អានតួអត្ថបទ
សហរដ្ឋអាមេរិក

សោកនាដកម្ម​បុករះ​សម្លាប់មនុស្ស​ក្នុងក្បួនដង្ហែរ​ណូអែល​នៅ​សហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ប៉ូលិស​កំពុងស៊ើបអង្កេត ស្វែងរកមូលហេតុ នៅក្រោយ ហេតុការណ៍​បើកឡាន​បុកសម្លាប់​មនុស្ស នៅ​រដ្ឋWisconsin ភាគខាងជើង​អាមេរិក។ នៅ​រសៀល​ថ្ងៃអាទិត្យទី ២១​វិច្ឆិកា រថយន្ត ពណ៌ក្រហម ប្រភេទ SUV បាន​បើក​សំដៅ​ក្បួនដង្ហែរណូអែល ដោយ​បាន​បុកសម្លាប់មនុស្ស យ៉ាងតិច ៥នាក់ និងធ្វើ​ឲ្យ​របួស​៤០នាក់ផ្សេងទៀត ដែលនៅក្នុង​នោះ​ភាគច្រើនជា​កុមារ។ នេះបើ​តាម​តួលេខ​ចុងក្រោយ​របស់​ប៉ូលិសក្រុង Waukesha។

ប៉ូលិស​នៅ​កន្លែងកើតហេតុ នៅក្រោយ​រថយន្ត​បើកបុកសម្លាប់មនុស្ស​នៅ ទីក្រុង​Waukesha កាលពីថ្ងៃអាទិត្យ​ទី ២១​ វិច្ឆិកា ២០២១
ប៉ូលិស​នៅ​កន្លែងកើតហេតុ នៅក្រោយ​រថយន្ត​បើកបុកសម្លាប់មនុស្ស​នៅ ទីក្រុង​Waukesha កាលពីថ្ងៃអាទិត្យ​ទី ២១​ វិច្ឆិកា ២០២១ © Scott Ash-USA TODAY NETWORK via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​រដ្ឋWisconcin ភាគខាងជើង​អាមេរិក រថយន្ត​មួយគ្រឿង បាន​បើកបុកទម្លាយ​រនាំង ចូលទៅក្នុង​ផ្លូវ ដែល​កំពុង​មាន​ដង្ហែរក្បួន​ណូអែល កាលពី​រសៀល​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុងWaukesha។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយ​ប្រាប់​កាសែត​ក្នុងស្រុក ពី​សំឡេង​ស្រែក របស់​មនុស្ស នៅពេល​រថយន្តពណ៌ក្រហម​បើកក្នុង​ល្បឿន​ដ៏លឿន បុក​អ្នកដើរ​ក្នុង​ក្បួនដង្ហែរ​ណូអែល ដែល​មួយ​ចំនួន​ជា​សិស្សសាលា។ ភ្លាមៗ នៅក្រោយ​អន្តរាគម​របស់​ឡាន​ប៉ូលិស ឡាន​ពេទ្យ​បាន​ចូល​ទៅ​ដឹក​អ្នករបួស​សំដៅ​មន្ទីរពេទ្យ។

នៅក្នុង​សន្និសីទ​កាសែត នៅព្រឹកថ្ងៃ​ចន្ទ ប្រធានប៉ូលិស​ក្រុង​Waukesha លោក​Dan Thompson បាន​និយាយ​ថា មនុស្ស​យ៉ាងហោច ៥នាក់​ស្លាប់ និង​ជាង​៤០នាក់​រងរបួស នៅក្នុង​ហេតុការណ៍ បើករថយន្ត​បុក​មនុស្ស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ នាយកដ្ឋាន​ប៉ូលិស​ក្រុង​បាន​បន្ថែម​ថា តួលេខ​ជនរងគ្រោះ​នឹង​អាច​កើនឡើង ព្រោះ​ប៉ូលិស​កំពុងបន្ត​ស្វែងរក​ព័ត៌មាន​នៅ​តាម​មន្ទីរពេទ្យ។

តាម​សេចក្តីថ្លែងការណ៍​របស់​នាយកដ្ឋានប៉ូលិស​ក្រុង Waukesha ប៉ូលិស​បាន​បាញ់កាំភ្លើង​ជាច្រើនគ្រាប់​ដើម្បីបញ្ឈប់​រថយន្ត​របស់​ជនល្មើស ប៉ុន្តែ មិនបាន​បណ្តាល​ឲ្យមានអ្នករបួស​ម្នាក់ទេ។

រថយន្ត និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ឃាត់​ខ្លួនភ្លាមៗ នៅកន្លែង​កើតហេតុ។ ប៉ូលិស​មិនបាន​បង្ហាញ​អត្តសញ្ញាណ​របស់​ជនសង្ស័យ ហើយ​ក៏មិន​បាន​បញ្ជាក់​ថា ​ហេតុការណ៍​ នៅថ្ងៃ​ម្សិលមិញ ជា​ទង្វើ​ភេរវកម្ម​ដែរ។ ប៉ុន្តែ មន្រ្តីស៊ើបអង្កេតម្នាក់​បាន​និយាយ​ប្រាប់ទូរទស្សន៍​អង់គ្លេស BBCថា ជនសង្ស័យ​ទំនង​បើករថយន្ត រត់គេចចេញ​ពី​ហេតុការណ៍ណាមួយ មុន​នឹង​ជ្រុល​មកបើក​លើ​ផ្លូវ​ដែល​កំពុង​មានមនុស្សចូលរួម​ច្រើន ក្នុង​ក្បួនដង្ហែរ​ណូអែល​កាលពីថ្ងៃអាទិត្យ។

តាម​ប៉ូលិស សាលារៀន​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃចន្ទ​នេះ ចំណែក​ផ្លូវ​មួយចំនួន​ក្នុង​តំបន់​កើតហេតុ ត្រូវ​បន្ត​បិទខ្ទប់ ក្នុងអំឡុងពេល​ស៊ើបអង្កេត។

សេតវិមាន​បាន​អះអាង​ថា លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន​បាន​ទទួល​ព័ត៌មានដ៏លម្អិតស្តីពីហេតុការណ៍​បើកឡាន​បុកសម្លាប់មនុស្ស​នៅ​រដ្ឋ​Wisconsin និងកំពុង​បន់ព្រះ​ដើម្បី​ឲ្យជួយថែរក្សា​ជនរងគ្រោះ​ដោយសារ​ដោយ​សោកនាដកម្ម​កាលពីថ្ងៃអាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ