អានតួអត្ថបទ
បាឡុងចារកម្ម

មន្ទីរបញ្ចកោនចាប់បានសញ្ញាបាឡុងចារកម្មរបស់ចិន នៅក្នុងដែនអាកាសអាមេរិក

ក្រសួងការពារ​ជាតិ អាមេរិក និង​កាណាដា បាន​អះអាងបន្តបន្ទាប់គ្នា ថា បានចាប់​សញ្ញា​បាឡុង​ចារកម្ម​របស់​ចិន នៅក្នុងដែនអាកាស​អាមេរិក និងកាណាដា។ តាមមន្ទីរបញ្ចកោន ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​បញ្ជា​ឲ្យបាញ់ទម្លាក់ ប៉ុន្តែ ក្រសួងការពារ​ជាតិអាមេរិក ផ្តល់យោបល់ផ្ទុយទៅវិញ ដើម្បី​ហេតុផលសុវត្ថិភាព​របស់​មនុស្ស​នៅលើ​ដីអាមេរិក។ ប្រតិកម្ម​នឹង​វត្តមានរបស់ប៉ាឡុងចារកម្ម​ចិន នៅដែនអាកាស​អាមេរិក ប៉េកាំង​បានអំពាវនាវ​ឲ្យ​មានការស្ងប់ស្ងាត់ និង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេតពីខាងភាគីចិន។

មន្ទីរបញ្ចកោនចាប់បានសញ្ញាបាឡុងចារកម្មរបស់ចិន នៅក្នុងដែនអាកាសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ២ កុម្ភៈ
មន្ទីរបញ្ចកោនចាប់បានសញ្ញាបាឡុងចារកម្មរបស់ចិន នៅក្នុងដែនអាកាសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ២ កុម្ភៈ AP - Larry Mayer
ផ្សាយពាណិជ្ជកម្ម

តាម​ការប្រកាស​របស់​មន្ទីរបញ្ចកោន កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាឡុង​ចារកម្ម​របស់​ចិន បានហោះ ២ថ្ងៃ​មក​ហើយ ​ក្នុងកំពស់​ដ៏ខ្ពស់ ដោយ​ហោះ​ពី​លើ​ទីតាំង​យុទ្ធសាស្រ្ត ភាគខាងជើង​អាមេរិក។ នៅថ្ងៃ​សុក្រនេះ ក្រសួងការពារ​ជាតិ​កាណាដា​បាន​អះអាងថា កាណាដា បាន​កំណត់​សញ្ញា​បាឡុងចារកម្មមួយទៀត ក្នុង​ដែនអាកាស​របស់កាណាដា។ ដោយ​មិនបាន​បញ្ជាក់ថា ជា​បាឡុងចារកម្ម​របស់​ចិន ក្រសួងការពារ​ជាតិ​កាណាដា និយាយថា ភ្នាក់ងារចារកម្ម​កាណាដា​ទាក់ទង​ជាប់ជានិច្ច​ជាមួយ​ភាគីអាមេរិក និង​បន្តចាត់វិធានការ ដើម្បីការពារ​កាណាដា ពី​ភ្នាក់ងារ​ចារកិច្ច​បរទេស។

តាម​មន្រ្តីជាន់ខ្ពស់​អាមេរិក យន្តហោះ​ចម្បាំង​F22 របស់​អាមេរិក ប្រចាំ​នៅមូលដ្ឋានទ័ព​ក្នុងរដ្ឋ​Montana បាន​ត្រៀមខ្លួន​​ចេញធ្វើប្រតិការ នៅ​ថ្ងៃព្រហស្បតិ៍ ក្នុងករណី​មាន​បញ្ជាពី​ប្រធានាធិបតី។ តាមអ្នកទទួលខុសត្រូវកងទ័ពអាមេរិក លោក​ចូ បៃដិន​បាន​បញ្ជា​ឲ្យ​គេ​បាញ់ទម្លាក់​បាឡុង​ស៊ើបការណ៍សម្ងាត់​របស់ចិន ប៉ុន្តែ ក្រសួងការពារ​ជាតិ បាន​ផ្តល់យោបល់​កុំបាញ់​ទម្លាក់ទៅវិញ ក្នុងហេតុផលថា បំណែកកម្ទេចរបស់​បាឡុងស៊ើបការណ៍​អាច​បង្ក​គ្រោះថ្នាក់ដល់​ជីវិត​មនុស្ស​នៅលើ​ដី។ ម្យ៉ាង ដោយ​ហោះក្នុងកំពស់​ដ៏ខ្ពស់ បាឡុងចារកម្ម​មិនគ្រោះថ្នាក់​សម្រាប់​យន្តហោះដឹកអ្នកដំណើរ ដែលហោះនៅកំពស់ទាបជាង​វា។

ដោយបដិសេធ មិនបាញ់​ទម្លាក់ យន្តហោះចម្បាំង​អាមេរិក​កំពុង​ហោះ​អម តាមដាន គន្លងហោះ​របស់​បាឡុង​ចារកម្ម​ចិន ដែល​អាច​ហោះ​ពីលើ​ទីតាំង​យុទ្ធសាស្រ្ត​យោធា​របស់​អាមេរិក ដូចជា​មូលដ្ឋាន​ទ័ព​អាកាស និង​ទីតាំង​បាញ់មីស៊ីល​នុយក្លេអ៊ែរ នៅ​រដ្ឋ​Montana ភាគពាយ័ព្យអាមេរិក។ នៅ​មូលដ្ឋាន​ទ័ពអាកាស​Malmstrom នៅ​ Montana អាមេរិក​មាន​កន្លែងបាញ់​មីស៊ីល​អន្តរទ្វីប​១៥០កន្លែង។

នៅក្រោយ​រកឃើញ​បាឡុង​ស៊ើបការណ៍សម្ងាត់ចិន ភាគី​អាមេរិក​បាន​ជូនដំណឹងភ្លាម​ទៅសមភាគី​ចិន តាមខ្សែទូរស័ព្ទការទូត ដោយ​បញ្ជាក់ថា អាមេរិក​នឹង​ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារ​ជីវិត​ប្រជាជន នៅលើទឹកដី​អាមេរិក។ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន បាននិយាយនៅថ្ងៃសុក្រនេះថា ចិន​កំពុង​បើកការស៊ើបអង្កេត និងអំពាវនាវ​ឲ្យគ្រប់ភាគី​ប្រកាន់ឥរិយាបទ​ប្រយ័ត្នប្រយែង។ សម្រាប់​អ្នកនាំពាក្យខាងលើ ចិន​គោរព​ច្បាប់អន្តរជាតិ និង​មិនដែលមាន​ចេតនា​រំលោភ​ទឹកដី និងដែនអាកាស​របស់​រដ្ឋណាមួយឡើយ។

វត្តមានបាឡុងស៊ើបការណ៍សម្ងាត់​ចិន នៅក្នុងដែនអាកាស​អាមេរិក កើតមានឡើង នៅ​ប៉ុន្មានថ្ងៃ​មុន​ទស្សនកិច្ច​ជាលើកទី១ របស់​ប្រមុខ​ការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅទីក្រុង​ប៉េកាំង។

អាមេរិកឧស្សាហ៍​ចាប់បាន​សញ្ញាបាឡុង​ចារកម្ម នៅក្នុង​ដែនអាកាសរបស់ខ្លួន ប៉ុន្តែ នេះជាលើកទី១ ដែលបាឡុងស៊ើបការណ៍​ហោះក្នុងរយៈពេល​យូរថ្ងៃ​ក្នុងទឹកដីអាមេរិក។ សម្រាប់​អ្នកជំនាញចិន អាមេរិក និងសូវៀត ចូលចិត្ត​ប្រើ​បាឡុង ដើម្បី​ស៊ើបយកការណ៍សម្ងាត់ នៅក្នុងសម័យ​សង្រ្គាមត្រជាក់ ព្រោះវា​ជាមធ្យោបាយ​ដែលមានតម្លៃថោកជាងគេ៕

មន្ទីរបញ្ចកោនចាប់បានសញ្ញាបាឡុងចារកម្មរបស់ចិន នៅក្នុងដែនអាកាសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ២ កុម្ភៈ AP - Larry Mayer
មន្ទីរបញ្ចកោនចាប់បានសញ្ញាបាឡុងចារកម្មរបស់ចិន នៅក្នុងដែនអាកាសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ២ កុម្ភៈ AP - Larry Mayer © AP - Larry Mayer

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ