អានតួអត្ថបទ

WHO និង Unicef ទាញសញ្ញាអាសន្នពីការធ្លាក់ចុះនៃការចាក់វ៉ាក់សាំងលើកុមារដើម្បីបង្ការជំងឺផ្សេងៗ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កក្កដា អង្គការ​សុខភាព​ពិភពលោក WHO និង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ Unicef បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ​លើ​កុមារ។ WHO និង Unicef បាន​ទាញ​សញ្ញា​អាសន្ន​នៅ​ក្នុង​របាយការណ៍​ថា ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​បាន​ធ្លាក់​យ៉ាង​ខ្លាំង និង​កំពុង​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល ៣ទសវត្សរ៍​កន្លង​ទៅ​នេះ។ មូលហេតុ​ត្រូវ​បាន WHO និង Unicef ទម្លាក់​កំហុស​លើ​វិបត្តិ​កូវីដ១៩ ឬ​កំណើន​ព័ត៌មាន​ក្លែងក្លាយ។

WHO និង Unicef ទាញសញ្ញាអាសន្នពីការធ្លាក់ចុះនៃការចាក់វ៉ាក់សាំងលើកុមារដើម្បីបង្ការជំងឺផ្សេងៗ
WHO និង Unicef ទាញសញ្ញាអាសន្នពីការធ្លាក់ចុះនៃការចាក់វ៉ាក់សាំងលើកុមារដើម្បីបង្ការជំងឺផ្សេងៗ AP - Toby Talbot
ផ្សាយពាណិជ្ជកម្ម

មាន​ជំងឺ​ចំនួន ៣ប្រភេទ​ដែល WHO និង Unicef បាន​លើក​ឡើង គឺ​ជំងឺ​តេតាណុស ជំងឺគ្រុន​ស្វិតដៃជើង និង​ជំងឺ​ខាន់ស្លាក់។ ដើម្បី​អាច​បង្ការ​ជំងឺ​ទាំង ៣ប្រភេទ​នេះ​បាន កុមារ​ម្នាក់ៗ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​សរុប​ឲ្យ​បាន​ចំនួន ៣ដូស។ តែ WHO និង Unicef បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា សមាមាត្រ​នៃ​កុមារ​ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ទាំង ៣ប្រភេទ​បាន​ធ្លាក់​ចុះ​ពី ៨៦% ក្នុង​ឆ្នាំ ២០១៩ មក​នៅ​ត្រឹម​តែ ៨១% ក្នុង​ឆ្នាំ ២០២១។ តាម​របាយការណ៍ មាន​កុមារ​ប្រមាណ​ជា ២៥លាននាក់​ក្នុង​លោក​ខកខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដូសទី១ ឬ​ច្រើន​ដូស​ដើម្បី​បង្ការ​ជំងឺ​តេតាណុស ជំងឺគ្រុន​ស្វិតដៃជើង និង​ជំងឺ​ខាន់ស្លាក់។

ក្នុង​ចំណោម​កុមារ​ទាំង​ប្រមាណ​ជា ២៥លាននាក់ មាន ១៨លាននាក់​មិន​បាន​ចាក់​សោះ សូម្បី​តែ​មួយ​ដូស ក្នុង​នោះ មាន​កុមារ​ភាគ​ច្រើន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ឬ​តិច ដូច​ជា​នៅ​ឥណ្ឌា នីហ្សេរីយ៉ា ឥណ្ឌូណេស៊ី អេត្យូពី និង​នៅ​ហ្វីលីពីន។ របាយការណ៍​ដដែល​បាន​មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ស្វិតដៃជើង និង​ជំងឺ​កញ្រ្ជិល​នា​រយៈពេល ១២ខែ​ចុង​ក្រោយ​នេះ។ ក្នុង​ឆ្នាំ ២០២១ មាន​កូនក្មេង​ជិត ២៥លាននាក់​ខកខាន​មិន​បាន​ចាក់​ដូសទី១ បង្ការ​ជំងឺ​កញ្ជ្រិល ពោល​មាន​ជាង ៥លាននាក់​បន្ថែម​ទៀត​បើ​ធៀប​នឹង​ឆ្នាំ ២០១៩។

បន្ទាប់​ក្នុង​ឆ្នាំ ២០២១ ដដែល មាន​កូនក្មេង​ជិត ១៥លាននាក់​ខកខាន​មិន​បាន​ចាក់​ដូសទី២ បង្ការ​ជំងឺ​កញ្ជ្រិល។ តាម​ WHO និង Unicef ជម្លោះ​ប្រដាប់អាវុធ កំណើន​ព័ត៌មាន​ក្លែងក្លាយ បញ្ហា​ផ្គត់ផ្គង់ ឬ​មួយ​ក៏​ការ​ផ្តោត​លើ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ជា​មូលហេតុ​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ​លើ​កុមារ។ តាម​អគ្គនាយិកា Unicef លោកស្រី Catherine Russell គេ​ត្រូវ​រួសរាន់​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​មិន​ទាន់​បាន​ចាក់ ឬ​ចាក់​មិន​ទាន់​គ្រប់​ដូស។ បើ​ពុំ​នោះ​សោត​ទេ គេ​នឹង​ឃើញ​ជំងឺ​ឆ្លង​រាតត្បាត​កាន់​តែ​ច្រើន កូនក្មេង​ឈឺ​កាន់​តែ​ច្រើន ហើយ​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​មមាញឹក​ស្រាប់​នឹង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ