អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូនកោះ​ប៉ាស៊ីហ្វិក

អាមេរិក​បង្កើន​វត្តមាន​និង​បង្ហាញ​យុទ្ធសាស្ត្រថ្មី​ សម្រាប់​តំបន់​កោះ​ប៉ាស៊ីហ្វីក

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍ទី ២៩​កញ្ញា ផ្តល់​មូលនិធិ​ចំនួន ៨១០​លាន​ដុល្លារ​ សម្រាប់​ជួយ​ក្រុម​ប្រទេស​កូន​កោះ​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​។ ជាង​នេះ​ទៅ​ទៀត ក្នុង​បរិបទ​ប្រជែង​នឹង​ចិន អាមេរិក​ប្រកាស​បង្កើន​វត្តមាន​ការទូត​ បង្កើន​ទំនាក់ទំនង​ជាមួយ​​តំបន់​កូនកោះប្រកប​ដោយ​យុទ្ធសាស្ត្រ​ក្នុង​​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។

ជំនួប​កំពូល​ក្រុមប្រទេស​កូនកោះ​ក្នុង​ប៉ាស៊ីហ្វិក និង​សហរដ្ឋ​អាមេរិក នៅទីក្រុង​វ៉ាស៊ីនតោនថ្ងៃទី ២៩ កញ្ញា​២០២២
ជំនួប​កំពូល​ក្រុមប្រទេស​កូនកោះ​ក្នុង​ប៉ាស៊ីហ្វិក និង​សហរដ្ឋ​អាមេរិក នៅទីក្រុង​វ៉ាស៊ីនតោនថ្ងៃទី ២៩ កញ្ញា​២០២២ © AP
ផ្សាយពាណិជ្ជកម្ម

៦០០​លាន មាន​ទម្រង់​​ជា​ជំនួយរយៈ​ពេល​១០​ឆ្នាំ ​សម្រាប់​សម្អាត​ទឹកសមុទ្ទ​ពុល ដើម្បី​ទ្រទ្រង់​វិស័យ​នេសាទ​ត្រី​តុង។ នេះ​បើតាម​សេតវិមាន។ ជាមួយ​នឹង​ការ​ប្រកាស​ចាត់​ទុក​​ជំនួប​កំពូល នៃក្រុម​​ប្រទេស​កូន​កោះ ​ក្នុង​​មហាសមុទ្ទ​ប៉ាស៊ីហ្វិកនៅ​​ទីក្រុង​​វ៉ាស៊ីនតោន ជា​លើក​ដំបូង ថា​​ “ជា​ប្រវត្តិសាស្ត្រ” ​ លោក​ប្រធានាធិបតី​អាមេរិក​ចូបៃដិន បាន​បញ្ជាក់​នៅ​ចំពោះ​មេ​ដឹកនាំ​ប្រទេស​កូនកោះចំនួន​១២​ ​អំពី​​​យុទ្ធសាស្ត្រ​ថ្មី​អាមេរិក​។

អាមេរិក​នឹង​ប្រកាស​ទទួល​ស្គាល់​កោះ​Cook និង​ Niue ដែនដី​ស្វ័យត​ដែល​មាននយោបាយការ​​ទូត ការពារជាតិ និង​នយោបាយ​រូបិយវត្ថុ​ជាប់​នឹង​ប្រទេស​នូវែលហ្សេឡង់។ ជាង​នេះ​ទៅ​ទៀត អាមេរិក​​​នឹង​បង្កើន​វត្តមាន​ការ​ទូត ​លើកោះទាំងពីរ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​២ម៉ឺន​នាក់មែន តែ​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ជា​លើក​ទី​មួយ សហរដ្ឋ​អាមេរិក​សម្រេច​តែង​តាំង​ឱ្យ​មាន​​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​វេទិកា​កោះ​ប៉ាស៊ីហ្វិក​ ព្រម​ទាំង​បើក​ទូត​នៅប្រទេស​​កោះ​តុងហ្កា និង​កោះ​គីរីបាទីទៀត។ កាលពី​ពេល​ថ្មីៗ​នេះ អាមេរិក​បាន​ប្រកាស​រួច​ហើយ អំពី​ការ​បើក​ស្ថានទូត​អាមេរិក​ឡើង​វិញ​​នៅ​លើ​កោះ​សាឡូម៉ុង ដែល​ចិន​មាន​វត្តមានយ៉ាង​សកម្ម​ខ្លាំង។

​ថ្វីបើ​នៅក្នុង​ជំនួប​កំពូល គ្រប់​ភាគី​ប្រយ័ត្នមាត់​ប្រយ័ត្ន​ក​មិន​និយាយ​ចេញ​ឈ្មោះ​ចិន​ដោយ​ចំហ​មែន ប៉ុន្តែ​កម្មវត្ថុ​ចម្បង​នៃ​ជំនួប​នេះ គឺ​រឹត​ចំណង​ទំនាក់​ទំនង​ជាមួយ​​តំបន់កូនកោះ​ប៉ាស៊ីហ្វិក​​ ដែល​ធ្លាប់​មាន​ប្រវត្តិ​ស្និទ្ធ​ស្នាល​នឹង​អាមេរិក​តាំងពី​សង្គ្រាម​លោក​លើក​ទីពីរ​មក តែទើប​ត្រូវ​បាន​ចិន​ច្រិប​យក​ចំណែក​​កាន់​តែ​ធំឡើងៗ ជាពិសេស​នៅកោះ​សាឡូម៉ុង តាម​រយៈ​ការបោះទុន​​វិនិយោគ​និង​ការ​ជួយ​បំពាក់បំប៉ន​កង​កម្លាំងសន្តិសុខ។ នា​ឱកាសនេះ អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ឧបត្ថម្ភ​២០​លាន​ដុល្លារ​ដល់​កោះសូឡូម៉ុង សម្រាប់​ទ្រង់ទ្រង់​វិស័យ​ទេសចរណ៍​និង​ព្រៃឈើ។

ក្រៅ​អំពី​បង្កើន​វត្តមាន​ការទូតនិង​ពង្រឹង​ទំនាក់ទំនង ​អាមេរិកប្តេជ្ញា​​ជួយ​គាំទ្រ​​វិស័យ​អាកាសធាតុ ព្រោះ​ប្រទេស​កូន​កោះ​ខ្លះ​កំពុង​ប្រឈម​នឹង​គ្រោះ​លិច​បាត់​ដោយ​ហេតុតែ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​​ទឹក​សមុទ្ទ​ឡើង​កម្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ