អានតួអត្ថបទ

ក្រុម​ហ៊ុន​ Google បញ្ឈប់​បុគ្គលិក​១ម៉ឺន​២ពាន់​នាក់ ដើម្បី​កាត់បន្ថយចំណាយ

ពី​សហរដ្ឋអាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យា​អ៊ិនធ័រនែត​ Google បាន​ប្រកាស​បញ្ឈប់​បុគ្គលិក​ ចំនួន​ ១២ ០០០ នា​ក់​ នៅទូទាំង​ពិភព​លោក។ ចំនួន​នេះ ស្មើ​នឹង ​៦% ​នៃចំនួន​បុគ្គលិក​សរុប​។ ការ​បញ្ឈប់​បុគ្គលិក​ពី​សំណាក់​ក្រុម​ហ៊ុន​ Google នេះ គឺស្របពេល​ដែល​​​​ក្រុមហ៊ុនបច្ចេកវិទ្យា​អ៊ិនធ័រនែត​ ផ្សេង​ទៀត ដូចជា Microsoft, Facebook និង Amazon ជាដើម ក៏​បា​នបញ្ឈប់​​បុគ្គលិក​រាប់​ពាន់​នាក់​ដែរ​។​ ​

បុគ្គលិក​ក្រុមហ៊ុនបច្ចេកវិទ្យា​អ៊ិនធ័រនែត​ Google ធ្វើបាតុកម្ម​សម្តែង​មតិ​ចំពោះ​ចំណាត់​ការរបស់​ក្រុមហ៊ុន។​
បុគ្គលិក​ក្រុមហ៊ុនបច្ចេកវិទ្យា​អ៊ិនធ័រនែត​ Google ធ្វើបាតុកម្ម​សម្តែង​មតិ​ចំពោះ​ចំណាត់​ការរបស់​ក្រុមហ៊ុន។​ ASSOCIATED PRESS - Liz Hafalia
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធ័រនែត Google ជាក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ សា​ខាក្រុម​ហ៊ុន​មួយ​របស់ ក្រុម​ហ៊ុន​មេ Alphabet ដែល​មាន​បុគ្គលិក​សរុប ១៨ម៉ឺន​៧ពាន់​នាក់ គិត​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០២២។ ពេល​នេះ ក្រុមហ៊ុន Google មាន​គម្រោង​ផែន​ការ​កាត់​បន្ថយ​បុគ្គលិក ដើម្បី បន្ថយការ​ចំណាយ​​របស់​ក្រុមហ៊ុន។ ក្រុម​ហ៊ុននេះ ដែល​ត្រូវ​ដឹង​ថា បាន​បាត់បង់​ប្រាក់​កម្រៃ​ពីការ​ធ្លាក់​ចុះចំនួន​ផ្សាយ​​ពាណិជ្ជកម្ម​។ នេះ​ក៏​ព្រោះតែ​ចំណែកមួយ​នៃ​ផលប៉ះពាល់​របស់​ជំងឺ​រាតត្បាត​កូវីដ​​១៩ដែរ ហើយ​និង​ប្រឈមមុខ​នឹង​ការ​ប្រកួត​ប្រជែង​ពីក្រុម​ហ៊ុន​ស្រដៀង​គ្នា​។​

លោក Sundar Pichai ​អគ្គនាយកក្រុមហ៊ុន Google ​បាន​ឲ្យដឹង​ក្នុងសេចក្តីថ្លែងការ​ណ៍ថា ការ​បញ្ឈប់បុគ្គលិក​ពី​ការងារ ​នៅពេល​នេះ គឺ​ធ្វើ​ឡើង​​ជាទូទៅ ចំពោះ​គ្រប់​តំណែង គ្រប់​ផ្នែក និងគ្រប់​​តំបន់​ ដែល​ Google ប្រតិបត្តិ​ការ​។ ទោះជា​យ៉ាងណា​ លោកអគ្គនាយករូបនេះ ​ពុំ​បានបញ្ជាក់​ពី​ផលប្រយោជន៍​ដែល​បុគ្គលិក​ត្រូវ​ទទួល​បាន​ទេ។ ​បើតាម​អ្ន​កជំនាញច្បាប់ការងារ ចំពោះ​បុគ្គលិក​ដែល​ធ្វើ​ការ​នៅលើទឹកដីអាមេរិក គឺ​នឹង​ទទួល​បាន​ប្រាក់​សំណង​ ​ប្រាក់​អត្ថប្រយោជន៍ប្រចាំឆ្នាំ​​ និងប្រាក់​ជួយ​គាំទ្រ​ខាង​សុខភាព​ផង ដែល​ផលប្រយោជន៍​សម្រាប់បុគ្គលិក​​ត្រូវ​គេ​បញ្ឈប់នោះ ​មាន​សរុប​ជា​ច្រើន​ខែដែរ​។​

ជាការ​គួរ​ឲ្យ​កត់​សម្គាល់ គឺ ការបញ្ឈប់បុគ្គលិកពីសំណាក់​ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធ័រនែត គឺ​មាន​ចរន្ត​ប្រហាក់ប្រហែលគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា Microsoft បានប្រកាស​ពីថ្ងៃពុធ​កន្លងទៅនេះ ថា​បញ្ឈប់​បុគ្គលិក​ចំនួន​ ១ ម៉ឺន​នាក់ ពីពេល​នេះ​ដល់​ខែ​មីនា។ ​​ក្រុម​ហ៊ុន​ផ្សេងទៀត តួយ៉ាង ក្រុមហ៊ុន Amazon, Twitter, ក្រុមហ៊ុនមេតា ដែល​គ្រប់គ្រង​​ Facebook និង Instagram ជាដើម ក៏បានសម្រេច​ចិត្ត​បញ្ឈប់បុគ្គលិករបស់ខ្លួន ចំនួន រាប់ពាន់នាក់ដែរ។

នៅ​សហរដ្ឋអាមេរិក បើ​តាម​អ្ន​កជំនាញ ការ​បញ្ឈប់​បុគ្គលិក​នៅក្នុងវិស័យ​បច្ចេកវិទ្យា​អ៊ិនធ័រនែត ​មាន​ចំនួន​ ជិត ២០ ម៉ឺន​នាក់ ក្នុង​​ឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ