាន​កើន​ទ្វេ​ដង ពោល​មាន ៤៦០លានតោន។ បើ​គ្មាន​វិធានការ​អ្វី​ទេ ផលិកម្ម​ប្លាស្ទិក​ប្រចាំ​ឆ្នាំ​នឹង​កើន​មួយ​គុណ​នឹង​បី​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៦០។ រីឯ​ការ​កែច្នៃ​បា្លស្ទិក​ឡើង​វិញ​មាន​ត្រឹម​តែ ៩% ប៉ុណ្ណោះ។ ចំណែក​កាកសំណល់​ប្លាស្ទិក​គ្រប់ប្រភេទ​ដែល​នៅ​សល់​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ ក្នុង​ក្រពះ​សត្វស្លាប និង​នៅ​លើ​កំពូល​ភ្នំ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី​ Inger Andersen ដោយ​បន្ថែម​ថា បើ​ពិភពលោក​បន្ត​ប្រើ​ប្លាស្ទិក​ដូច​សព្វថ្ងៃ ពិភពលោក​គ្មាន​ថ្ងៃ​នឹង​អាច​បញ្ឈប់​លំហូរ​ប្លាស្ទិក​ទៅ​ក្នុង​សមុទ្រ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ