អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ព្រឹទ្ធសភា​អាមេរិក អនុម័ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​​ទាំង​ប្រផុត​ប្រផើយ

នៅ​ទី​បំផុត​ ​ផែនការ​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន តម្លៃ​១៩០០​ពាន់​លាន​ដុល្លារ​ (១,៩ទ្រីលាន) ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិកយល់ព្រម​​អនុម័តនៅយប់​មិញ។ នេះ​ជា​លទ្ធផល​នៃការ​តស៊ូ​មតិ​ និង​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ព្រឹទ្ទសភា​អាមេរិក​អនុម័ត​ផែនការ​សង្គ្រោះ​១៩០០​របស់​លោក​ចូបៃដិន
ព្រឹទ្ទសភា​អាមេរិក​អនុម័ត​ផែនការ​សង្គ្រោះ​១៩០០​របស់​លោក​ចូបៃដិន © REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចរចា​អស់​ជា​ច្រើន​ម៉ោង និង​បានធ្វើ​វិសោនធកម្ម​ជាច្រើនលើក​ច្រើនសា នៅ​ទីបំផុត ព្រឹទ្ធសភា​អាមេរិក​​​បានបោះឆ្នោត​​អនុម័តផែនការ​សង្គ្រោះ​​ក្នុង​សំឡេង ៥០​គាំទ្រ (ដែល​ជាសំឡេង​របស់អ្នកប្រជាធិបតេយ្យ​សុទ្ធ) ទល់នឹង​៤៩​ប្រឆាំង។

ការ​ប្តូរផ្លាស់​គួរ​ឱ្យ​កត់​សម្គាល់​ជាងគេ​បំផុត​ គឺ​​វិធានការ​ចង់បង្កើត​ឱ្យ​មាន​ប្រាក់បៀរវត្សរ៍​អប្បបរិមាដោយ​កំណត់​តម្លៃ​ការងារ ទាប​បំផុត​ត្រឹម​១៥ដុល្លារ​ក្នុង​ម៉ោង ត្រូវ​បោះបង់​ចោល​ទៅ​វិញ។ ប៉ុន្តែ​អ្នក​តាក់តែង​ច្បាប់​បាន​ដឹង​ជា​មុន​ថា​ចំណុច​នេះ​ពិត​ជា​មិន​អាច​ចេញ​រួច​ទេ។

វិធានការ​ចង់​ដំឡើង​​ប្រាក់​​ឧបត្ថម្ភ​ពេល​អត់​ការងារធ្វើ ដែល​មាន​ចែង​នៅក្នុងច្បាប់​​ដើម ជា​ចំណុច​ខ្ទាស់​គ្នា​ខ្លាំង សូម្បី​តែ​សមាជិក​ព្រឹទ្ធសភា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​ខ្លួនឯង​ក៏​ប្រឆាំង​ដែរ។ ហើយ​គឺ​វិធានការ​នេះ​តែម្តង​​ដែល​បាន​ស៊ីពេល​ចរចា​អស់​ដល់​ទៅ​៩ម៉ោង​  អូសបន្លាយ​ពេលវេលា​រហូត​ដល់​ពាក់កណ្តាលអាធ្រាត្រយប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូលថ្ងៃ​អាទិត្យ​ ដោយ​ព្រមព្រៀង​គ្នា​ត្រឹម រក្សា​ប្រាក់​ឧបត្ថម្ភ​អ្នកអត់ការងារ​ធ្វើ​ ត្រឹម​ប្រមាណ​៣០០​ដុល្លារ​ដដែល។​ ប៉ុន្តែ​គ្រួសារ​អាមេរិក​​អាច​ទទួល​បាន​ទឹកប្រាក់​ ក្នុង​ទម្រង់​ជា​មូលប្បទានប័ត្រ​ ១៤០០ដុល្លារ ដូច​ដែល​លោកចូបៃដិន បាន​សន្យា។ ផែនការ​សង្គ្រោះ​ ក៏​មាន​រក្សា​កញ្ចប់​ថវិកា​សម្រាប់​ជួយ​សាលា​រៀន ហាង​ទំនិញ​តូចៗ រដ្ឋ និងការ​ប្រយុទ្ធ​​​ប្រឆាំង​កូវីដ​១៩ (៤៩​ពាន់​លាន​ដុល្លារសម្រាប់​ការស្រាវជ្រាវ​ និង​១៤​ពាន់​លានសម្រាប់​ការ​ចែកចាយ​ចាក់ថ្នាំបង្ការកូវីដ)។

លោកប្រធានាធិបតី​អាមេរិកចូ បៃដិន បាន​សម្តែង​ការ​អប​អរ​ នៅពេល​ឃើញ​ព្រឹទ្ធសភាអនុម័ត​ផែនការ​សង្គ្រោះ ដែល​អាមេរិក​រង់​ចាំ​បំផុត។ បើ​តាម​លោកប្រធានាធិបតី​ ដើម្បីអាច​​ដើរចេញ​ពី​វិបត្តិបង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស​ថ្មី ដោយ​គ្មាន​ហានិភ័យ​លាប់​ធ្លាក់​ក្នុង​គ្រោះ​សេដ្ឋកិច្ច​វិញ អាមេរិក​ត្រូវ​តែមាន​ផែនការ​ធំមហិមាយ៉ាង​ដូច្នេះ​ឯង។

ផែនការ​សង្គ្រោះ​នេះ​ ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោតនៅ​​សភា​អាមេរិក​​នៅ​ថ្ងៃ​អង្គារ​ទី​៩​មីនាទៀត មុន​នឹង​ប្រធានាធិបតី​ចូបៃដិន ចុះហត្ថលេខា​ផ្តល់​សុពលភាព​នៅ​ថ្ងៃទី ១៤​មីនា។ ការ​អនុម័ត​ផែនការ​តម្លៃ​១៩០០​ពាន់​លានដុល្លារនេះ ជា​ជោគជ័យ​ដំបូង​មួយ​សម្រាប់​លោកប្រធានាធិបតី​ថ្មី ដែល​បានសន្យា​ផ្តល់​ជំនួយ​នេះ​ដល់​ពលរដ្ឋអាមេរិកផង​និងចង់ឃើញ​ផែនការ​នេះអាច​ចេញ​រួច​មុន​ផែនការ​សង្គ្រោះ​បច្ចុប្បន្ន​ផុត​ឱសានវាទ​នៅ​ចុងសប្តាហ៍​ក្រោយ​ផង។ នេះ​ជា​ផែនការសង្គ្រោះពិសេស​​ទីបី​ហើយ​ដែល​ព្រឹទ្ធសភា​អាមេរិកបាន​អនុម័ត​ក្នុង​សម័យ​កាល​មាន​រោគរាតត្បាត​កូវីដ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ