អានតួអត្ថបទ
អាមេរិក

សហរដ្ឋអាមេរិក៖លោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា និងបើកទំព័រសករាជថ្មី

នៅ​សហរដ្ឋអាមេរិក អង្គបោះឆ្នោត​បាន​បញ្ជាក់​ជា​ផ្លូវការ​នា​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ​ពី​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា។ លោក​បៃដិន​ទទួល​បាន ៣០៦អង្គបោះឆ្នោត ហើយ​លោក​ដូណាល់ ត្រាំ​ទទួល​បាន​តែ ២៣២អង្គបោះឆ្នោត។ លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​សភា​ទាំង​ពីរ​ប្រកាស​នៅ​ថ្ងៃទី៦ មករា ឆ្នាំ ២០២១។ តែ​លោក​ត្រាំ​បន្ត​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​បន្ត​ចាត់​ទុក​ជា​ការ​លួចបន្លំ​សន្លឹកឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក​បៃដិន​បាន​ថ្លែង​សារ​ទៅ​កាន់​ប្រជាជាតិ​​នា​យប់​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ​ដោយ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​រួបរួម និង​បើក​ទំព័រ​សករាជ​ថ្មី។ ទន្ទឹម​គ្នា​នេះ លោក​បៃដិន​មិន​ភ្លេច​បរិហារ​លោក​ត្រាំ​ដែល​បាន​ប្រឆាំង​នឹង​ប្រព័ន្ធ​បោះឆ្នោត។

នៅសហរដ្ឋអាមេរិក ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា និងបើកទំព័រសករាជថ្មី
នៅសហរដ្ឋអាមេរិក ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា និងបើកទំព័រសករាជថ្មី REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

« ជា​ថ្មី​ម្តង​ទៀត​នៅ​សហរដ្ឋអាមេរិក រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ពលរដ្ឋ​ជា​អ្នក​ឈ្នះ។ លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ដែល​បាន​រង​ភាព​ក្រឡាប់ចាក់ ការ​គំរាមកំហែង និង​ការ​សាកល្បង​បាន​បង្ហាញ​ពី​ភាព​ធន់​របស់​វា ភាព​សច្ចៈ​របស់​វា និង​កម្លាំងពិត​របស់​វា។ ការ​បោះឆ្នោត​របស់​អង្គបោះឆ្នោត​ថ្ងៃ​នេះ​ឆ្លុះបញ្ចាំង​ការ​ពិត​ដែល​ថា សូម្បី​តែ​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​មិន​ធ្លាប់​មាន​ក៏​ដោយ ក៏​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​សម្បើម​បាន​ចូលរួម​បោះឆ្នោត​ដែរ។

ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ដ៏​ច្រើន​សម្បើម​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​អាមេរិក។ ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​អាមេរិក​នេះ​ទៀត​សោត​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ចេញ​នូវ​កាតព្វកិច្ច​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​យើង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​សាទរ ពោល​មិន​មែន​វាយប្រហារ​ទេ។ អ្វី​ដែល​កំពុង​មាន​សង្វាក់​ខ្លាំង​នៅ​ក្នុង​បេះដូង​ពលរដ្ឋ​អាមេរិក​គឺ លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មាន​សំឡេង រាប់​សន្លឹកឆ្នោត​ទាំង​អស់ និង​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដើម្បី​គ្រប់គ្រង​ប្រទេស។

នៅ​សហរដ្ឋអាមេរិក អំណាច​ស្ថិត​ក្នុង​ដៃ​របស់​ពលរដ្ឋ ពោល​មិន​មែន​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​អ្នកនយោបាយ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ