អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

លោក ចូ បៃដិន សន្យា​ថា​នឹង​និយាយ​ឲ្យ​ច្បាស់ៗ អំពី​ចំណុច​មិន​ត្រូវគ្នា ជាមួយ​​នឹង​លោកពូទីន

តាមការគ្រោងទុក លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងជួប​ទល់មុខគ្នាមួយទៅនឹងមួយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នៅថ្ងៃពុធ សប្តាហ៍នេះ។ លោក ចូ បៃដិន បាន​បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន កាលពីថ្ងៃអាទិត្យថា នៅក្នុងជំនួប​ជាមួយ​លោកពូទីន ជាលើកទីមួយនេះ លោកនឹងនិយាយ​​ឲ្យ​ច្បាស់ៗ ត្រង់ៗតែម្តង អំពីចំណុចមិនត្រូវគ្នាទាំងលាយ​ រវាងអាមេរិក និងរុស្ស៊ី។

លោក ចូ បៃដិន ទៅជួបលោកពូទីន នៅក្រុងមូស្គូ ថ្ងៃទី ១០ មិនា ២០១១
លោក ចូ បៃដិន ទៅជួបលោកពូទីន នៅក្រុងមូស្គូ ថ្ងៃទី ១០ មិនា ២០១១ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ឆ្លើយទៅកាន់បណ្តាញសារព័ត៌មានអង់គ្លេស Newquay បន្ទាប់ពីចប់កិច្ចប្រជុំG7 លោក ចូ បៃដិន បានបញ្ជាក់ថា នៅក្រោយ​ជំនួបរវាងលោក និង​លោកពូទីន នៅក្រុងហ្សឺណែវ ថ្ងៃពុធ គឺលោកនឹង​ធ្វើសន្និសីទកាសែតតែម្នាក់ឯងដាច់ដោយឡែក មិនធ្វើរួមគ្នាទាំង២នាក់ ជាមួយលោកពូទីនទេ។ លោក​ចូ បៃដិន បានបន្ថែមថា សន្និសីទកាសែត វាមិនមែនជាការប្រកួតប្រជែង ថាអ្នកណាពូកែនិយាយជាងអ្នកណា ធ្វើឲ្យ​ម្នាក់ទៀតទ័ល​ច្រកនោះទេ។

លោក​ចូ បៃដិន អះអាងទៀតថា រដ្ឋាភិបាលលោកគ្មានបំណងណាមួយ ទៅបង្កជម្លោះ បង្កវិវាទជាមួយរុស្ស៊ីទេ។ លោកនឹងបង្ហាញយ៉ាងច្បាស់លាស់ ក្នុង​ការ​កំណត់​លក្ខខណ្ឌដែលត្រូវបំពេញ ដើម្បី​ឈាន​ទៅទទួលបាន​នូវ​ទំនាក់ទំនងល្អប្រសើរមួយ​ ជាមួយ​នឹងរុស្ស៊ី។ លោក​បញ្ជាក់ប្រាប់ទៅអ្នកកាសែតថា សូមទុកចិត្តចុះ ថាលោក​ប្រាកដជានិយាយដោយច្បាស់ៗ ត្រង់ៗ ជាមួយ​លោកពូទីន អំពីចំណុចមិន​ស្របគ្នា​ទាំងអស់​ ដែលអាមេរិក មានជាមួយ​រុស្ស៊ី។

ដោយឡែក លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បានបញ្ជាក់ថា បន្ទាប់ពីជួប​ជាមួយ​លោក​ចូ បៃដិនហើយ លោកពូទីន ក៏នឹងធ្វើសន្និសីទកាសែត ដាច់ដោយឡែកមួយដែរ។ មន្ត្រីរុស្ស៊ីរូបនេះ អះអាងថា នេះគឺជាអ្វីដែល​ភាគីអាមេរិកចង់បាន និង​បានស្នើសុំមក។

គួរបញ្ជាក់ថា មហាអំណាចទាំង២ អាេមរិក និងរុស្ស៊ី មានចំណុចមិនចុះសម្រុងគ្នាជាច្រើនរឿង ដូចជាបញ្ហាវត្តមានកងទ័ពអូតង់នៅតំបន់អឺរ៉ុបខាងកើត បញ្ហាអ៊ុយក្រែន បេឡារុស្ស៊ី និង​បញ្ហា​អាយុជីវិត លោក អាឡិចសី ណាវ៉ាល់នីជាដើម។ ក្រោយពេលចូល កាន់តំណែងភ្លាម លោកចូ បៃដិន ធ្លាប់បាននិយាយចាត់ទុក ថា លោកពូទីន គឺជាឃាតករ ព្រោះបានសម្លាប់បំបិទមាត់អ្នកនយោបាយ​ប្រឆាំង លោក បូរីស ញែមសូវ។ យ៉ាងណាក៏ដោយ សេតវិមានអាមេរិក បានបញ្ជាក់ឲ្យដឹង​ជាច្រើនសប្តាហ៍មកហើយ ថារដ្ឋាភិបាលលោកចូ បៃដិន បានកំណត់កម្មវត្ថុ ធ្វើយ៉ាងណា ឲ្យទំនាក់ទំនងជាមួយរុស្ស៊ី មានលំនឹងល្អ និងមិនក្រឡាប់ផ្ញារងាយងាយ។

នៅក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍អាមេរិក NBC News កាលពីថ្ងៃសុក្រ លោកពូទីន បាន​ទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ពិតជាល្អក់កករខ្លាំងពិតមែន។ ក៏ប៉ុន្តែលោកពូទីន បានលើកឡើងថាលោកសង្ឃឹមថា លោកនឹងអាចធ្វើការ​តាមសម្រួល ជាមួយលោក​ ចូ បៃដិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ