អានតួអត្ថបទ

លោក ចូ បៃដិន ប្រកាស​ឈរឈ្មោះ​ជាបេក្ខជនសម្រាប់ការបោះឆ្នោត​អាណត្តិថ្មី​ ឆ្នាំ​២០២៤

ក្នុង​វ័យ​៨០ឆ្នាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន បាន​ប្រកាស​ឈរឈ្មោះ​ជាថ្មី សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឆ្នាំ២០២៤។ ការ​ប្រកាស​បេក្ខភាព​នេះ ធ្វើឡើង​នៅក្នុង​វីដេអូ​មួយ ផ្សាយនៅ​ព្រឹកព្រលឹម​ថ្ងៃ​អង្គារ ​ទី​២៥មេសា ពីរដ្ឋធានី​​វ៉ាស៊ីនតោន។ ក្នុង​វីដេអូ​រយៈពេល​ជាង​៣នាទី​ លោក ចូ បៃដិន មា​នប្រសាសន៍​មួយ​ៗ បង្កប់​ដោយខ្លឹមសារ​យ៉ាង​​សាមញ្ញ​ តែច្បាស់លាស់​ នោះ​គឺ «ការ​ពារសិទ្ធិសេរីភាព​ជាមូលដ្ឋាន​ និង​ការពារ​លិទ្ធប្រជាធិបតេយ្យ» ហើយ​រួម​គ្នា​ប្រឆាំង​នឹង​«គំនិត​និង​​ចលនា​ជ្រុល​និយម»​។ គំនិតនិង​ទង្វើ​​ជ្រុល​និយម ដែល​លោក ចូ​ បៃដិន ចង់​ចង្អុល​បង្ហាញ​ជា​ឧទាហរណ៍​នោះ គឺ​ ព្រឹត្តិការណ៍​ហិង្សា​វាយ​លុក​ចូលកាន់កាប់​​វិមាន​កាពីតូល​អាមេរិក កាលពី​ដើមឆ្នាំ២០២១​ ដែលជាការ​​ញុះញ៉ុងនាំ​អាទិ៍​ដោយ​លោក ដូ ណាល់ត្រា។​

លោក ចូ បៃដិន ប្រកាស​ឈរឈ្មោះ​បោះឆ្នោត​អាណត្តិថ្មី​ ឆ្នាំ​២០២៤។
លោក ចូ បៃដិន ប្រកាស​ឈរឈ្មោះ​បោះឆ្នោត​អាណត្តិថ្មី​ ឆ្នាំ​២០២៤។ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​នៃ​វីដេអូ​ឃោសនា​របស់​លោក ចូ បៃដិន ដែលមកពីគណ​​បក្ស​ប្រជាធិបតេយ្យ កំពុង​កាន់អំណាច​ គឺ​ចង់​បង្ហាញ​ដែរថា ប្រសិន​បើគណ​​បក្ស​ប្រឆាំង បក្ស​សាធារណរដ្ឋឈ្នះឆ្នោត នោះ​គឺនឹង​​បង្ក​ការ​គំរាមកំហែង​ដល់​សិទ្ធិ​រំលូត​កូន ប៉ះពាល់​សិទ្ធិស្រឡាញ់​ភេទដូចគ្នា និង​សិទ្ធិទទួល​បាន​ការព្យាបាល​ត្រឹមត្រូវ ហើយ​បង្កការ​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ​ ជាដើម។

អាស្រ័យ​ហេតុ​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក បោះឆ្នោត​ជូន​រូប​លោក​ ១​អាណត្តិ​ទៀត ដើម្បី​សម្រេច​កិច្ចការ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ កំពុងតែ​​ធ្វើ​។ លោកមាន​ប្រសាសន៍​ទៀត​ ថា «ខ្ញុំ​គិត​ថា ​យើងអាច​ធ្វើបាន»។ ពាក្យ​ពេចន៍​មួយ​នេះ​ ដែល​លោក​ចង់​យោងភ្ជាប់ ​ទៅនឹង​​​ ពាក្យ​ស្លោក​របស់លោក បារ៉ាក់ អូបាម៉ា ​អតីតប្រធានាធិបតី ​មកពីបក្ស​ប្រជាធិបតេយ្យ​ ដែរ។ ​

« សេរីភាព! សេរីភាពឯកជន គឺជា​សិទ្ធិ​​មូល​ដ្ឋានដ៏សំខាន់ ដែលយើងទាំង​អស់គ្នា ​​មាន​ ក្នុងនាម​ជា​ ពលរដ្ឋអាមេរិក​! គ្មាន​អ្វី​សំខាន់​ជាងនេះទៀតទេ! ​(…)

គ្មាន​អ្វី​សម្ងាត់ទេ! កិច្ចការ​ក្នុង​អាណត្តិ​ទី១របស់​ខ្ញុំ​​ គឺ​ប្រយុទ្ធ​ដើម្បី​លិទ្ធិប្រជាធិបតេយ្យ​​! (…)

​ពេល​ប្រកាសឈរឈ្មោះ​បួន​ឆ្នាំមុន ខ្ញុំតស៊ូ​ដើម្បី​ព្រលឹង​ជាតិ​យើង ហើយ​ពេល​នេះ ក៏​យើងនៅតែ​ប្តេជ្ញា​​ប្រយុទ្ធតទៀត ព្រោះ​ ១អាណត្តិ​មិន​គ្រប់គ្រាន់ទេ ដើម្បីបញ្ចប់​ការងារ​​។​(…)

ចំណោទសំណួរ ​​ដែល​យើង​កំពុង​ប្រឈម​ គឺ​ថា ​តើ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ​យើង​មាន​​ ​សេរីភាព​ច្រើន​ជាងនេះ​ ​ឬ ​សេរីភាពកាន់តែ​រួម​តូច​ខើច​ខ្លី​ទៅ​, សិទ្ធិកាន់តែច្រើន ឬកាន់តែ​រួញ​តិចជាងនេះ?

ខ្ញុំដឹងថា ខ្ញុំ​ចង់​បាន​ចម្លើយ​បែបណា​ ហើយខ្ញុំគិតថា អ្នកក៏ដឹងដែរ​។ នេះ​ ពុំ​​មែន​ជា ​ពេល​ត្រូវ​ដេក​រអ៊ូ​​ទេ។

ដូច្នេះហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈរឈ្មោះ​ជាថ្មី​ម្តងទៀត​» (…)​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ