អានតួអត្ថបទ
សហរដ្ឋអាមេរិក

តុលាការអាមេរិក អនុញ្ញាតបើកចំហរ​ឯកសារ​សេតវិមាន ដែលពាក់ព័ន្ធនឹង​ហេតុការណ៍​​នៅវិមាន​កាពីតូល​​​ថ្ងៃទី​៦មករា

ចៅក្រមតុលាការអាមេរិកមួយ បានសម្រេចនៅថ្ងៃ៩វិច្ឆិកា អនុញ្ញាតឲ្យ​ផ្ទេរ​ឯកសារមួយចំនួន របស់​សេតវិមាន ក្នុងជំនាន់លោកដូណាល់ ត្រាំ ទៅឲ្យ​គណកម្មការ​ស៊ើបអង្កេតសភា ដែលកំពុងតែស៊ើបអង្កេត អំពីករណី​វាយ​ប្រហារនៅវិមានកាពីតូល កាលពីថ្ងៃទី​៦មករា។ ហេតុការណ៍​ថ្ងៃទី​៦មករា ដែល​ក្រុម​ជ្រុលនិយមគាំទ្រលោកដូណាល់ ត្រាំ បានសម្រុកចូលទៅក្នុងវិមានកាពីតូល ដែល​ជាស្ថាប័ន​កំពូលនៃលទ្ធិប្រជាធិបតេយ្យអាមេរិក បន្ទាប់ពី​លោក​ដូណាល់ ត្រាំ បាន​ស្រែកប្រកូកប្រកាស ថាគេ​បានប្លន់ជ័យជំនះរបស់​លោក។ លោក ដូណាល់ ត្រាំ បានព្យាយាមបិទខ្ទប់ រារាំង មិនឲ្យឯកសារទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យ​គណកម្មការ​សភា ពិនិត្យ​ទេ។

ក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ ដែល​បានសំរុកចូលយ៉ាងហិង្សា ទៅក្នុងវិមានកាពីតូល នៅថ្ងៃទី៦ មករា ២០២១ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ បានប្រកាស​ថា​ជ័យជំនះរបស់​លោក​ត្រូវបាន​គេប្លន់។
ក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ ដែល​បានសំរុកចូលយ៉ាងហិង្សា ទៅក្នុងវិមានកាពីតូល នៅថ្ងៃទី៦ មករា ២០២១ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ បានប្រកាស​ថា​ជ័យជំនះរបស់​លោក​ត្រូវបាន​គេប្លន់។ AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយ​របស់បណ្តាញ​ព័ត៌មានអាមេរិក លោកស្រី Tanya Chutkan ចៅក្រម តុលាការរដ្ឋសហព័ន្ធ បាន​សម្រេចថា ដោយផ្អែក​​លើ​ផល​ប្រយោជន៍សាធារណៈ គឺតុលាការសូមឆ្លើយ​យល់ព្រម ចំពោះសំណើរបស់​គណកម្មការសភា ដែលបានស្នើសុំពិនិត្យ​ឯកសារមួយចំនួន របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែលពាក់ព័ន្ធនឹងហេតុការណ៍ថ្ងៃទី​៦មករា។

គួររំលឹកថា ឯកសារទាំងអស់នេះ ត្រូវក្រុមភាគីលោកដូណាល់ ត្រាំ ព្យាយាមរារាំង មិន​ឲ្យ​គណកម្មការសភា អាចពិនិត្យ​បានទេ ដោយ​អះអាងថាវាឯកសារសំងាត់ ផ្ទៃក្នុងរបស់​រដ្ឋាភិបាល។ មេធាវី របស់​លោកដូណាល់ ត្រាំ បាន​បញ្ជាក់ថា គេនឹងដាក់ពាក្យ​ប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេច របស់​លោកស្រីចៅក្រម Tanya Chutkan។

សូមបញ្ជាក់ថា ឯកសារដែលមានកម្រាស់សរុប ជិត៨០០ទំព័រ គឺមានដូចជា ឯកសាររបស់លោក Mark Meadows អតីតប្រធានខុទ្ទការល័យ​លោកដូណាល់ ត្រាំ ឯកសាររបស់​លោក Stephen Miller អតី​តទីប្រឹក្សាផ្ទាល់ និង លោក Patrick Philbin អតីតទីប្រឹក្សារងរបស់​លោកដូណាល់ ត្រាំ។ ក្រៅពីឯកសារទាំងនេះ លោកដូណាល់ ត្រាំ ក៏បានព្យាយាមរារាំង ការបោះពុម្ពផ្សាយ​ ព្រឹត្តិបត្រ​ប្រចាំថ្ងៃរបស់សេតវិមាន  រួមទាំង​​របាយការណ៍សង្ខេបនៃការងារ របាយការណ៍ធ្វើដំណើរ និង​ ការហៅទូរស័ព្ទចេញចូល​របស់​លោក។ បន្ថែមពីនេះទៀត លោកដូណាល់ ត្រាំ បានរារាំង មិន​ឲ្យ​គេអាចពិនិត្យ​ លិខិតសរសេដៃមួយ ដែលលោកបាន​ឲ្យទៅ អ្នកទទួលបន្ទុកទំនាក់ទំនងជាមួយ​បណ្តាញព័ត៌មានរបស់សេតវមាន និង​គម្រោងអត្ថបទសន្ទរកថារបស់​លោក ដែលថ្លែងនៅថ្ងៃទី​៦មករា។

សូមរំលឹកថា ថ្ងៃទី៦មករា ខណៈដែលសមាជិកសភាអាមេរិក កំពុងជួបប្រជុំគ្នានៅវិមានកាពីតូល ក្រោយ​ជ័យជំនះរបស់​លោក ចូ បៃដិន លោកដូណាល់ ត្រាំ បានរៀបចំកម្មវិធី​ជួបជុំ​មួយ ជាមួយ​ក្រុមអ្នកគាំទ្ររបស់​លោកជាច្រើនពាន់នាក់​ នៅមិនឆ្ងាយ​ប៉ុន្មានពីនោះ។ នៅ​ក្នុង​កម្មវិធីជួបជុំដែលមានឈ្មោះថា "Save America » នេះ លោកដូណាល់ ត្រាំ បានប្រកាសថា លោកគឺជាអ្នកឈ្នះឆ្នោត។ ក្រោយចប់សន្ទរកថានេះ ក្រុមជ្រុលនិយមដែលគាំទ្រលោកដូណាល់ ត្រាំ បាននាំគ្នាសំរុកចូលទៅក្នុងវិមានកាពីតូល ដែល​បានបង្កឲ្យ​មានចលាចល អាណាធិបតេយ្យមិនធ្លាប់មានទេ នៅក្នុងទីតាំងស្ថាប័នកំពូលនេះ។ សភាខុនហ្ក្រេស បាន​បង្កើតគណកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតថា តើលោកដូណាល់ ត្រាំ ពិតជាបាន​ញុះញង់ ជំរុញឲ្យ​​ក្រុមអ្នកគាំទ្រខ្លួន សម្រុកចូលទៅក្នុងវិមានកាពីតូល ដែរឬទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ