អានតួអត្ថបទ
សហរដ្ឋអាមេរិក

ឯកសារ​សម្ងាត់​ជំនាន់​លោកបៃដិន​ធ្វើ​ជា​អនុប្រធានាធិបតី ត្រូវបាន​គេ​ប្រទះឃើញ​​នៅក្រៅ​​បណ្ណសារ​ជាតិ

ឯកសារ​សំងាត់អាមេរិកជាច្រើនដុំ ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​ទីតាំង​មជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង ដែលលោកចូ បៃដិន ក៏​​ធ្លាប់​បាន​ប្រើប្រាស់ជាទីតាំងធ្វើការ​។ យោងតាម​សេតវិមានអាមេរិក ឯកសារសម្ងាត់ទាំងនោះ មានកាលបរិច្ឆេទ តាំងតែពីជំនាន់​លោកចូ បៃដិន ធ្វើជាអនុប្រធានាធិបតី​របស់​លោក​អូបាម៉ា។ ការប្រទះឃើញ​ឯកសារសម្ងាត់ នៅខាងក្រៅ​បណ្ណសារជាតិបែបនេះ បានធ្វើ​​ឲ្យ​​មាន​ប្រតិកម្ម​​សើចចំអក និង​រិះគន់លោកចូ បៃដិន ពីសំណាក់ លោកដូណាល់ ត្រាំ ដែលលោកត្រាំខ្លួនឯង ក៏ធ្លាប់ត្រូវបាន​គេចោទ ថាបានរក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់​។

លោក​ប្រធានាធិបតី ចូ បៃដិន ដើរក្នុងបរិវេណសេតវិមាន ថ្ងៃពុធទី ៤ មករា ២០២៣
លោក​ប្រធានាធិបតី ចូ បៃដិន ដើរក្នុងបរិវេណសេតវិមាន ថ្ងៃពុធទី ៤ មករា ២០២៣ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​រៀបចំប្រមូលឯកសារ និងសម្ភារៈចេញពីមជ្ឈមណ្ឌល Penn Biden Center ដែលជាផ្នែកមួយ​នៃសកលវិទ្យាល័យ Pennsylvanie ក្រុមមេធាវីរបស់​លោក​ចូ បៃដិន បានប្រទះឃើញ​សំណុំឯកសារសម្ងាត់ជាច្រើនដុំ កាលពីខែ​វិច្ឆិកា​ឆ្នាំមុន។ យោងតាម លោក Richard Sauber ទីប្រឹក្សា​គតិយុទ្ធរបស់​លោកចូ បៃដិន គឺឯកសារសម្ងាត់ទាំងនោះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​បណ្ណសារជាតិ រក្សាទុករួចរាល់ហើយ ដោយ​អនុលោមទៅតាមច្បាប់កំណត់​។

លោក Richard Sauber បញ្ជាក់ថា ឯកសារសម្ងាត់ទាំងនោះ ត្រូវបាន​គេបានប្រទះឃើញដោយចៃដន្យ​ នៅក្នុងទូរមួយ​បិទទ្វារចាក់សោរជិត ហើយ​ឯកសារទាំងនេះ ពុំត្រូវធ្លាប់ត្រូវបាន​គេទាមទារប្រមូលយកទៅទុកទេ។ លោកអះអាងទៀតថា ក្រោយ​ការ​ប្រគល់ទៅដល់ដៃ​បណ្ណសារជាតិ ​ សេតវិមាន​នៅតែ​បន្ត​សហការ​យ៉ាងច្បាស់លាស់​ ជាមួយ​​អាជ្ញាធរស្ថាប័ននេះ​ ព្រមទាំងក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ថាគ្រប់ឯកសារសម្ងាត់ កាលពីជំនាន់អាណត្តិ អូបាម៉ា-បៃដិន ពិតជាកំពុង​ស្ថិតនៅក្នុងដៃរបស់បណ្ណសារជាតិ​។

ដោយឡែក យោងតាម​បណ្តាញទូរទស្សន៍ CBS News គឺលោក​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Marrick Garland បាន​បញ្ជាទៅកាន់លោករដ្ឋអាជ្ញាសហព័ន្ធប្រចាំឈីកាហ្គោ ឲ្យ​ពិនិត្យ​ខ្លឹមសារនៃឯកសារទាំងនោះ ចំណែក​​សមត្ថកិច្ចFBI ក៏បានបើកការស៊ើបអង្កេតមួយដែរ។ CBS News ផ្សាយទៀតថា ដោយយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ ឯកសារសម្ងាត់ទាំងនោះមានជាង​១០ដុំ ហើយ​មិនមានឯកសារណា ពាក់ព័ន្ធនឹងកិច្ចការសម្ងាត់​នុយក្លេអ៊ែរ​ទេ​។

សូមរំលឹកថា កាលពីខែ​សីហា ក្រុមសមត្ថកិច្ច​FBI បានចុះទៅរឹបអូស ដល់គេហដ្ឋាន​លោកដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា ដើម្បីប្រមូលយកឯកសារសម្ងាត់ជាតិជាច្រើនកេស រាប់ពាន់ដុំ។ ឯកសារទាំងនោះត្រូវបាន​លោក​ដូណាល់ ត្រាំប្រមូលយកទៅ ពេលចប់អាណត្តិ ដោយ​បំពាននឹងច្បាប់ ដែលកំណត់ថា ឯកសារសម្ងាត់ជាតិត្រូវតែប្រគល់ទៅឲ្យ​អាជ្ញាធរបណ្ណសារជាតិជាអ្នករក្សាទុក។ ប្រភពព័ត៌មានជាច្រើនអះអាងថា ឯកសារសម្ងាត់ទាំងនោះ មានពាក់ព័ន្ធនឹងចិន អ៊ីរ៉ង់ ព្រមងទាំងអាវុធនុយក្លេអ៊ែរផង។

បន្ទាប់ពីមានដំណឹងរកឃើញឯកសារសម្ងាត់ នៅទីតាំងដែលលោកចូ បៃដិនធ្លាប់ធ្វើការ ​លោកដូណាល់ ត្រាំ បាន​សរសេរសើចចំអកថា “តើពេលណា FBI នឹងចុះទៅឆែកឆេរ នៅតាម​ផ្ទះរបស់​លោក ចូ បៃដិន ឬក៏អាចទៅឆែកនៅសេតវិមាន​ផ្ទាល់តែម្តង ដើម្បីប្រមូលយកឯកសារសម្ងាត់ជាតិទៅទុក!“

ជាមួយ AFP

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ