អានតួអត្ថបទ
សមុទ្ទចិន​ខាង​ត្បូង

អាមេរិក​លម្អិត​ការចោទ​ប្រកាន់​ថាការ​​​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ខុសច្បាប់

អាមេរិក​បាន​​​ច្រាន​ចោទ​ទាំង​ស្រុង​ហេតុផល​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ នៃ​ការ​ទាមទាររបស់​ចិន​ ចង់​​យក​សមុទ្ទ​ចិន​ខាងត្បូងតែម្នាក់ឯង។ សម្រាប់​អាមេរិក ​ការ​ទាមទាររបស់​ចិន​ ជា​ការ​ខុស​ច្បាប់។ ​ នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​ ​នៅ​ថ្ងៃពុធ​ទី ១២មករា ២០២២សហរដ្ឋអាមេរិក ​ បានផ្តល់​ការ​​​វិភាគ​លម្អិត ​អំពី​ចំណុច​ដែល​វ៉ាស៊ីនតោន​យល់​ថា​ខុស​ច្បាប់​ផង។

ផែនទី​សមុទ្ធ​ចិនខាង​ត្បូង ជាប់់​ជម្លោះ
ផែនទី​សមុទ្ធ​ចិនខាង​ត្បូង ជាប់់​ជម្លោះ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឯកសារ​សិក្សា​លេខ​ថ្មី ក្រោម​ចំណងជើង​ថា "Limits in the Seas" ក្រសួង​ការបរទេស​អាមេរិក​បាន​ធ្វើ​បច្ចុប្បន្នភាព បទ​​វិភាគឆ្នាំ​២០១៤​ស្តី​អំពី​ការ​ទាមទារ​យក​សមុទ្ទ​ចិន​ខាងត្បូងរបស់​ចិន។ ​ កាលណោះ សហរដ្ឋ​អាមេរិកធ្លាប់​​បាន​បង្ហាញភាពសង្ស័យ​រួច​ទៅ​ហើយ ថា​ គំនូសព័ទ្ធ​យក​​សមុទ្ទចិន​ខាង​ត្បូង​ជា​ដែនដី​របស់​ខ្លួន​ ចំនួន​​ ៩​ ចំណុច​នៅ​លើ​ផែនទី(​​​ចិន) ​​មិន​ស្រប​ច្បាប់ទេ។ តុលាការ​ក្រុង​ឡាអេ ក៏​បាន​ចេញ​សាលក្រម​កាលពី​ឆ្នាំ ២០១៦ ឆ្លើយ​តប​នឹង​បណ្តឹង​របស់​ហ្វីលីពីន កាត់​ក្តី​ឱ្យ​ហ្វីលីពីន​ឈ្នះ ដោយ​ពន្យល់​ថា​ចិន​គ្មាន​សិទ្ធិ​​ប្រវត្តិសាស្ត្រ​ណាមួយ​លើ​តំបន់សមុទ្ទ​ចិន​ខាង​ត្បូង​ ដែល​ប៉េកាំង​​បាន​គូស​ព័ទ្ធ​​ចុចៗ​៩​ចំណុចនោះឡើយ។

ដោយ​ផ្អែក​លើ​សេចក្តី​សម្រេចរបស់​តុលាការឡាអេ​ ​ក្រសួង​ការបរទេស​អាមេរិកបាន​​អះអាង​នៅពេល​នេះ​ថា ការ​ទាមទារ​អធិបតេយ្យ​ជាតិ​ និង​ការ​គ្រប់គ្រង​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំង​ស្រុង​​របស់​ចិន ​ជា​ការ​ខុសច្បាប់។ ការ​ទាមទារនេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ច្បាប់​មហាសមុទ្ទ​និងដល់​វិធានសកលជា​ច្រើន​ផ្សេង​ទៀត នៃ​​ច្បាប់​អន្តរជាតិ​ ដែល​មានចែង​ក្នុង​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តីពី​ច្បាប់​សមុទ្ទ​ ​ឆ្នាំ១៩៨២។

ក្រសួងការបរទេស​អាមេរិក​បាន​ផ្តល់​ការ​វិភាគ​លម្អិត​ថា យកប្រវត្តិសាស្ត្រ​មក​ជា​សំអាង​​ដើម្បី​បាន​គ្រប់គ្រង​តំបន់​ណាមួយ​ក្នុង​សមុទ្ទ​ ជា​ទង្វើ​ខុសច្បាប់។ ការ​ចាប់​យក​កោះ​ណាមួយ​ ដែល​លិច​បាត់​ពេល​ទឹក​ជោរ មកធ្វើ​ជា​របស់ផ្ទាល់​ខ្លួន ដោយ​គ្មានមូលដ្ឋាន​​ភូមិសាស្ត្របញ្ជាក់​ ក៏​ជា​ការ​ខុសច្បាប់​ដែរ។ ដូច្នេះ​ចិន​ គួរ​តែ​ទាមទារ​អ្វី​ឱ្យ​ស្រប​តាមច្បាប់​អន្តរជាតិ ហើយ​គោរព​សេចក្តីសម្រេច​របស់​តុលាការ និងបញ្ឈប់​រាល់គ្រប់​សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​សមុទ្ទ​ខាងត្បូង។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក។

ក្រៅ​អំពី​សំណុំ​រឿង​តៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស​ និង​ពាណិជ្ជកម្ម សមុទ្ទ​ចិន​ខាងត្បូង ក៏​ជា​ប្រធានបទ​ចំបង​មួយ​ដែល​នាំ​ឱ្យ​ទំនាក់ទំនង​វ៉ាស៊ីនតោន​និង​ប៉េកាំងល្អក់កករដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ