អានតួអត្ថបទ
អ.ស.ប.-អ៊ុយក្រែន

អ៊ុយក្រែន៖លោកហ្សេឡេនស្គីបរិហារពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់ ៩ខែ​គត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នេះ។ កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​មីស៊ីល និង​ដ្រូន​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​ក្នុង​ទីក្រុង​ធំៗ​ជា​ច្រើន​របស់​អ៊ុយក្រែន​នៅ​ទូទាំង​ប្រទេស។ ទង្វើ​មួយ​នេះ​របស់​រស្ស៊ី​ត្រូវ​បាន​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បរិហារ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្សជាតិ​នៅ​ពេល​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​ពុធ ទី២៣ វិច្ឆិកា។ បន្ទាប់​មក លោក​ហ្សេឡេនស្គី​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់​វិធានការ​ដើម្បី​បិទបញ្ចប់​ការ​វាយប្រហារ​របៀប​នេះ​របស់​រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីបរិហារពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីបរិហារពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ។ AFP - ANGELA WEISS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទអន្តរាគមន៍​តាម​វីដេអូ​រយៈពេល​ខ្លី​នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​លើក​ឡើង​ពី​សីតុណ្ហភាព​ក្រោម​សូន្យ និង​មាន​ប្រជាជន​អ៊ុយក្រែន​ជា​ច្រើន​លាន​នាក់​គ្មាន​ភ្លើងអគ្គិសនី មិន​អាច​ប្រើ​ម៉ាស៊ីនកម្តៅ​បាន និង​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់។ នេះ​ក៏​ដោយសារ​តែ​រុស្ស៊ី​បាន​បាញ់​មីស៊ីល​សំដៅ​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​តាម​ទីក្រុង​ធំៗ​ជា​ច្រើន​របស់​អ៊ុយក្រែន ក្នុង​នោះ​ក៏​មាន​ទីក្រុង​កៀវ​មួយ​ដែរ។ តាម​លោក​ហ្សេឡេនស្គី រុស្ស៊ី​បាន​បាញ់​មីស៊ីល​ចំនួន ៧០គ្រាប់​ស្រោច​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ពុធ ទី២៣ វិច្ឆិកា។

ទង្វើ​របៀប​នេះ​របស់​រុស្ស៊ី​ត្រូវ​បាន​លោក​ហ្សេឡេនស្គី​បរិហារ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់​វិធានការ​ជា​បន្ទាន់។ តាម​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ដដែល សហគមន៍​អន្តរជាតិ​មិន​អាច​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​រដ្ឋ​ភេរវនិយម​អន្តរជាតិ​បាន​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ លោក​ហ្សេឡេនស្គី​ចង់​និយាយ​សំដៅ​លើ​សិទ្ធិវេតូ​ដែល​រុស្ស៊ី​ប្រើ​ដើម្បី​ខ្ទប់​លើ​សេចក្តីសម្រេច​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី​លីនដា ថូម៉ាស់គ្រីនហ្វៀលដ៍​បាន​យល់​ឃើញ​ថា ប្រធានាធិបតី​រុស្ស៊ី​ពូទីន​កំពុង​ប្រើ​រដូវ​រងារ​ជា​អាវុធ​ដើម្បី​ធ្វើ​បាប​ប្រជាជន​អ៊ុយក្រែន។

ចំណែក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​នីកូឡា រីវីយែរ​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋរចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​ថា​ជា​ការ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ចំណែក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​វ៉ាស៊ីលី ណេបេនហ្សា​បាន​ឆ្លើយ​តប​វិញ​ថា ការ​អនុញ្ញាត​ឲ្យ​លោក​ហ្សេឡេនស្គី​ថ្លែង​នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់ និង​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​បាន​បង្ក​ឡើង​ដោយ​ការ​បាញ់មីស៊ីល​ចេញ​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយក្រែន។ នៅ​ក្នុង​ន័យ​នេះ លោក​ណេបេនហ្សា​បាន​ស្នើ​ឲ្យ​បស្ចិមលោក​ឈប់​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​របៀប​នេះ​ឲ្យ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ