អានតួអត្ថបទ
អវកាស

បេសកកម្មអារតេមីស បាន​ជោគជ័យ យានOrion​ត្រលប់​មក​ដល់​ផែនដីដោយ​សុវត្ថិភាព

បន្ទាប់​ពី​ ស្ថិត​នៅក្នុងអវកាស​ និង​ធ្វើដំណើរហោះ​​ជុំ​វិញ​ព្រះ​ចន្ទ​ ​អស់​រយៈពេល​ជាង​២៥​ថ្ងៃ មក ​យាន Orion បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផែនដីវិញ នៅ​ថ្ងៃអាទិត្យ​ទី ១១​ធ្នូ ដោយ​បាន​ទម្លាក់ខ្លួន​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​សុវត្ថិភាព។ ដំណើរ​វិល​ត្រលប់​មក​ផែនដី​វិញ ជា​ដំណាក់​កាល​ចុងក្រោយ​នៃ​បេសកកម្ម។ ​ជោគជ័យដូច​ការ​រំពឹង​ទុកនេះ​ ជា​សារ​បញ្ជាក់​ថា នឹង​មាន​មនុស្ស​ត្រលប់​ទៅ​ជាន់​ដី​ព្រះចន្ទ​ ជា​ថ្មី នៅ​ឆ្នាំ​ខាង​មុខ។

យាន Orion បាន​ត្រលប់​មកផែនដី​វិញ ដោយ​ទម្លាក់​ខ្លួន​ចុះ​នៅក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក នៅវេលា​ម៉ោង ១៧និង​៤០នាទី ម៉ោង​សកល ថ្ងៃទី ១១​ធ្ណូ ២០២២
យាន Orion បាន​ត្រលប់​មកផែនដី​វិញ ដោយ​ទម្លាក់​ខ្លួន​ចុះ​នៅក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក នៅវេលា​ម៉ោង ១៧និង​៤០នាទី ម៉ោង​សកល ថ្ងៃទី ១១​ធ្ណូ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

យាន​Orion ដែល​គ្មានផ្ទុក​អវកាសយានិក សម្រាប់​បេសកកម្មហោះហើរ​សាកល្បង​នេះ បាន​ត្រលប់​មក​ចូល​ក្នុង​បរិយាកាស​ផែនដី ក្នុង​​ល្បឿន​៤០០០០គីឡូម៉ែត្រ​ ​ហើយ​ដោយ​ស៊ូបាន​​នឹង​កម្តៅ​សីតុណ្ហភាព​ ២៨០០​អង្សា។ ដោយ​​ប្រើ​ឆ័ត្រ​យោង​បន្ត​បន្ទាប់​គ្នា យ៉ាង​ហោច​១១ ជា​ហ្វាំង​​ទប់​​កុំ​ឱ្យយាន​​ធ្លាក់​តាម​ទំហឹង​នៃ​ទំនាញ​ផែនដី Orion បានមក​ប៉ះ​ផ្ទៃ​ទឹក​សមុទ្ទ​ក្នុង​ល្បឿន​៣០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ពោល​គឺ​យាន​ទម្លាក់​ខ្លួន​​បានយ៉ាង​ល្អ​ឥតខ្ចោះ និង​គ្មាន​ការ​ខូចខាត​អ្វី​ធំដុំ​គួរ​ឱ្យ​កត់​សម្គាល់ទេ។ នេះ​បើ​តាម​ប្រសាសន៍​អបអរ​របស់​លោកស្រី​ Melissa Jones អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ដំណើរ​វិល​ត្រលប់​របស់​យាន។

ក្រោយ​ពីទុក​យាន​ក្នុង​ទឹក​អស់​ជា​ច្រើន​ម៉ោង ដែល​វែង​ជាង​ពេល​មាន​មនុស្ស​ជិះក្នុង​យាន ដើម្បី​តាមដានមើល​សីតុណ្ហភាព​ខាង​ក្នុង​យាន​មក ក្រុម​អ្នក​មុជ​ទឹក​បាន​ចូល​ទៅ​ចង​អូស​យាន​ឡើង​លើ​នាវា​ទ័ព​អាមេរិក USS Portland។ ប្រតិបត្តិការ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ប្រមាណ​ពី​៤ទៅ​៦ម៉ោង។

នេះ​ជា​ជោគជ័យដ៏​សំខាន់​សម្រាប់​ណាសា ដែល​បាន​ចំណាយ​វិនិយោគ​របស់​រាប់​ពាន់​លាន​ដុល្លាររៀប​ចំ​​បេសកកម្ម​អារតេមីស ដើម្បី​សម្រេច​កម្មវត្ថុ​​នាំ​មនុស្ស​ឡើង​ឋាន​ព្រះចន្ទ​ រួច​ភព​អង្គារ នៅថ្ងៃអនាគត។

កម្មវត្ថុ​ចម្បង​នៃ​បេសកកម្ម​អារតេមីស១ គឺ​ធ្វើ​តេស្ត​មើល​ភាព​ធន់នឹង​កម្តៅ​សីតុណ្ហភាព​​នៃ​សំបក​យាន​ដែល​សង់​ជា​លើក​ទីមួយ​ក្នុង​កម្រាស​ដល់​ទៅ​៥​ម៉ែត្រ​។ ក្នុង​បេសកកម្មនេះ ​យាន​បាន​ធ្វើ​ដំណើរ​​សរុប​ចម្ងាយ​ជាង​២២០០លាន​គីឡូម៉ែត្រ​ ហើយ​Orion បាន​ហោះ​ព័ទ្ធ​ជុំ​វិញ​ព្រះចន្ទ​តែ​១៣០គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះ​ចន្ទប៉ុណ្ណោះ។ មាន​ន័យ​ថា យាន​បាន​ហោះហើរ​ទៅ​ឆ្ងាយ​ពី ផែនដី ដល់​ទៅ​ជាង​៤៣០០០០គីឡូម៉ែត្រ ពោលគឺ​ពុំធ្លាប់​មាន​យានដឹកមនុស្ស​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាង​នេះ​ទេ ពីមុនមក។

យាន​Orion ត្រលប់​មក​វិញ​ ដោយ​ពាំនាំ​មក​នូវ​ជា​ទិន្នន័យ​ព័ត៌មាន​ជា​អនេក​សម្រាប់​បេសកកម្ម​ក្រោយៗ​ ខ្លះ​សម្រាប់​បេសកកម្ម​អារតេមីស២ ដែល​ត្រៀម​បាន​ច្រើន​ខ្លាំងហើយ។ តាម​គម្រោង​ អារតេមីស២ ដែល​មាន​ផ្ទុក​អវកាសយានិកផង នឹង​ប្រព្រឹត្ត​ទៅនៅឆ្នាំ​២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ