អានតួអត្ថបទ
អាមេរិក

អាមេរិក៖ Concert ដើម្បីបុព្វហេតុវ៉ាក់សាំងបង្ការកូវីដ១៩ ប្រមូលបានថវិកាចំនួន ៣៤០លានដុល្លារ

នៅ​សហរដ្ឋអាមេរិក ក្រុម​សិល្បករ សិល្បការិនី និង​ក្រុម​ឥស្សរជន​នយោបាយ​អន្តរជាតិ​ជា​ច្រើន​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ប្រគំតន្រ្តី​មួយ​ដើម្បី​បុព្វហេតុ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ កម្មវត្ថុ​នៃ​ការ​ប្រគំតន្រ្តី​នេះ គឺ​ដើម្បី​ប្រមែប្រមូល​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ យក​ទៅ​ចែកចាយ​ដល់​ក្រុមប្រទេស​ក្រីក្រ។ ក្រៅ​ពី​ប្រមូល​បាន​ថវិកា​ជាង ៣០០លានដុល្លារ ពិធី​​ប្រគំតន្រ្តី​នេះ​ក៏​ទទួល​បាន​ការ​សន្យា​ផ្តល់​វ៉ាក់សាំង​រហូត​ដល់ ២៥លានដូស​ពី​ប្រទេស និង​មន្ទីរពិសោធន៍​មួយ​ចំនួន។

តារាចម្រៀងអាមេរិក Jennifer Lopez។
តារាចម្រៀងអាមេរិក Jennifer Lopez។ AFP - VALERIE MACON
ផ្សាយពាណិជ្ជកម្ម

« Concert ដើម្បី​បង្រួបបង្រួម​ពិភពលោក » នេះ​ជា​ឈ្មោះ​នៃ​ការ​ប្រគំតន្រ្តី​ដើម្បី​បុព្វហេតុ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ រៀបចំ​ដោយ​ក្រុម​សិល្បករ សិល្បការិនី​ល្បីៗ និង​ក្រុម​ឥស្សរជន​នយោបាយ​អន្តរជាតិ​ជា​ច្រើន​នាក់។ Concert ដែល​បាន​បាន​រៀប​ចំ និង​ថត​ទុក​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នៅ​ពហុកីឡាដ្ឋាន Los Angeles មួយ​នេះ​ទើប​បាន​ចាក់​ផ្សាយ​តាម​អនឡាញ​នា​យប់​ថ្ងៃ​សៅរ៍ ទី៨ ឧសភា និង​នៅ​ក្នុង​ជាង ១០០ប្រទេស។ នៅ​ក្នុង​ពិធី​ប្រគំតន្រ្តី​ដែល​មាន​អ្នក​ចូលរួម​មើល​ផ្ទាល់​ប្រមាណ​ជា ២០ ០០០នាក់ ពាក់​ម៉ាស និង​ចាក់​វ់ាក់សាំង​រួច មាន​តារា​ជា​សិល្បករ និង​សិល្បការិនី​ល្បីៗ​ម្តង​ម្នាក់ៗ​បាន​ឡើង​ច្រៀង​នៅ​លើ​វេទិកា ដូច​ជា Jennifer Lopez Her ក្រុម Foo Fighters ឬ​មួយ​ក៏​តួកុន Ben Affleck ជា​ដើម។ ទាំង​អស់​គ្នា​បាន​ទាមទារ​ឲ្យ​មាន​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ស្មើភាព។

ចំណែក​តួកុន​ឥណ្ឌា​លោក Amitabh Bachchan បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​រឿង​វ៉ាក់សាំង​ចំពោះ​ប្រទេស​ឥណ្ឌា​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩។ ដោយឡែក ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បង្ហោះ​សារ​វីដេអូ​មួយ​ដោយ​ថ្លែង​ធានា​ថា អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​ថ្នាក់ដឹកនាំ​ទាំង​អស់​លើ​​លោក​ក្នុង​ការ​បង្កើន​ការ​ចែកចាយ និង​ការ​ផលិត​វ៉ាក់សាំង​ដើម្បី​ធានា​ថា ប្រទេស​នីមួយៗ​អាច​ទទួល​បាន​វ៉ាក់សាំង​ចាំ​បាច់។ ជា​សរុប Concert ប្រមែប្រមូល​ថវិកា​បាន​ចំនួន ៣៤០លានដុល្លារ រួម​ទាំង​អំណោយ​ជា​វ៉ាក់សាំង​រហូត​ដល់​ទៅ ២៥លានដូស​ពី​ប្រទេស និង​មន្ទីរពិសោធន៍​មួយ​ចំនួន។

ថវិកា និង​អំណោយ​ទាំង​អស់​នេះ​នឹង​ប្រគល់​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​យន្តការ​កូវ៉ាក់​ដែល​ជា​យន្តការ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ទៅ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ