អានតួអត្ថបទ
សហរដ្ឋអាមេរិក

សមាជិក​សភា​​បក្ស​​សាធារណរដ្ឋ គ្មាន​​ឯកភាព​​​ក្នុង​ការបោះឆ្នោត​តែងតាំង​​ប្រធាន​​សភាថ្មី

នៅសហរដ្ឋអាមេរិក គណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភាតំណាង នៅ​ក្រោយ​ការបោះឆ្នោត​​ពាក់​កណ្តាល​​អាណត្តិ​​កន្លងមកថ្មីៗនោះ​ នៅតែមិនទាន់មានការឯកភាពគ្នា ដើម្បី​បោះឆ្នោតជ្រើសរើសប្រធានសភាថ្មីនោះទេ។ នេះជាលើកទៅមួយ​ហើយ ក្នុងរយៈពេល​១០០ឆ្នាំចុងក្រោយនេះ ដែលការបោះឆ្នោត​តែងតាំងប្រធានសភាតំណាង បានជួបបញ្ហា​រកាំរកូសខ្លាំងបែបនេះ​។ បើបញ្ហានេះអូសបន្លាយ​ គឺវានឹងប៉ះពាល់ ដល់ដំណើរការនីតិវិធីធ្វើច្បាប់ផ្សេងៗ ព្រមទាំងប៉ះពាល់ដល់​មហិច្ឆតារបស់បក្សសាធារណរដ្ឋខ្លួនឯង ដែលចង់​បើកការស៊ើបអង្កេត​លើ​រូបលោក​ចូ បៃដិន ថែម។

លោក​ Kevin McCarthy តំណាងរាស្ត្របក្សសាធារណរដ្ឋ រដ្ឋកាលីហ្វ័រញ៉ា ​ដើរចេញពី​បន្ទប់សភា ក្រោយ​ការបោះឆ្នោតលើកទី៣ ដែល​លោកនៅតែបរាជ័យ មិនគ្រប់សំឡេងអាចឡើងធ្វើជា​ប្រធានសភាតំណាង​។ វិមានកាពីតូល ក្រុងវ៉ាស៊ិនតោន ថ្ងៃទី ៣មករា ២០២៣
លោក​ Kevin McCarthy តំណាងរាស្ត្របក្សសាធារណរដ្ឋ រដ្ឋកាលីហ្វ័រញ៉ា ​ដើរចេញពី​បន្ទប់សភា ក្រោយ​ការបោះឆ្នោតលើកទី៣ ដែល​លោកនៅតែបរាជ័យ មិនគ្រប់សំឡេងអាចឡើងធ្វើជា​ប្រធានសភាតំណាង​។ វិមានកាពីតូល ក្រុងវ៉ាស៊ិនតោន ថ្ងៃទី ៣មករា ២០២៣ AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

តើអ្នកណានឹងមកឡើងមកជំនួស លោកស្រី Nancy Pelosi ក្នុងមុខតំណែងប្រធានសភា​តំណាង ដែលជាមុខងារធំលំដាប់ទី៣នៃអំណាចនយោបាយ​សហរដ្ឋអាមេរិកនោះ? សភាតំណាងបាន​ធ្លាក់​ទៅក្នុងដៃ​របស់បក្សសាធារណរដ្ឋ​ តែសមាជិកសភាបក្សនេះ នៅតែមិន​ទាន់​មានការឯកភាពគ្នា ក្នុងការជ្រើសតាំងប្រធានសភា។

បេក្ខភាព​លោក​ Kevin McCarthy ត្រូវបាន​គណបក្សសាធារណរដ្ឋ​ប្រកាសគាំទ្រជាទូទៅ។ ក៏ប៉ុន្តែការបោះឆ្នោតបាន​ប្រព្រឹត្តិធ្វើទៅ៣លើកហើយ នៅថ្ងៃទី​៣មករា តែលោក​ Kevin McCarthy នៅតែ​មិនអាច​ទទួល​បានសំឡេងឆ្នោត ឲ្យ​បានគ្រប់ចំនួន២១៨សំឡេង។ គឺក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលស្និទ្ធនឹងលោក​ដូណាល់ ត្រាំ ចំនួនជាង​២០នាក់ ដែល​បាន​នាំគ្នា​រ៉ាវឆាន មិន​គាំទ្របេក្ខភាព​លោក Kevin McCarthy។ បេក្ខជនម្នាក់ទៀត ដែល​មកប្រជែងនឹងលោក​ McCarthy គឹលោក Jim Jordan តំណាងរាស្ត្រ រដ្ឋOhio។

ទោះយ៉ាងណា​ក៏ដោយ​ គិតមកត្រឹមពេលនេះ គឺគ្មានបេក្ខជនណា ដែល​គេអាចសង្ឃឹមបានការគាំទ្រ លើស​លោក Kevin McCarthy នោះទេ។ ការបោះឆ្នោត​ នឹងត្រូវរៀបចំធ្វើម្តងទៀតនៅថ្ងៃទី​៤មករា។ បរិយាកាស​នៅ​ក្នុង​សភា ប្រកបដោយការឈ្លោះ​ប្រកែក បោះសំដី​ចំអកឡកលើយ​ឲ្យ​គ្នា។ ក្រុមសមាជិកសភាមកពី​បក្ស​ប្រជាធិបតេយ្យ បាននាំគ្នាសើចចំអក ចំពោះមុខភាពរកាំរកូសបាក់បែកផ្ទៃក្នុង​របស់​ក្រុម​សមាជិកសភាបក្សសាធារណ​រដ្ឋ។ បក្សប្រជាធិបតេយ្យ​បានស្នើ​បេក្ខជនម្នាក់របស់ខ្លួនដែរ គឺលោក Hakeem Jeffries តំណាងរាស្ត្រមកពីរដ្ឋញូយ៉ក បើទោះបីជាគ្មានសង្ឃឹមថាបាន​សំឡេងឆ្នោត​គ្រប់គ្រាន់។

សូមបញ្ជាក់ថា ការរាំងស្ទះមិនទាន់មានប្រធានសភាតំណាងនេះ អាចនឹងជះផលអាក្រក់ជាច្រើន ទៅលើដំណើរការនីតិធ្វើច្បាប់ផ្សេង តួយ៉ាងដូចជាច្បាប់ថវិកាជាតិ និង​ជាពិសេសនោះ គឺអាចប៉ះពាល់ទៅលើ​គណ​​បក្សសាធារណៈរដ្ឋតែម្តង។ បក្សនេះបាន​ប្តេជ្ញាថានឹងប្រើប្រាស់សភាតំណាង ដើម្បី​​បើកការស៊ើបអង្កេតជាច្រើនសំណុំរឿង វាយ​ប្រហារ​លោកចូ បៃដិន។ ដរាបណា​គ្មានប្រធានសភា គឺគ្មាន​អ្វីអាចសម្រេចចេញបានឡើយ។ សមាជិកសភាបក្សសាធារណ​រដ្ឋឈ្លោះប្រកែកគ្នា ក៏អាចជាការហុចដងកាំបិតទៅឲ្យ​លោក​ចូ បៃដិន ក៏ដូចជាបក្សប្រជាធិបតេយ្យដែរ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ថ្មី​។

គួររំលឹកថា ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នេះជាលើកទីមួយគិតចាប់ពីឆ្នាំ​១៩២៣មក ដែលការបោះឆ្នោតជ្រើសរើស​ប្រធានសភាតំណាង ជួប​នូវបញ្ហា​រកាំរកូស បោះឆ្នោតច្រើនដងបែបនេះ។ កាលពីឆ្នាំ១៨៥៦ សមាជិកសភាអាមេរិក បាន​ចំណាយ​ពេល​ដល់ទៅ២ខែ និងបោះឆ្នោតចំនួន១៣៣ដង ទំរាំអាចសម្រេចរើសបានប្រធានសភា​តំណាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ