អានតួអត្ថបទ
កាណាដា-វាយប្រហារ​ដោយ​កាំបិត

ការ​វាយប្រហារ​នៅ​កាណាដា​​ ៖ ជន​សង្ស័យ​ទី១​ស្លាប់ ជនទីពីរកំពុង​រត់​គេច​ខ្លួន

ជា​ការ​វាយប្រហារ​មរណៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​​របស់​កាណាដា។ ​ហេតុការណ៍បានកើត​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី ៤​កញ្ញា នៅក្នុងក្រុង​ដាច់​ស្រយាល​ពីរ​ នៃ​ខេត្ត​សាស្កាឆេវ៉ាន់ Saskatchewan ដែល​ស្ថិត​នៅ​ភាគកណ្តាល​ឆៀង​ខាង​លិច​ប្រទេស​កាណាដា។ មានស្លាប់​១០នាក់ និង​របួស​១៨​នាក់​ ក្នុង​នោះ​បួន​​នាក់​ជា​របួស​ធ្ងន់​ខ្លាំង។ នេះ​បើ​តាមតួលេខ​ផ្តល់​ដោយ​​​ប៉ូលិស​កាណាដា​ដែល​បាន​​ប្រកាស​នៅល្ងាច​ថ្ងៃ​ចន្ទទី ៥​កញ្ញា ថា​រក​ឃើញ​សាកសព​ជន​សង្ស័យ​ទីមួយ ហើយ​​​កំពុង​បន្ត​តាម​រក​ជន​សង្ស័យ​ទីពីរ។

ស្នងការ​ប៉ូលិស​ក្រុង​Regina ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជនសង្ស័យ​​ទាំងពីរ នៃការ​វាយប្រហារ​ដោយ​កាំបិត​កាលពី​ថ្ងៃ​ទី ៤ កញ្ញា ២០២២
ស្នងការ​ប៉ូលិស​ក្រុង​Regina ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជនសង្ស័យ​​ទាំងពីរ នៃការ​វាយប្រហារ​ដោយ​កាំបិត​កាលពី​ថ្ងៃ​ទី ៤ កញ្ញា ២០២២ AP - Michael Bell
ផ្សាយពាណិជ្ជកម្ម

​ប៉ូលិស​បាន​​រក​ឃើញ​សាកសព​ជន​សង្ស័យទីមួយ តែ​នៅ​មាន​សំណួរ​និង​ចម្ងល់​ជា​ច្រើន បន្ត​ចោទ​ឡើង។ ក្រោយ​ហេតុការណ៍​វាយប្រហារ​នៅថ្ងៃអាទិត្យ​ទី ៤​កញ្ញា ជនសង្ស័យទីមួយ​អាយុ​៣១​ឆ្នាំ​​ ឈ្មោះ Damien Sanderson ទំនង​ត្រូវ​ជា​បង​ប្រុស​របស់​ជន​សង្ស័យ​ទីពីរ បាន​ស្លាប់​ ដោយ​មាន​ស្នាម​របួស​ជា​ច្រើន​ និងចោល​សាកសព​នៅម្តុំ​វាល​ស្មៅ​ក្បែរ​ផ្ទះអ្នក​ភូមិ។ ​ស្នងការរង​នៃកង​នគរបាល​កាណាដា លោក Rhonda Blackmore សង្ស័យ​ថា​ជន​សង្ស័យ​ទីមួយនេះ​ទំនង​​ស្លាប់​ដោយ​ស្នាដៃ​របស់​​ប្អូន​ប្រុស ដែល​កំពុង​រត់​គេចខ្លួននៅឡើយ​។

តាំងពី​ថ្ងៃអាទិត្យ​មក ប៉ូលិស​កាណាដារាប់​រយ​នាក់ ប្រញឹក​តាម​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ទីពីរ Myles Sanderson នៅ​តំបន់​វាល​រាប​ដ៏​ធំទូលាយ​របស់​ខេត្ត។ ចាត់​ទុក​ជា​ជន​ដ៏​គ្រោះ​ថ្នាក់ ប្រដាប់​ដោយ​អាវុធ​ផង ជន​សង្ស័យ​ទីពីរ​ អាយុ​៣០​ឆ្នាំ ក៏​ទំនង​ជា​ត្រូវ​របួស​ និង​ត្រូវ​ការ​ព្យាបាល​ដែរ។ នេះ​បើ​តាម​ការ​អះអាងរបស់​ប៉ូលិស​កាណាដាដដែល ដែល​បាន​លម្អិត​ថា​ បាន​តាម​ស្វែង​រក​ចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះ​តាំងពី​ខែ​ឧសភា​មក ពីបទ​មិន​គោរព​សាលក្រម​តុលាការ​ដែល​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជិត​៥​ឆ្នាំក្នុង​បទ​​ធ្វើ​ចោរ​លួច។

គេ​នៅមិន​ទាន់​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​បង​ប្អូន​ត្រកូល​Sanderson ប្រព្រឹត្ត​ទង្វើ​​សម្លាប់​មនុស្ស​ទេ ប៉ុន្តែ​បើ​តាម​ប៉ូលិស​ ជន​សង្ស័យ​ទាំងពីរ ដៅ​វាយប្រហារ​លើ​រងគ្រោះ​ខ្លះ​ និង​ខ្លះ​ទៀត​ជា​ការ​វាយប្រហារ​ដោយ​​ចៃដន្យ។ ជនរងគ្រោះ​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច។ ​តំណាង​ឱ្យ​ប្រមាណ​៥%​នៃ​ប្រជាពលរដ្ឋ​កាណាដា​សរុប​ទាំង ៣៨​លាន​នាក់ ជនជាតិ​ដើមភាគតិច ច្រើន​រស់​នៅ ​ផ្តុំ​គ្នា​ជា​សហគមន៍​ និង​​ក្រីក្រ​ខ្លាំង ហើយ​គ្មាន​ការងារ​ធ្វើ​ទេ។

នាយករដ្ឋមន្ត្រីកាណាដា លោក ទ្រូដូ បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​មិនគួរ​ណា​ប្រទេស​ត្រូវ​រង​ការ​វាយប្រហារ​ហិង្សា​ ញឹកញយ​បែប​នេះ​សោះ។ កាលពីខែមេសា​២០២០ ខ្មាន់​កាំភ្លើង​ម្នាក់​ បន្លំធ្វើ​ជា​ប៉ូលិស​បាញ់​លើ​ហ្វូង​មហាជន​សម្លាប់​មនុស្ស​អស់​២២នាក់។ ៧​នាក់​ កាលពី​ឆ្នាំ​២០១៧ ក្នុង​ការ​វាយប្រហារ​នៅវិហារអ៊ីស្លាម​នៅ​កេប៉ិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ