អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូវីដ

កូវីដ​១៩ ៖ អាមេរិក​មិនទាន់​អាច​លើក​​​បម្រាម​ទាក់ទងនឹង​​អ្នក​​ដំណើរបរទេស​បាន​ភ្លាមទេ

ប្រឈម​នឹងសន្ទុះ​ចម្លង​រាតត្បាតជា​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ក្រុង​ហូជីមិញ ត្រូវ​ជាប់​បម្រាមគោចរ ពី ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៦ព្រឹក​ ចាប់ពី​ថ្ងៃចន្ទទី ២៦កក្កដា​ទៅ​រហូត​ដល់​មាន​សេចក្តី​សម្រេច​ថ្មី។ ​នៅ​ប្រទេសហូឡង់ ពីពេលនេះ​ដល់​ថ្ងៃទី ១កញ្ញា រាល់​គ្រប់​កម្មវិធីសិល្បៈ ឬ​ពិធី​បុណ្យ​​ជួប​ជុំ​ផ្សេងត្រូវ​លុប​ចោល​ទាំងអស់។ ចំណែកនៅ​សហរដ្ឋ​អាមេរិក​ ដោយហេតុ​តែ​មេរោគ​កូវីដ​បំប្លែង​ដែលតា សេតវិមាន​បាន​សម្រេចរក្សា​ទុក​វិធានការ​ដដែលទាក់ទង​នឹង​អ្នក​ដំណើរ​បរទេស។

ករណី​វិជ្ជមានកូវីដ​កើន​ឡើង​វិញ អាមេរិក​សម្រេច​មិន​លើក​បម្រាម​ដាក់​លើ​អ្នក​ដំណើរ​បរទេស
ករណី​វិជ្ជមានកូវីដ​កើន​ឡើង​វិញ អាមេរិក​សម្រេច​មិន​លើក​បម្រាម​ដាក់​លើ​អ្នក​ដំណើរ​បរទេស ALEX WONG GETTY IMAGES NORTH AMERICA/AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ១៥កក្កដា លោក​ប្រធានាធិបតី​ចូបៃដិន បាន​សន្យា​​នៅ​ចំពោះ​មុខ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ថា​អាមេរិក​នឹងផ្តល់​ពេលវេលា​ច្បាស់​លាស់នៃ​ការ​លើក​បម្រាម​ទាំង​ឡាយ​ទាក់ទង​នឹង​​​ការ​ធ្វើ​ដំណើរចូល​​អាមេរិក​។ ​ចម្លើយនៅថ្ងៃនេះ គឺ “គ្មាន​បម្រាម​ទាក់ទង​នឹងអ្នក​ដំណើរ​បរទេស ចំណុច​ណា​មួយ​ត្រូវ​​ ​​លុបចោល​ ឬ​លើក​ចេញ​ទេ !” នេះ​ជា​សេចក្តី​សម្រេចរបស់អ្នក​ទទួល​ខុស​ត្រូវអាមេរិក ​​ ក្រោយ​ជំនួប​ប្រជុំ​ពិសេស ​នៅ​សេតវិមាន​រួច។

មូលហេតុ​មក​ពី​ពេល​នេះ សហរដ្ឋ​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង​ពី​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ “ដែលតា”។ ករណី​អ្នក​វិជ្ជមាន​កូវីដ ចាប់​​កើន​ឡើងវិញ​ទៀត ជាពិសេស​ក្នុង​ចំណោម​​អ្នក​មិនទាន់ឬ​មិន​​បាន​ចាក់​វ៉ាក់សាំង។ ​នៅ​សប្តាហ៍​ខាង​មុខ ចំនួន​អ្នក​ឆ្លង​ថ្មី នឹង​មាន​សន្ទុះ​ខ្លាំង។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​សេតវិមាន​ដដែល។

បើ​តាម​នាយិកាមជ្ឈមណ្ឌល​ការពារ​និង​ត្រួត​ពិនិត្យ​សុខភាព​អាមេរិក ចំនួន​អ្នក​ឆ្លង​ថ្មី​បានកើន​ឡើង​៥៨% បើ​ប្រៀប​ទៅនឹង​សប្តាហ៍​មុន ក្នុងនោះ​៨០%​ជាអ្នក​ឆ្លង​​មេរោគកូវីដ​បំប្លែង​ “ដែលតា”។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ រាល់បម្រាម​ដែល​រារាំង​អ្នក​ដំណើរ​បរទេស​មិន​ឱ្យ​ចូល​មក​សហរដ្ឋ​អាមេរិក​ តាំង​ពី​ផ្ទុះ​កូវីដ​ដំបូង​មក នឹង​ត្រូវ​​បន្ត​អនុវត្ត​មួយ​រយៈ​ខ្លី​ទៀត​សិន ដោយ​មិន​ទាន់​អាច​លើក​បាន​ភ្លាមៗ​នេះ​ទេ។ តាំង​ពី​​ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​​​មិន​ទទួល​ឱ្យ​អ្នក​ដំណើរ​បរទេស​ណា​ ដែល​បាន​ឆ្លង​កាត់​ឬ​ស្នាក់​នៅ​ចំនួន ១៤​ថ្ងៃ ក្នុង​ប្រទេស​ អង់គ្លេស សហភាពអឺរ៉ុប(ទាំង​២៦ប្រទេស) ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និង​ប្រេស៊ីល ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ទេ។ សូម្បី​តែ​ព្រំដែន​គោក ជាមួយ​កាណាដា និង​ម៉ិចស៊ិក ក៏​ត្រូវ​បន្ត​បិទ​ទៀត មិន​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​មិន​បាច់​ធ្វើ​​ចរាចរណ៍ឆ្លងកាត់​ចេញ​ចូល​ទេ រហូត​ទល់​ថ្ងៃទី ២១​សីហា​យ៉ាង​ឆាប់ បើ​ទោះ​បី​ជា​កាណាដា​ព្រមបើក​ឱ្យ​ពលរដ្ឋ​អាមេរិក​ចាក់​ថ្នាំបង្ការ​ពេញ​លេញ​ចូល ចាប់​ពី​ថ្ងៃទី ៩​សីហា​ទៅ​​ក៏​ដោយ។

សេចក្តី​សម្រេច​ចិត្ត​នេះ​មិនមែនជា​ដំណឹង​ល្អ​ទេ សម្រាប់​វិស័យ​ទេសចរណ៍​អាមេរិក។ តាំង​ពី​ជា​ច្រើន​ខែ​មកហើយ ដែលវិស័យ​អាកាសចរណ៍​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​សហព័ន្ធ ឱ្យ​លើក​​បម្រាម​ដែលដាក់​លើ​អ្នក​ដំណើរ​បរទេស។ ក្រុមហ៊ុន​អាកាសចរណ៍​និង​ឧស្សាហកម្ម​ទេសចរណ៍​រំពឹង​លើ​ការ​វិលត្រលប់​របស់​ភ្ញៀវ​បរទេស ជាពិសេស​ភ្ញៀវអឺរ៉ុប ដើម្បី​ស្រោច​ស្រង់​រដូវ​ទេសចរណ៍​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ