អានតួអត្ថបទ

អាមេរិកហាមឃាត់ការនាំចូលនិងលក់គ្រឿងបរិក្ខារទូរគមនាគមន៍របស់ក្រុមហ៊ុនចិន

ថ្ងៃសុក្រ​ មន្ទីរទទួលបន្ទុកខាងទូរគមនាគមន៍​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តីប្រកាស​ជាផ្លូវការ ហាមឃាត់ការនាំចូល និង លក់​គ្រឿងបរិក្ខារ ហើយ​និង​ទទួល​សេវាកម្ម​ទូរគមនាគមន៍របស់ក្រុមហ៊ុនចិន។​ បំរាម​នេះ គឺឋិត​ក្នុង​ហេតុផល​នៃការ​គំរាមកំហែង​ដល់​សន្តិជាតិ​។ សេចក្តីសម្រេចរបស់​សហរដ្ឋអាមេរិកនេះ​ គឺស្រដៀងគ្នា និង ចេញមកក្នុងពេលដំណាលគ្នានឹងការសម្រេចរបស់រដ្ឋបាភិបាលអង់គ្លេស ជាសម្ព័ន្ធមិត្តដែរ។

ZTE ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន មួយ ក្នុង​ចំណោម​សហគ្រាស​ជាច្រើន​ដែល​ត្រូវ​ហាម​ឃាត់​។
ZTE ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន មួយ ក្នុង​ចំណោម​សហគ្រាស​ជាច្រើន​ដែល​ត្រូវ​ហាម​ឃាត់​។ AFP/File
ផ្សាយពាណិជ្ជកម្ម

ក្រឹត្យ​​ហាម​ឃាត់​របស់ និយតក​ទទួលបន្ទុកខាងទូរគមនាគមន៍​សហរដ្ឋអាមេរិក គឺប៉ះពាល់​ទៅ​ក្រុម​ហ៊ុន​ទូរសព្ទ​ និង​ក្រុម​ហ៊ុន​ខាង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ប្រមាណ​ជា​បួន​ដប់ ​ក្រុមហ៊ុន​និង​សហគ្រាស​ធំៗរបស់ចិន ដែល​កំពុង​ចរាចររកស៊ី​នៅ​សហរដ្ឋអាមេរិក។ ក្រុម​ហ៊ុន​ចិន​ទាំងនោះ មាន​បែបយ៉ាង Huawei , ZTE , Hytera communications, Dahua Technology និង Hangzhou Hikvision Digital Technology ជាដើម។

ប្រធានផ្នែក​ទូរគមនាគមន៍សហរដ្ឋអាមេរិក អ្នក​ស្រី​ Jessica Rosenworcel បាន​បញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា កំហិត​កំណត់​របស់​បំរាម​រដ្ឋអាមេរិក​នេះ គឺ​ជា​សកម្មភាព​ដ៏​សំខាន់​ចាំបាច់​ខ្លាំងណាស់ ដើម្បី​​​​ការពារ​ពលរដ្ឋអាមេរិក​ ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខជាតិ​ បង្កពី​​ឧបករណ៍​​ទូរគមនាគមន៍​បរទេស​។

ការ​រិះគិត​គន់គូរពិចារណា ថាត្រូវ​​ហាម​ឃាត់​គ្រឿង​បច្ចេកវិជ្ជា​ទូរគមនាគមន៍​របស់​ចិន​ គឺ​ជាគោល​ការណ៍​យ៉ាង​ដាច់​ណាត់​របស់​រដ្ឋបាល​អាមេរិក ក្រោម​​ប្រធានាធិបតីចាស់ ​លោក ដូណាល់ ត្រាំ។ កាលណោះ​ ចំណាត់ការ​​ប្រឆាំង​នឹង​ការ​លួច​ស៊ើប​ការ​ណ៍​តាមប្រព័ន្ធ​បច្ចេកវិជ្ជា​​គឺ​ប៉ះធ្ងន់​ទៅលើក្រុម​ហ៊ុន​ទូរសព្ទ​ Huawei  ដែល​ស្ទើរតែត្រូវ​​បាត់​មុខ​ពីទីផ្សា​រ​អាមេរិក ចាប់​ពី​​ខែ​មេសា​ ឆ្នាំ២០២០។  នៅ​ខែ​មីនា ២០២១ និយតក​ទូរគមនាគមន៍​អាមេរិក ​កត់​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍ចិន មួយ​ចំនួនទៀត​​​ ដាក់​ចូល​បញ្ជីខ្មៅ ដែល​អាមេរិក​យល់ថា អាច​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សន្តិសុខជាតិ​អាមេរិក។ ​​

ស្រដៀង​គ្នា​នឹង​ចំណាត់​ការ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន នៅពេល​នេះ គឺ​ រដ្ឋបាលទីក្រុង​ឡុងដ្រ៍ របស់​អង់គ្លេស ក៏​បានចេញបញ្ជាក្នុង​សប្តាហ៍​នេះ​ ប្រាប់ទៅក្រសួង-មន្ទីរ​ទាំងអស់ក្រោម​ឱវាទ​​របស់ខ្លួន ថាត្រូវឈប់ដាក់កាមេរ៉ាសុវត្ថិភាព ផលិត​ដោយ​ក្រុមហ៊ុនចិន នៅតាមទីតាំងសំខាន់ៗ ពីព្រោះបារម្ភខ្លាច​មាន​​ពាក់ព័ន្ធនឹង​ប្រព័ន្ធស៊ើបការណ៍សម្ងាត់ បម្រើប្រយោជន៍ដល់​​រដ្ឋាភិបាលកុម្មុយនិស្ត​ចិន​ និង​គំរាមកំហែង​ប៉ះពាល់​ដល់​សន្តិសុខជាតិ​អង់គ្លេស។

ក្នុង​បរិបទ​​ប្រកួតប្រជែង​ឥទ្ធិពល​គ្នានៃពិភពលោក​ពហុប៉ុល,​ បញ្ហា​គ្រឿងបច្ចេកវិជ្ជា​ស៊ើប​ការ​ណ៍សម្ងាត់​​ ដែល​ប្រទេស​បច្ចិមលោក ចោទប្រកាន់​ចិន​ គឺ​ ពុំ​មែន​ជា​រឿងថ្មីទេ ដែល​ចេះតែបន្ត​វិល​មក​បង្ក​​​​​ភាព​តានតឹង​ រវាង ចិន​ និង ​លោក​ខាងលិច​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ