អានតួអត្ថបទ
កាណាដា-បោះឆ្នោត

បោះឆ្នោត​សភា​កាណាដា​ ៖ បក្ស​ប្រឆាំង​ និង​ បក្សកាន់​អំណាច​ ប្រដេញ​សំឡេង​គ្នាយ៉ាងកៀកកិត

តើនាយករដ្ឋមន្ត្រី​ផុតអាណត្តិ​ លោក ហ្សូសស្តាំង ទ្រុយដូ Justin Trudeau នឹងក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ជា​លើក​ទីបី ឬ​ក៏​មានការ​ប្តូរ​ផ្លាស់ ? លទ្ធផល​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​កាណាដា​ជាង​២៧លាននាក់ នៅ​ថ្ងៃ​ចន្ទ​ទី ២០កញ្ញានេះ តាមរយៈ​ការ​​រៀប​ចំ​ការបោះឆ្នោត​សភា​មុន​កាលកំណត់ ដែល​ប្រកប​ដោយ​ភាព​ស្រពិចស្រពិល​បំផុត។

កាណាដាបោះឆ្នោត​សភា​មុន​អាណត្តិ​នៅ​ថ្ងៃចន្ទទី ២០ កញ្ញា ២០២១
កាណាដាបោះឆ្នោត​សភា​មុន​អាណត្តិ​នៅ​ថ្ងៃចន្ទទី ២០ កញ្ញា ២០២១ Sean Kilpatrick POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ស្តារ​ប្រជាប្រិយភាព​និង​ប្រមូល​សំឡេង​ភាគ​ច្រើនក្នុង​សភា​​ឡើង​វិញ ​លោក​នាយករដ្ឋមន្ត្រី​ ហ្សូសស្តាំង​ ទ្រុយដូ បានសម្រេច​កាលពី​ពាក់កណ្តាល​ខែសីហា រៀប​ចំ​ការ​​បោះឆ្នោត​សភា​មុន​កាលកំណត់​នៅ​ថ្ងៃចន្ទ​២០កញ្ញានេះ។ នៅ​ក្នុង​សុន្ទរកថា​ ឃោសនាបោះឆ្នោត​ រយៈ​ពេល​ ៣៦​ថ្ងៃ លោកនាយករដ្ឋមន្ត្រី​ផុត​អាណត្តិទ្រុយដូ ​បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​កាណាដា​បន្ត​ផ្តល់​ទំនុក​ចិត្ត​លើក​លោក ក្នុង​ការ​ដឹកនាំ​ប្រទេស​ និងចាត់​ចែង​ដោះស្រាយ​វិបត្តិកូវីដ១៩។ បណ្តោយ​ឱ្យ​គណបក្ស​អភិរក្សនិយមត្រលប់​មក​គ្រប់គ្រង​ប្រទេស​វិញ ហាក់​ដូច​ជា​នាំកាណាដា​ឱ្យដើរ​ថយ​ក្រោយ​ ជាពិសេស​នៅក្នុង​វិស័យ​អាកាសធាតុ។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ទ្រុយដូ​ក្នុង​ថ្ងៃ​ឃោសនា​ចុងក្រោយ។

ប៉ុន្តែខុស​ឆ្ងាយ​ពី​ព្រឹត្តិការណ៍បោះឆ្នោត​ឆ្នាំ​២០១៥​ឆ្ងាយ​ណាស់។ ​បើ​តាម​ការ​ស្ទង់​មតិ លោក ទ្រុយដូ ​កំពុង​តែ​​ចាញ់ល្បែង​ភ្នាល់​ខ្លួន​ឯងហើយ​ ដោយ​មាន​ប្រជាពលរដ្ឋប្រមាណ​៣១%​​ចង់​បោះឆ្នោត​ឱ្យ ពោល​គឺប្រហាក់ប្រហែល​​នឹងគូប្រជែង​ដ៏​ចំបង​របស់​លោក គឺ​​បេក្ខជន​បក្ស​អភិរក្សនិយម លោក អេរីន អូទូល Erin O'Toole ​ ដែលមុន​នេះ​បន្តិច​ ពុំ​មាន​នរណា​ស្គាល់​សោះ។ ម្សិលមិញ ​នៅក្រុង​ តូរ៉ន់តូ លោក អេរីន អូទូល បាន​សន្យា​ប្តូរផ្លាស់​មុខមាត់​ថ្មី​ឱ្យ​កាណាដា​ និងធ្វើ​ការ​ឃោសនាដោយ​ផ្តោត​នយោបាយ​បែប​កណ្តាលនិយម។

សម្រាប់​អ្នក​វិភាគ គណបក្សសេរីនិយម​របស់​លោក ហ្សូសស្តាំង​ ទ្រុយដូ ក៏​ដូច​ជា​គណបក្ស​អភិរក្ស​កណ្តាលនិយម​របស់​លោក អេរីន អូទូល ទំនង​ជា​ពិបាក​ដណ្តើម​បាន​ជោគជ័យ​ មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​សភា​ណាស់។

តាំងពីឆ្នាំ​១៨៦៧មក គណបក្សសេរីនិយម និង​អភិរក្ស​និយម តែង​តែ​ឆ្លាស់​គ្នា​ដឹកនាំ​ប្រទេស​ជា​រហូត​មក ប៉ុន្តែគ្មាន​គណបក្ស​ណាមួយ​អាច​មាន​សំឡេង​ភាគ​ច្រើនដាច់​ខាត​ក្នុង​សភា​ទេ។ គណបក្ស​ឈ្នះ​ឆ្នោត​តែង​បង្កើត​រដ្ឋាភិបាលចម្រុះ​​ជាមួយ​គណបក្ស​តូចៗ​ផ្សេងៗ​ទៀត ដូច​ជាគណបក្ស​ប្រជាធិបតេយ្យ​ថ្មី (អ្នក​ឆ្វេងនិយម) ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​២០% ឬ​គណបក្ស​ឯករាជ្យ​កេប៊ិច ឬ​គណបក្ស​បរិស្ថាន​ ជា​ដើម​។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ