អានតួអត្ថបទ
សហរដ្ឋអាមេរិក-ព្រឹត្តិការណ៍​៦មករា២០២១

សាក្សីអះអាងថា​ ក្នុង​ព្រឹត្តិការណ៍​​៦មករា លោក​ត្រាំ​មានះ​​ចង់​ទៅ​កាពីតូល និង​​បាន​​បញ្ជា​ឲ្យ​គេ​ដក​​រនាំង​ត្រួត​​ពិនិត្យ​​អាវុធ

ការស៊ើបអង្កេតរបស់សភាអាមេរិក ទាក់ទិននឹងសំណុំរឿង​ព្រឹត្តិការ​ណ៍​​វាយ​លុកវិមានកាពីតូល ថ្ងៃទី​៦មករា២០២១ នៅមិនទាន់ចប់ទេ។ កាលពីថ្ងៃ២៨មិថុនា​ សាក្សីម្នាក់ដែលជាអតីតទីប្រឹក្សា​នាយកខុទ្ទកាល័យសេវិមាន​របស់​លោកដូណាល់ ត្រាំ បាន​រៀបរាប់ថា នៅថ្ងៃទី​៦មករា លោក​ប្រធានាធិបតី​​ដូណាល់ ត្រាំ បាន​បញ្ជាឲ្យ​គេដក​​រនាំង​ត្រួតពិនិត្យអាវុធ ចេញពី​កន្លែងជួប​ជុំនៅមុខសេតវិមាន​ ហើយ​ព្រមទាំងបានចចេស​មានះ ចង់បើករថយន្តទៅវិមានកាពីតូល ដោយ​ខ្លួនឯងថែមទៀតផង។

លោកស្រី Cassidy Hutchinson អតីតទីប្រឹក្សារបស់​ប្រធានខុទ្ទកាល័យសេតវិមានជំនាន់លោកដូណាល់ត្រាំ កំពុង​ឆ្លើយបំភ្លឺ នៅមុខគណកម្មការពិសេសសភា។ វ៉ាស៊ីនតោន ថ្ងៃទី ២៨ មិថុនា ២០២២
លោកស្រី Cassidy Hutchinson អតីតទីប្រឹក្សារបស់​ប្រធានខុទ្ទកាល័យសេតវិមានជំនាន់លោកដូណាល់ត្រាំ កំពុង​ឆ្លើយបំភ្លឺ នៅមុខគណកម្មការពិសេសសភា។ វ៉ាស៊ីនតោន ថ្ងៃទី ២៨ មិថុនា ២០២២ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

សក្ខីកម្មរបស់​លោកស្រី Cassidy Hutchinson អតីតទីប្រឹក្សាម្នាក់​នៅ​សេតវិមាន ក្នុងអាណត្តិលោកដូណាល់ ត្រាំ ដែលបានឆ្លើយ​នៅមុខ​គណៈកម្មការសភាអាមេរិក បាន​ធ្វើឲ្យ​​គ្រប់គ្នា បញ្ឈរ​ភ្នែក។ ការរៀបរាប់ ដែល​បង្ហាញអំពី​អាកប្បកិរិយាហិង្សា ពុះកញ្ជ្រោល គ្មានហេតុផល របស់​លោក​ដូណាល់ ត្រាំ នៅក្នុងថ្ងៃទី​៦មករា២០២១ ជាថ្ងៃដែល​លោក​ បាន​ហៅឲ្យ​ក្រុមអ្នកគាំទ្រលោក សំរុកចូល​ទៅវិមានកាពីតូល។

លោកស្រី Cassidy Hutchinson​ បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី​៦មករា វិះតែនឹងក្លាយជាសោកនាដកម្ម​​ដ៏ធ្ងន់ធ្ងរណាស់ ប្រសិនបើមានការផ្ទុះអាវុធ។​ សាក្សីរូបនេះ អះអាងថា នៅប៉ុន្មានម៉ោងមុន​លោកដូណាល់ ត្រាំ ឡើងថ្លែងប្រកាស​នៅទីលាន​​មុខសេតវិមាន​ ចំពោះមុខ​ហ្វូងមនុស្ស​ដែល​មកគាំទ្រលោក គឺលោកដូណាល់ ត្រាំ បានបញ្ជាទៅក្រុមមន្ត្រីសន្តិសុខ ថាត្រូវតែដកចោលនូវរនាំងត្រួតពិនិត្យអាវុធ ឈប់ត្រួតពិនិត្យ​អ្នកដែលមកចូលរួមតទៅទៀត។ លោកត្រាំបានស្រែកថា លោកមិនខ្​វល់ទេ ថាមនុស្សទាំងនោះមានអាវុធមានកាំភ្លើងជាប់ខ្លួន​ ព្រោះពួកគេនឹងមិនធ្វើអីលោកទេ។

ជាងនេះទៀតសាក្សីដដែលបន្ថែមថា លោកដូណាល់​ត្រាំ បាន​មានះ ស្រែកសំឡុតទៅកាន់​អ្នកបើកឡានរបស់គាត់ ថាត្រូវតែជូនគាត់ទៅ កាន់វិមានកាពីតូលភ្លាម ព្រមពេល​ដែល​ក្រុមហ្វូងមនុស្សកំពុងតែសំរុកចូលទៅទីនោះ។ អ្នកបើកបរ និង​ក្រុមអង្គរក្សបានបដិសេធ លោកត្រាំ បាន​ព្យាយាម​ទាញដៃចង្កូតឡាន ចង់​បើកទៅដោយ​ខ្លួនឯងថែមទៀតផង។​

លោកស្រី Cassidy Hutchinson​ បានរំលឹកថា ប៉ុន្មានថ្ងៃក្រោយ​ចេញលទ្ធផលឆ្នោត លោកដូណាល់ ត្រាំ មានអាកប្បកិរិយាកាន់តែហិង្សា ហើយព្យាយាមធ្វើគ្រប់យ៉ាង ដើម្បី​អះអាងថាគាត់គឺជាអ្នកឈ្នះឆ្នោត។ នៅថ្ងៃទី​១ធ្នូ២០២០ បន្ទាប់ពីបាន​ឮលោក Bill Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ក្នុងពេលនោះ បានឆ្លើយ​នៅ​ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ថាគ្មានភស្តុតាងបញ្ជាក់ថាមានការក្លែងបន្លំសន្លឹកឆ្នោត ស្រាប់តែលោកដូណាល់ ត្រាំ ខឹងត្រឡោត បោកចានបែក ហើយជះទឹកប៉េងប៉ោះ​ទៅលើ​ជញ្ជាំង​សេតវិមាន។​​

បន្ទាប់ពីបាន​ដឹងនូវសំដីសក្ខីកម្មទាំងនេះ លោកដូណាល់ ត្រាំ បានឆ្លើយ​បដិសេធ នៅលើទំព័របណ្តាញសង្គម Truth Social របស់លោក ថាលោកស្រី Cassidy Hutchinson និយាយកុហក។ បណ្តាញព័ត៌មានអាមេរិក បាន​លើកឡើងថា គណៈកម្មការសភា អាចនឹងកោះហៅមន្ត្រីសន្តិសុខពិសេស ព្រមទាំងលោក Mark Meadows មកឆ្លើយ​បំភ្លឺ ទាក់ទិននឹងសំដីលើកឡើងរបស់​លោកស្រី Cassidy Hutchinson។ គិតមកត្រឹមពេលនេះ គណៈកម្មការពិសេស​សភាអាមេរិក បានហៅសាក្សីមកឆ្លើយ​ចំនួន ប្រមាណ​១០០០នាក់ហើយ ទាក់ទិននឹងព្រឹត្តិការ​វាយលុកចូលវិមានកាពីតូលថ្ងៃ៦មករា២០២១។ ព្រឹត្តិការណ៍ដែល​មតិខ្លះនៅអាមេរិក ចាត់ទុកថាជា​ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពីសំណាក់​លោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ