អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​វាយបក និង​ចោទ​លោក​ចូ បៃដិន​ថា ជា​សត្រូវ​របស់​រដ្ឋ

នៅអាមេរិក សង្រ្គាមពាក្យសំដី​កំពុងបន្តមាន​យ៉ាងផុសផុល​រវាង​អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​កាន់អំណាច លោក​ចូ បៃដិន។ ថ្លែង​ទៅកាន់​អ្នកគាំទ្រ នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត ព្រឹទ្ធសភា​ពាក់កណ្តាល​អាណត្តិ កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក​ដូណាល់ ត្រាំ​បាន​ចោទលោក​ចូ បៃដិន ថា ជា​សត្រូវ​របស់​រដ្ឋ នៅ​បន្ទាប់ពី លោក​ចូ បៃដិន​បាន​ពណ៌នា​លោក​ដូណាល់ ត្រាំ និងបក្សពួកថា ជាក្រុមជ្រុលនិយម ដែល​គំរាមកំហែង​មូលដ្ឋានគ្រឹះរបស់​សាធារណរដ្ឋ។ លោក​ដូណាល់ ត្រាំ ចេញមុខ​វាយប្រហារ​លោក​ប្រធានាធិបតី ចូ បៃដិន នៅ២​សប្តាហ៍ក្រោយ ដែល​ក្រុមប៉ូលិស​FBI ចូលទៅ​ឆែកឆេរ និង​រឹបអូស​យក​បានកេស​ឯកសារ​សម្ងាត់ជាតិ ជាច្រើនកេស នៅ​ផ្ទះឯកជន​របស់​លោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ នៅក្នុង​មិទ្ទិញជាមួយ​អ្នកគាំទ្រនៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ​នៅ​រដ្ឋ​ផេនស៊ីលវ៉ានី នៅថ្ងៃទី ៣​កញ្ញា ២០២២​
លោកដូណាល់ ត្រាំ នៅក្នុង​មិទ្ទិញជាមួយ​អ្នកគាំទ្រនៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ​នៅ​រដ្ឋ​ផេនស៊ីលវ៉ានី នៅថ្ងៃទី ៣​កញ្ញា ២០២២​ REUTERS - ANDREW KELLY
ផ្សាយពាណិជ្ជកម្ម

លេចមុខជាលើកទី១ នៅក្រោយ​ប៉ូលិស FBI ចុះឆែកឆេរ និង​រឹបអូស​យក​កេសឯកសារសម្ងាត់ជាតិ នៅគេហដ្ឋាន​របស់លោក​ក្នុង​រដ្ឋ​Florida អតីត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​រិះគន់​ឥតសំចៃ លោក​ប្រធានាធិបតី ចូ បៃដិន ថា បាន​រំលោភអំណាច ប្រើ​ប៉ូលិស​FBI ជាឧបករណ៍ ប្រឆាំងរូបលោក។

ថ្លែង​នៅចំពោះមុខ​អ្នកគាំទ្រ របស់​លោក រាប់ពាន់​នាក់ នៅក្នុង​យុទ្ធនាការ​ឃោសនា​របស់​បេក្ខជនបក្ស​សាធារណរដ្ឋ សម្រាប់ការ​បោះឆ្នោត សភា ពាក់កណ្តាល​អាណត្តិ នៅ​រដ្ឋ​Pennsylvanie(ផេនស៊ីលវ៉ានី) លោកដូណាល់ ត្រាំ​ស្រែកក្តែងៗថា គឺ​លោក​ចូ បៃដិន​ដែល​ជា​សត្រូវរបស់​រដ្ឋ។ លោក​ដូណាល់​ត្រាំ ចង់​វាយបកទៅ​លោក​ចូ បៃដិន ដែល​កាលពី​ប៉ុន្មានថ្ងៃ​មុន​បាន ចោទប្រកាន់រូបលោក និង​បក្ខពួក ជា​ក្រុមជ្រុលនិយម​ដែលគំរាមកំហែង​មូលដ្ឋានគ្រឹះអាមេរិក។ នៅក្នុង​មិទ្ទិញ​ដើម្បី ជួយគាំទ្រ បេក្ខជន​បក្សប្រជាធិបតេយ្យ​សម្រាប់ការបោះឆ្នោត​សភា ពាក់កណ្តាល​អាណត្តិ​ដែលរៀបចំ​ឡើង​នៅ​រដ្ឋ​Philadelphie លោកចូ បៃដិន​បានអំពាវនាវ​ឲ្យប្រជាជន​ស្រោចស្រង់​ព្រលឹងអាមេរិក និង​សំដែងក្តីខឹងសម្បារ​សម្រាប់​អ្នកដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ និតិរដ្ឋ និងអ្នកមិនទទួលស្គាល់​ឆន្ទៈ ការចង់បាន​របស់​ប្រជាជន។

សារ​របស់​លោក​ចូ បៃដិន​ចង់​សំដៅ​លោក​ដូណាល់ ត្រាំ ដែល​បាន​ទាត់ចោល​មិនទទួល​ស្គាល់​លទ្ធផល​ចាញ់ឆ្នោត​របស់លោក​កាលពី​២ឆ្នាំមុន។ នៅថ្ងៃ​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​អះអាង​សាជាថ្មី​ម្តងទៀត ថា គេ​បាន​លួចយក​សន្លឹកឆ្នោត របស់​លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០២០។

ក្រៅពី​រិះគន់​កម្មវិធី​នយោបាយ​របស់​លោក​ចូ បៃដិន លោកដូណាល់ ត្រាំ ដែលមាន​គម្រោង​ចង់​ឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី ឆ្នាំ ២០២៤ បាន​ត្រលប់មក​វាយបក ប្រតិបត្តិការ​ចុះឆែកឆេរ​របស់​ក្រុមFBIនៅ​គេហដ្ឋាន​របស់លោក។ សម្រាប់​លោក​ដូណាល់ ត្រាំ នោះជា​ទង្វើគួរ​ឲ្យខ្មាស់អៀន និង​រំលោភសិទ្ធិឯកជន​យ៉ាងច្បាស់ក្រឡែត។

ប៉ូលិស​FBI បាន​ចូលឆែកឆេរ និង​រឹបអូសយកបាន​កេសឯកសារសម្ងាត់ជាតិ ជាច្រើនកេស នៅគេហដ្ឋាន​របស់​លោក នៅ​រដ្ឋ​Florida បន្ទាប់ពីមាន​ការសង្ស័យថា លោកដូណាល់​ត្រាំ រក្សា​ទុក​ដោយខុសច្បាប់​ នូវ​ឯកសារសម្ងាត់ជាតិ។ តាមក្រសួងយុត្តិធម៌អាមេរិក លោក​ដូណាល់ ត្រាំ ទំនង​លាក់ទុក ឬ​បំផ្លាញ ឯកសារ​សម្ងាត់ជាតិ​មួយចំនួន ក្នុង​គោលដៅ បំផ្លាញការស៊ើបអង្កេត​របស់​អាជ្ញាធរអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ