អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ចិន

លោក​បៃដិន​នឹងជជែកតាមទូរស័ព្ទ​​ជាមួយ​លោក​ស៊ី ជីនពីង អំពី​អ៊ុយក្រែន

​ក្រោយ​ពីបាន​​ចាត់​ទុក​លោក​ពូទីន​ជា​ឧក្រិដ្ឋជន​សង្គ្រាម លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នឹង​ជួប​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ថ្ងៃ សុក្រ​ទី ១៨ មីនា ដើម្បីពិភាក្សា​អំពី​សង្គ្រាម​នៅ​​អ៊ុយក្រែន​។ នេះ​បើ​តាម​សេចក្តី ជូន​ដំណឹង​របស់​សេតវិមាន នៅថ្ងៃព្រហស្បតិ៍​ទី​១៧មីនា២០២២។

លោក​បៃដិន​នឹងជជែក​ជាមួយ​លោក​ស៊ី ជីនពីង អំពី​អ៊ុយក្រែន
លោក​បៃដិន​នឹងជជែក​ជាមួយ​លោក​ស៊ី ជីនពីង អំពី​អ៊ុយក្រែន AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ អ្នក​នាំពាក្យ​សេតវិមាន​បាន​អះអាង​ ជំនួប​តាមទូរស័ព្ទ​​រវាង​ប្រមុខ​រដ្ឋ​​ទាំងពីរ ជា​កា​ររក្សាចំណង​​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នា​ឱកាស​នោះ​ ប្រធានាធិបតី​ទាំងពីរ នឹង​ជជែក​អំពី​ការ​ប្រកួត​ប្រជែងគ្នា​ផង​ ព្រមទាំង​ផលប្រយោជន៍​រួម​រវាង​អាមេរិក​និង​ចិនផង​ និង​ជាពិសេស ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​​តែ​ម្តង។

តាំង​ពី​រុស្ស៊ី​ផ្តើម​​ប្រតិបត្តិការ​យោធា​​ក្នុង​ប្រទេស​អ៊ុយក្រែន​ នៅ​ថ្ងៃទី ២៤​កុម្ភៈមក របប​កុម្មុយនិស្ត​ចិន​ ជ្រើសរើស​ផ្តល់​អាទិភាព​ដល់​​ទំនាក់ទំនង​ជាមួយ​មូស្គូ និង​បង្ហាញ​​គំនិត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ដោយ​មិន​ជំរុញ​​​ឱ្យ​លោក​ពូទីនដក​កង​ទ័ព​ចេញ​ពី​អ៊ុយក្រែនទេ។ ចិន​ធ្លាប់​ទាំង​បាន​បន្ទោស​អាមេរិក​ថា​ឃោសនា​បំប៉ោង​ព័ត៌មាន​ក្លែងក្លាយ​ផង។ ប៉ុន្តែ​មិត្តភាព​គ្មាន​ព្រំដែន​របស់​ចិន​ចំពោះរុស្ស៊ី កំពុង​ត្រូវ​ប្រកួត​ប្រជែង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។ រដ្ឋាភិបាល​កុម្មុយនិស្ត​របស់​លោក​ស៊ីជីនពីង ហាក់​ដូច​ភ្ញាក់ផ្អើល​នឹង​ភាព​ក្រាញ​តស៊ូ​របស់​ពលរដ្ឋ​អ៊ុយក្រែន ប្រឈម​នឹង​កម្លាំង​យោធា​រុស្ស៊ី និង​ទំហំ​នៃ​ទណ្ឌកម្ម​របស់​ក្រុម​លោក​ខាង​លិច​ដាក់​លើ​រុស្ស៊ី។

ជំនួប​ចូបៃដិន-ស៊ីជីនពីង ប្រព្រឹត្ត​ទៅជួន​ចំពេល​ដែល​ស្ថានភាព​​ឡើង​តាន​តឹង​ខ្លាំង មាន​ព័ត៌មាន​រសាត់​តាម​សារព័ត៌មាន​អាមេរិក ថា​រុស្ស៊ី​ទំនង​ជា​បាន​ស្នើ​សុំ​​ប៉េកាំង នូវ​ជំនួយសេដ្ឋកិច្ច យោធា ដើម្បី​បន្ត​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយក្រែន។ ក្រសួង​ការបរទេស​អាមេរិក​ កំពុង​តាមដាន​យ៉ាង​ល្អិត​ល្អន់​បំផុត ថា​តើ​ចិន​ឬ​ប្រទេស​ផ្សេង​ទៀត​ នឹង​ផ្គត់ផ្គង់​ជំនួយ ជា​សម្ភារៈ​បរិក្ខា ជំនួយ​សេដ្ឋកិច្ច​ឬ​ហិរញ្ញវត្ថុ ​​ដល់​រុស្ស៊ី​តាម​វិធី​ណា។ សម្រាប់​អាមេរិក ប៉េកាំង​ជា​គន្លឹះ​ដ៏​សំខាន់​​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​អ៊ុយក្រែន​បាន។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក នេដ ប្រាយស៍ Ned Price។​ សហរដ្ឋ​អាមេរិក ធ្លាប់​បាន​សម្តែង​ការ​ខ្វល់​ខ្វាយ​ ​នឹង​​ជំហរ​របស់​ចិន​ដែល​គាំទ្រ​រុស្ស៊ី​ ក្នុង​សង្គ្រាម​អ៊ុយក្រែនដែរ កាលពី​​ជំនួប​រយៈពេល​​​៧ម៉ោង ​នៅទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី រវាង​លោក ជេក ស៊ូលីវ៉ាន់ Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​លោក យ៉ាង ចៀជី Yang Jiechi កាលពី​ថ្ងៃទី ១៤​មីនា​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ