អានតួអត្ថបទ
អាមេរិក-អវកាស

តូម៉ា ប៉េស្កេ​និង​​អវកាសយានិក​៣​រូប​ផ្សេង​ទៀត​វិល​ត្រឡប់​មក​ដល់​ដី​វិញ​ដោយ​សុវត្ថិភាព

អវកាសយានិក​ ៤​រូប​ ក្នុង​នោះ​រួមមាន​អវកាសយានិក​បារាំង តូម៉ា ប៉េស្កេ​ ផងដែរ​បាន​វិល​ត្រឡប់​មក​ដល់​ដីវិញ​ហើយ​ បន្ទាប់ពី​បំពេញ​បេសកកម្ម ៦ខែ នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​។ ការ​ចុះចត​ដោយ​សុវត្ថិភាព​នៃយាន Crew Dragon របស់​ក្រុមហ៊ុន​ SpaceX នេះ បង្ហាញ​ថា​បេសកកម្ម​ដ៏មមាញឹក​របស់​អវកាសយានិក​ទាំង​៤រូប​បិទ​បញ្ចប់​ហើយ​។

តូម៉ា ប៉េស្កេ និង​អវកាសយានិក ៣រូបផ្សេងទៀត​វិលត្រឡប់​មក​ដល់​ដីវិញ ដោយសុវត្ថិភាព ក្រោយ​​បំពេញ​បេសកកម្មរយៈពេល៦ខែ នៅ​ស្ថានីយអវកាសអន្តរជាតិ។
តូម៉ា ប៉េស្កេ និង​អវកាសយានិក ៣រូបផ្សេងទៀត​វិលត្រឡប់​មក​ដល់​ដីវិញ ដោយសុវត្ថិភាព ក្រោយ​​បំពេញ​បេសកកម្មរយៈពេល៦ខែ នៅ​ស្ថានីយអវកាសអន្តរជាតិ។ AP - Aubrey Gemignani
ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីភ្នាក់ងារ ​NASA យាន Crew Dragon បាន​ធ្លាក់​ចុះ​ដោយ​សុវត្ថិភាពក្នុង​ឈូង​សមុទ្រម៉ិចស៊ិកក្បែរ​ឆ្នេរ​រដ្ឋ​ផ្លរីដានៅវេលា​ម៉ោង ១០ និង ៣៣ យប់​ ត្រូវ​នឹង​ម៉ោង ៣ និង ៣៣ នាទី​ម៉ោងសកល​ចំថ្ងៃអង្គារ ទី ៩ វិច្ឆិកានេះ។​

លោក តូម៉ា ប៉េស្កេ (Thomas Pesquet) អវកាសយានិក​បារាំង និងអវកាសយានិកអាមេរិកពីររូប​របស់​NASA (Shane Kimbrough និង Katherine Megan McArthur) ព្រមទាំង​អវកាសយានិក​ជប៉ុនមួយរូបទៀត (Akihiko Hoshide) ត្រូវបា​នគេយកចេញពីយានដោយប្រុងប្រយ័ត្ន​ជាទីបំផុត បន្ទាប់​បំពេញ​បេសកកម្ម​រយៈពេល ៦ខែ នៅ​ស្ថានីយ​អវកាស​អន្តរជាតិ។

គួរបញ្ជាក់ថា​ សម្រាប់បេសកកម្ម Crew-២ ដ៏មមាញឹករយៈពេលកន្លះឆ្នាំនេះ​ អវកាសយានិកអន្តរជាតិ​ទាំង៤ រូប​បានធ្វើការពិសោធន៍រាប់ពាន់នៅក្នុងគន្លង​ និង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើងនូវ​បន្ទះស្រូបពន្លឺព្រះអាទិត្យនៅ​លើស្ថានីយអវកាសអន្តរជាតិ​។

សកម្មភាពសំខាន់ៗ​របស់ពួកគេរួមមានដូចជា​ ការចងក្រង​ឯកសារលើផ្ទៃផែនដី​ដើម្បីកត់ត្រាការផ្លាស់ប្តូរ​នានា​ដែល​បង្កឡើងដោយមនុស្ស​ និង​កត់ត្រា​ព្រឹត្តិការណ៍ធម្មជាតិផ្សេងៗ​មានតាំងពីការដាំម្ទេស​ (Hatch chile peppers) និងការសិក្សាអំពីដង្កូវ​ដើម្បី​យល់កាន់តែច្បាស់ពី​ការផ្លាស់ប្តូរសុខភាពមនុស្សពេលនៅក្នុងលំហ​។

នៅមុនការធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ លោកតូម៉ា ប៉េស្កេ អវកាស​យានិក​បារាំង​ដែលជា​មេបញ្ជាការ​នៃ​ស្ថានីយអវកាស​អន្តរជាតិ (ISS) នៅ​ក្នុង​អំឡុង​បេសកកម្ម Crew-២ បានបង្ហោះសារធ្វីតថា​លោកមោទនភាពដែលបាន​តំណាងឲ្យ​ប្រទេស​បារាំងនៅក្នុងបេសកកម្មលំហអាកាស។

គួររំឭកថា​ តាមរយៈបេសកម្ម​ Crew-២ អវកាសយានិក​៤​រូបបានដំណើរ​តាម​យាន Crew Dragon របស់​ក្រុមហ៊ុន SpaceX ទៅកាន់ស្ថានីយអវកាសអន្តរជាតិកាល​ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១​។

Crew-២ គឺ​បេសកកម្មទី៣​ហើយ​របស់​ក្រុមហ៊ុន SpaceX ដែល​បាន​ដឹក​អវកាសយានិក​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ បន្ទាប់​ពី​បេសកកម្ម​សាកល្បង Demo-២ និង​ បេសកកម្ម​ផ្លូវការ Crew-១​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ