អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក ចូ បៃដិន ប្រកាស​បើក “ជំនួប​កំពូលដើម្បី​ប្រជាធិបតេយ្យ” នៅខែ​ធ្នូចុង​ឆ្នាំ

លោកប្រធានាធិបតី​អាមេរិក នឹង​អញ្ជើញ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល នៃ​បណ្តាប្រទេស​​ក្នុង​ក្រុម​ផ្សេងៗ ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ឱ្យ​​មក​ជួប​ជុំ​គ្នា តាមអនឡាញ​ នៅ​ថ្ងៃទី ៩ និង​១០ ធ្នូ ២០២១ ក្នុង “​ជំនួប​កំពូល​ដើម្បីប្រជាធិបតេយ្យ”។ ជា​ជំនួប​កំពូល​ថ្មី​មួយ​បែប​ទៀត ផ្សេង​ពី​ជំនួប​ជា​ប្រពៃណី​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​២០​ដំបូង​គេ​នៅ​លើ​ពិភពលោក ឬ​ហៅ​កាត់​ថា ហ្សេ២០។ តើ​នេះ​ជា​សេចក្តី​ប្រកាស​ ​បញ្ឈឺ​ចិន​ឬ ?!

លោក ចូ បៃដិន ប្រកាស​បើក “ជំនួប​កំពូលដើម្បី​ប្រជាធិបតេយ្យ” នៅខែ​ធ្នូចុង​ឆ្នាំ
លោក ចូ បៃដិន ប្រកាស​បើក “ជំនួប​កំពូលដើម្បី​ប្រជាធិបតេយ្យ” នៅខែ​ធ្នូចុង​ឆ្នាំ WIN MCNAMEE GETTY IMAGES NORTH AMERICA/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី ៩ និង​១០ធ្នូ​ខាង​មុខ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យ និង​​អ្នក​​ដឹកនាំ​​សង្គម​ស៊ីវិល ​ព្រមទាំងអ្នក​ទទួល​ខុស​ត្រូវ​សេដ្ឋកិច្ច​ពិភពលោក នឹង​ត្រូវ​អញ្ជើញ​ឱ្យ​មកចូល​រួម​ក្នុង​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ តាម​អនឡាញ។ ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត ភ្ញៀវ​ដដែល​នេះ​​នឹង​ជួប​ជុំ​គ្នា​ជា​ថ្មី​ ជា​លើកទីពីរ និង​ដោយ​បង្ហាញ​វត្តមាន​ផ្ទាល់​ទាំង​អស់ ដើម្បី​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​របស់ខ្លួន ជុំ​វិញ​កម្មវត្ថុ​បី គឺ ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រើ​អំណាច​ផ្តាច់ការ​  ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ពុករលួយ និង​ផ្តល់​សន្ទុះ​ដល់​ការ​គោរព​សិទ្ធិមនុស្ស។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន នៅ​ថ្ងៃពុធ​ទី ១១​សីហា ២០២១។

ប្រធានាធិបតី​អាមេរិក​មិន​ទាន់​លម្អិត​​បញ្ជី​ឈ្មោះ​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ដែល​ត្រូវ​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នេះ​ទេ ប៉ុន្តែ​ទោះមិន​និយាយ​ដោយ​ចំៗក៏​ដោយ ក៏​គេ​អាច​កាត់​យល់​បាន​ថា​ ​នេះ ជាការ​ឆ្លាស់​ជំនួប​ហ្សេ២០ និង​អាច​ចាត់ទុកបាន​ថា​ជា​ជំនួប​ផ្គើន​ចិន។

​ហ្សេ២០ ដែល​ជា​បណ្តុំ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​២០​ដំបូង​គេ​នៅ​ពិភពលោក មាន​ ចិន រុស្ស៊ី ឬ​អារ៉ាប៊ីសាអូឌីត​ផង ត្រូវ​បើក​ជំនួប​កំពូលប្រចាំឆ្នាំរបស់ខ្លួននៅប្រទេស​អ៊ីតាលី ក្នុង​ខែ​តុលា។

បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ដដែល ដល់​វេលាដែល​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រជាធិបតេយ្យ​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ក្នុង​ប្រទេស​នោះផ្ទាល់​​បាន​ប្រសើរ​ឡើងផង និង​ដោះស្រាយ​បញ្ហា​ធំៗ​នៅលើ​ពិភពលោក​បាន​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ចង់​រៀប​ចំ​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​​ ឱ្យ​បាន​ធំទូលាយ មាន​តំណាង​ក្រុមប្រទេសកំពូល​លូតលាស់​ផង​ មិន​កំរិត​ត្រឹម​ក្រុម​ហ្សេ៧​ដែល​ប្រមូលផ្តុំ​តែ​ប្រទេសបស្ចិមលោក ឬ​ប្រទេស​​ប្រជាធិបតេយ្យ​ធំ​ៗទេ។

​ខុស​ពី​ប្រធានាធិបតី​អាមេរិកអាណត្តិ​មុន ដែលមិន​ខ្វល់​នឹង​ទំនាក់ទំនង​ពហុជាតិ ហើយផ្តល់​តម្លៃ​ដល់​តែ​​ពាណិជ្ជកម្ម​​ទ្វេភាគី​ លោកប្រធានាធិបតី​អាមេរិក​​ចូ បៃដិន មាន​ចេតនា​នាំ​សហរដ្ឋ​អាមេរិក​ឱ្យ​ត្រលប់​មក​ដើរ​តួនាទី​​ជា​មេដឹកនាំ​ពិភពលោក និង​ ចង់ឱ្យ​​ជំនួប​កំពូល​ដើម្បីប្រជាធិបតេយ្យ​ទាំងពីរលើក​ ក្លាយ​ជា​ឱកាស​សម្រាប់​​មេដឹកនាំ​គ្រប់​ប្រទេស​បាន​ស្តាប់​ដៃគូនិង​ប្រជាពលរដ្ឋ​ បាន​ផ្តោះប្តូរភាព​ជោគជ័យ​ បាន​លើក​ទឹកចិត្ត​​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ និង​បាន​និយាយ​ដោយ​ត្រង់ៗ​អំពី​ភាព​ប្រឈម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីមួយៗ។

ចក្ខុ​វិស័យ​ប្រជាធិបតេយ្យ​​ បាន​បើក​ផ្លូវ​ឱ្យ​លោកបៃដិន​បាន​ទទួល​ជោគជ័យ​ក្នុង​ដឹកនាំ​ប្រទេសរួច​ទៅ​ហើយ​។ ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច គម្រោង​ច្បាប់វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​មហាសាល ត្រូវ​បាន​​សមាជិក​សភា​និងព្រឹទ្ធសភា​ទាំងពីរ​គណបក្សគាំទ្រអនុម័ត ព្រមទាំង​បាន​ស្ថាបនា​សម្ព័ន្ធភាព​ជាមួយ​ដៃ​គូ​ប្រជាធិបតេយ្យ​ឡើង​វិញ​ទៀត និងផ្តល់​ថ្នាំ​បង្ការ​កូវីដ​១៩ ដល់​ប្រជាពលរដ្ឋបាន៧០%​ ​ នេះ​ជាស្នាដៃ​​រយៈ​ពេល​​៦​ខែ​ដំបូង​ របស់​លោកប្រធានាធិបតី​ដែល​សេតវិមាន​បាន​រៀប​រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ