អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​នៅ​អាមេរិកត្រលប់​ចូល​ស្រុកវិញ ក្រោយ​​លោកចូ បៃដិននិយាយ​ថាលោកពូទីន​ជាឃាតក

នៅក្នុងបរិបទសង្រ្គាមពាក្យ​សំដី រវាងលោកចូ បៃដិន និងលោក​ ពូទីន​ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាេមរិក បានធ្វើដំណើរត្រលប់ទៅម៉ូស្គូវិញ ដោយគ្មានពេលកំណត់ ថាពេលនឹងទៅសហរដ្ឋ​អាមេរិកវិញទេ។ រដ្ឋាភិបាលរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតខ្លួន បន្ទាប់ពី​លោកចូ បៃដិន បាននិយាយលើកឡើងថា លោកពូទីន គឺជា « ឃាតក »។ នេះគេជាកាលៈទេសៈថ្មី នៃវិបត្តិការទូត រវាងសហរដ្ឋអាមេរិក និង រុស្ស៊ី។

រូបភាពឯកសារ ខែមីនា ឆ្នាំ​២០១១ លោកពូទីន និង លោកចូ បៃដិន ចាប់ដៃញញឺមស្រស់ដាក់គ្នា នៅ​​វិមានក្រឹមឡាំង ក្រុងម៉ូស្គូ។
រូបភាពឯកសារ ខែមីនា ឆ្នាំ​២០១១ លោកពូទីន និង លោកចូ បៃដិន ចាប់ដៃញញឺមស្រស់ដាក់គ្នា នៅ​​វិមានក្រឹមឡាំង ក្រុងម៉ូស្គូ។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក​ បានធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ ទៅតាមការកោះហៅឲ្យចូលស្រុកវិញ ពីសំណាក់ លោកប្រធានាធិតបីពូទីន។ នៅមុនពេលចេញដំណើរ ពីទីក្រុងញូយ៉ក លោកទូតរុស្ស៊ី បានប្រាប់អ្នកកាសែតថា លោកនឹង​ស្នាក់នៅក្រុងម៉ូស្គូ ដោយ​គ្មានរយៈពេលកំណត់ ដរាបណាមិនទាន់មាន​ផែនការការងារអ្វីថ្មីទៀត។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែប្រឈមមុខដាក់គ្នា ជាថ្មីទៀត បន្ទាប់ពី​​ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ កាលពីដើមសប្តាហ៍នេះថា លោកពូទីន គឺជាឃាតក។ លោក​ប្រធានាធិបតីរុស្ស៊ី បានឆ្លើយតបទៅវិញថា អ្នកដែលនិយាយ ថាគេជាឃាតក គឺអ្នកនោះខ្លួនឯងហើយជាឃាតក។

សូមរំលឹកថា កាលពីឆ្នាំ​២០១៤ រុស្ស៊ីក៏ធ្លាប់កោះហៅឯកអគ្គរដ្ឋទូតខ្លួន ឲ្យ​ត្រលប់ចូលស្រុកវិញដែរ បន្ទាប់ពីរដ្ឋាភិបាល​លោក​ អូ បាម៉ា ថ្កោលទោសការ​ទន្ទ្រានយកដែនដីគ្រីម៉េរបស់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី។

សង្រ្គាមពាក្យសំដីទៅវិញទៅមក រវាង​មេដឹកនាំនៃមហាអំណាចទាំង២នេះ បានធ្វើឲ្យ​មាន​ការព្រួយ​បារម្ភ ពីភាពកាន់តែតានតឹង នៅក្នុងសំណុំរឿងនានា ដែលអាមេរិក និង រុស្ស៊ី ត្រូវប្រឈមមុខដាក់គ្នា។ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាន​ឆ្លើយតបទៅនឹងសម្តីរបស់លោកចូបៃដិន លោកពូទីន បានបញ្ជាក់ថា លោកត្រៀមខ្លួននិយាយគ្នាដោយផ្ទាល់ ជាមួយ​លោក ចូបៃដិន តាម​បណ្តាញ​អ៊ីនធ័រណិត។

លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានអាមេរិក បានអះអាងថាលោកប្រធានាធិបតី ចូ បៃដិន នឹងជួបដោយផ្ទាល់ជាមួយ​លោក ប្រធានាធិបតីពូទីន នៅក្នុងឱកាសអំណោយផលណាមួយ។ តែយ៉ាងលោកស្រីបញ្ជាក់ថា លោកចូ បៃដិន នឹងមិនដកពាក្យ​សំដីដែលបាន​និយាយទេ។ អ្នកនាំពាក្យ​ដដែលអះអាងថា ប្រធានាធិតបីទាំងពីរ មានទស្សនវិស័យខុសគ្នាសម្រាប់ប្រទេសរៀងៗខ្លួនមែន តែ​ប្រមុខដឹកនាំទាំង២ មានបំណងដូចគ្នា គឺ​ចង់ធ្វើការ​ជាមួយ​គ្នា នៅក្នុងសំណុំរឿង ដែលមានប្រយោជន៍រួមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ