អានតួអត្ថបទ
អាមេរិក-កាណាដា-អាកាសធាតុក្តៅ

អាកាស​ធាតុ​ឡើង​ក្តៅ​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​កាណាដា​និង​ភាគពាយព្យ​អាមេរិក

អាកាសធាតុ​ក្នុង​តំបន់​មួយចំនួន​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា​បាន​ឡើង​​ក្តៅខ្លាំង​បំបែក​កំណត់ត្រា​ថ្មី​ចាប់ពី​ថ្ងៃអាទិត្យ​ ទី២៧​ មិថុនា​។ អកាសធាតុក្តៅខ្លាំង​បាន​បង្ខំ​ឲ្យ​សាលា​រៀន​ និង​មណ្ឌលធ្វើ​តេស្ត​រក​កូវីដ​ជាច្រើន​កន្លែង​ត្រូវ​បិទទ្វារ​។ ក្រៅពីនេះ​ ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​អត្តពលកម្មអូឡាំពិកមួយនៅអាមេរិកក៏​ត្រូវ​បានប្រកាស​ផ្អាកផងដែរ​ ដោយ​សារ​​អ្នក​ជំនាញបាន​ទាញ​សញ្ញា​ប្រាប់ថា​អាកាសធាតុក្តៅ​នឹងនៅ​បន្ត​អូស​បន្លាយ​ដល់​សប្តាហ៍​នេះ​។

មនុស្សម្នាសម្រាកនៅជម្រកត្រជាក់មួយ ដែលបានបង្កើតឡើងក្នុងអំឡុងពេលមានរលកកំដៅខ្លាំងមិនធ្លាប់មាននៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក នាថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១។
មនុស្សម្នាសម្រាកនៅជម្រកត្រជាក់មួយ ដែលបានបង្កើតឡើងក្នុងអំឡុងពេលមានរលកកំដៅខ្លាំងមិនធ្លាប់មាននៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក នាថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១។ REUTERS - MARANIE STAAB
ផ្សាយពាណិជ្ជកម្ម

ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​ សីតុណ្ហភាព​ក្តៅខ្លាំង​បំបែក​កំណត់ត្រា​ថ្មី​កំពុង​កើត​មាន​ជា​ញឹកញាប់​។ នៅទូទាំង​ពិភពលោក​ចន្លោះឆ្នាំ ២០១០​ ដល់ឆ្នាំ​ ២០១៩​ គឺជា​កំណត់​ត្រា​ដែល​ក្តៅ​បំផុត​ ហើយ​រយៈពេល​ ៥ ឆ្នាំ​ដែល​ក្តៅ​ជាង​គេ​បាន​កើតឡើង​នៅ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​។

កាលពីថ្ងៃអាទិត្យ​ ២៧​ មិថុនា ​សីតុណ្ហភាព​នៅក្នុង​ទីក្រុងស៊ីអាថល​ និងរដ្ឋធានី​វ៉ាស៊ីន​តោននៃសហរដ្ឋអាមេរិកបាន​ឡើង​ដល់​ ៤០ អង្សាសេ​ ដែលជាកំណត់ត្រាមួយ​ធ្វើឲ្យ​ពលរដ្ឋអាមេរិក​រស់នៅទីនោះ​ភ្ញាក់ផ្អើល​ និង​ជួប​ការលំបាកខ្លាំង​។

ពលរដ្ឋ​អាមេរិក​មួយចំនួន​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា​ ជាធម្មតា​អាកាសធាតុ​នៅ​អំឡុង​ចុង​ខែ​មិថុនា​គឺចន្លោះពី​ ២៣ ទៅ ២៧ អង្សា​។ ប៉ុន្តែ​ឆ្នាំនេះ​ សីតុណ្ហភាព​ឡើងដល់​ខ្ទង់​ ៤០អង្សា​ ដូច្នោះ​ពួកគេ​មាន​អារម្មណ៍​ថា​ប្រៀបបី​ដូចជា​កំពុង​រស់​នៅវាលខ្សាច់​ ឬ​កន្លែងក្តៅខ្លាំង​ណាមួយ​ដែល​ពិបាកនឹង​ដក​ង្ហើម​បានស្រួល​។

ចំណែកនៅ​ផតឡែន​ដែលជាទីក្រុងធំ​បំផុត​របស់​រដ្ឋ​អរេហ្គេន​វិញ​ (Oregon) រលក​កំដៅ​បាន​កើនឡើង​ដល់​ ៤៤,៤​ អង្សា​ តាំងតែ​ពីថ្ងៃសៅរ៍​មកម្ល៉េះ​។ នេះបើ​តាម​ទីភ្នាក់ងារ​អាកាស​ធាតុជាតិ​របស់​អាមេរិក​។

មិនខុសគ្នាឡើយ​ អាកាសធាតុ​នៅក្នុង​ប្រទេសកាណាដា​ក៏ឡើងក្តៅខ្លាំង​ដល់​កម្រិត​ខ្ពស់បំផុត​មិនធ្លាប់មានពីមុនមកដែរ​។ ជាក់ស្តែង​ សីតុណ្ហភាព​ក្តៅខ្លាំងលើស​ ៤០ អង្សាសេ​ ត្រូវបាន​គេ​កត់ត្រាទុក​នៅ​ទូទាំងខេត្ត​ British Columbia កាលពី​ចុងសប្តាហ៍​ ដែលក្នុងនោះ​រួមទាំង​នៅទីប្រជុំជន​រមណីយដ្ឋាន​ជិះស្គីនៅ​ Whistler​។

ក្រុមអ្នក​បរិស្ថាន​កាណាដា​ បាន​និយាយថា​ រលកកម្តៅ​ដែល​មាន​គ្រោះថ្នាក់​ខាង​លើ នឹង​នៅ​បន្ត​អូស​បន្លាយ​រហូត​ដល់​សប្តាហ៍​នេះ និង​បាន​ចេញ​សេចក្តីជូន​ដំណឹង​ឲ្យ​ប្រជា​ជន​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​ជាពិសេស​នៅខេត្ត​ British Columbia, Alberta, និង​តំបន់​Yukon ជាដើម។ ភ្នាក់ងារ​អាកាសធាតុ​ជាតិ​របស់​អាមេរិក​ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យប្រជាជន​ត្រៀម​ខ្លួន និង​ជៀសវាង​ការនៅខាងក្រៅយូរផងដែរ​។

នៅតាម​ព្រំដែន​ក្នុង​ប្រទេសកាណាដា​ ហាងនានា​ ត្រូវ​គេរាយការណ៍ថា​ បាន​លក់​អស់គ្មាន​សល់​ ម៉ាស៊ីន​ត្រជាក់​ចល័ត ​និងកង្ហារ​។ ចំណែកនៅសហរដ្ឋអាមេរិកវិញ ទីក្រុងមួយចំនួនបានបើកមជ្ឈមណ្ឌលបំពាក់ដោយម៉ាស៊ីនត្រជាក់ដែលជាកន្លែង​អនុញ្ញាត​ឲ្យប្រជាជន​អាចទៅស្នាក់នៅដើម្បីគេចផុតពីកម្តៅ ហើយក្រុម​បុគ្គលិក​បម្រើ​ការងា​នៅទីតាំងឆ្ងាយៗ​ ត្រូវ​បាន​គេ​ជូន​ដបទឹក​ និង​មួក​សម្រាប់ពាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ