អានតួអត្ថបទ
អាមេរិក-បារាំង

អាមេរិកព្យាយាមបន្ថយកំហឹងរបស់បារាំងក្នុងរឿងអូស្រា្តលីសម្រេចលុបកិច្ចសន្យាទិញនាវាមុជទឹកបារាំង

ប្រទេស​បារាំង​តាម​រយៈ​ប្រតិកម្ម​របស់​រដ្ឋមន្រ្តី​ការបរទេស​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​មិន​ទាន់​បាត់ខឹង​នឹង​អាមេរិក​ដែល​បាន​ប្រកាស​បង្កើត​សម្ព័ន្ធមិត្ត​ថ្មី​មួយ​ជាមួយ​អង់គ្លេស និង​អូស្រា្តលី​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀង​ថ្មី​រវាង​អូស្រា្តលី អង់គ្លេស និង​អាមេរិក​ដែល​ហៅ « AUKUS » មួយ​នេះ​បាន​ធ្វើ​ឲ្យ​អូស្រា្តលី​សម្រេច​លុប​កិច្ចសន្យា​ទិញ​នាវាមុជទឹកបារាំង​ចំនួន ១២គ្រឿង និង​ងាក​ទៅ​ទិញ​នាវា​មុជទឹកអាមេរិក​វិញ។ លោក​ឡឺឌ្រីយ៉ង់​បាន​ចាត់​ទុក​ទង្វើ​របស់​អាមេរិក​ថា​ជា​ការ​យក​កាំបិត​ចាក់​ពី​ក្រោយ​ខ្នង​បារាំង និង​បាន​ប្រដូច​វិធីសាស្រ្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ទៅ​នឹង​វិធីសាស្រ្ត​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​អនុវត្ត។ តែ​ខណៈ​នេះ អាមេរិក​តាម​រយៈ​រដ្ឋមន្រ្តី​ការបរទេស​លោក​អង់តូនី ប៊្លីនកិន​បាន​ព្យាយាម​កាត់​បន្ថយ​កំហឹង​របស់​ក្រុង​ប៉ារីស​ដោយ​បញ្ជាក់​ពី​តួនាទី​សំខាន់​របស់​អឺរ៉ុប និង​បារាំង​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក អង់តូនី ប៊្លីនកិន
លោករដ្ឋមន្រ្តីការបរទេសអាមេរិក អង់តូនី ប៊្លីនកិន AP - Evelyn Hockstein
ផ្សាយពាណិជ្ជកម្ម

 « បារាំង​ជា​ពិសេស​ស្ថិត​ជា​ដៃគូ​មួយ​ដ៏​សំខាន់​នៅ​លើ​សំណុំរឿង​នេះ និង​នៅ​លើ​សំណុំរឿង​ជា​ច្រើន​ផ្សេង​ទៀត។ ភាព​ជា​ដៃគូ​នេះ​មាន​តាំង​ពី​យូរ​មក​ហើយ និង​នៅ​តែ​មាន​ជា​បន្ត​ទៀត​នា​ពេល​អនាគត។ យើង​ធ្លាប់​បានពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចសន្ទនា​ជា​ច្រើនជាមួយ​សមភាគី​របស់​ខ្ញុំ និង​រវាង​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​ឯ​កិច្ចប្រជុំកំពូល​អង្គការ​អូតង់ កិច្ចប្រជុំកំពូល​នៃ​ក្រុម​ប្រទេស G៧ និង​នៅ​កន្លែង​ផ្សេង​ទៀត។

ឥឡូវ​នេះ យើង​ចង់​ចាប់​យក​នូវ​គ្រប់​ឱកាស​ទាំង​អស់​ដើម្បី​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិ​អន្តរអាត់ត្លង់ទិក​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​នៅ​កន្លែង​ផ្សេង​ទៀត​លើ​លោក​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត។ ក្នុង​រយៈ​ពេល ២៤ម៉ោង ឬ ៤៨ម៉ោង​ចុង​ក្រោយ​នេះ យើង​បាន​មាន​ទំនាក់ទំនង​ជាមួយ​សមភាគី​បារាំង​របស់​យើង​ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង​មួយ​នេះ​មុន​នឹង​ប្រកាស​វា។ ដូច​ដែល​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​មាន​ប្រសាសន៍​រួច​ហើយ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ម្តង​ទៀត​នៅ​លើ​ចំណុច​នេះ។

យើង​កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​មិន​គួរ​ឱ្យ​ជឿ​ជាមួយ​ប្រទេស​បារាំង​នៅ​លើ​សំណុំរឿង​អាទិភាព​រួម​ជា​ច្រើន​ដែល​មិនមែន​មាន​តែ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ក៏​មាន​នៅ​កន្លែង​ផ្សេង​ទៀត​លើ​លោក ហើយ​យើង​នឹង​នៅ​បន្ត​ធ្វើ​យ៉ាង​ដូច្នេះ។ យើង​ឲ្យ​តម្លៃ​ជា​សារវន្ត​ទៅ​លើ​ភាព​ជា​ដៃគូ និង​ទំនាក់ទំនង​នេះ ហើយ​យើង​នឹង​បន្ត​ធ្វើ​ដូច​នេះ​នៅ​ថ្ងៃ​ខាង​មុខ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ