អានតួអត្ថបទ
អាមេរិក

សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំបោះមួយជំហានទៅរកការទទួលស្គាល់បរាជ័យ

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ផ្ញើ​សារ​ជូនពរ​កងទ័ព​នា​បុណ្យអរព្រះគុណ « Thanksgiving » ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ វិច្ឆិកា។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ត្រាំ​បាន​ឈាន​មួយ​ជំហាន​ទៅ​ទទួល​ស្គាល់​បរាជ័យ​របស់​លោក​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា​ដោយ​បញ្ជាក់​ថា លោក​នឹង​ចាកចេញ​ពី​សេតវិមាន បើ​ជ័យជំនះ​របស់​លោក​ចូ បៃដិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ។ ចំណែក​លោក​បៃដិន និង​ភរិយា​បាន​ផ្ញើ​សារវីដែអូ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក​នា​ឱកាស​បុណ្យអរព្រះគុណ ឬ « Thanksgiving »។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និង​ភរិយា​នៅ​ក្នុង​ពិធីបុណ្យ Thanksgiving ក្នុង​សេតវិមាន ថ្ងៃទី២៦ វិច្ឆិកា ២០២០។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និង​ភរិយា​នៅ​ក្នុង​ពិធីបុណ្យ Thanksgiving ក្នុង​សេតវិមាន ថ្ងៃទី២៦ វិច្ឆិកា ២០២០។ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារវីដេអូ​របស់​អនាគត​គូស្រក​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ចៀងវាង​ការ​ជួបជុំ​ក្រោម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ចំណែក​ភរិយា​របស់​លោក​បៃដិន​បាន​ថ្លែង​អរគុណ​ចំពោះ​ពលរដ្ឋអាមេរិក​ជា​ច្រើន​លាន​នាក់​ដែល​កំពុង​បន្ត​ធ្វើ​ការងារ​នៅ​ជួរ​មុខ​នៅ​ក្នុង​វិបត្តិ​កូវីដ១៩ ពិសេស​ក្រុម​បុគ្គលិកពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ ក្រុម​បុគ្គលិក​ដែល​បម្រើការ​ក្នុង​ផ្នែក​ចំណីអាហារ និង​ក្រុម​គ្រូបង្រៀន​ដែល​កំពុង​បង្ហាត់បង្រៀន​កូនសិស្ស។ បន្ទាប់​មក លោក​បៃដិន និង​ភរិយា​ក៏​បាន​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​ជាមួយ​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​សមាជិក​ដោយ​ជំងឺ​កូវីដ១៩។

ចំណែក​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន គេ​មិន​បាន​ឃើញ​មាន​សារ​របស់​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​ចំពោះ​ពលរដ្ឋ​អាមេរិក​ក្នុង​ថ្ងៃ​បុណ្យអរព្រះគុណ​ទេ។ តែ​ជា​សារ​ដែល​លោក​ត្រាំ​បាន​ផ្ញើ​ទៅ​កាន់​កងទ័ព។ បន្ទាប់​មក លោក​ត្រាំ​បាន​សន្យា​នៅ​ចំពោះ​មុខ​ក្រុមអ្នកកាសែត​ថា លោក​នឹង​ចាក​ចេញ​ពី​សេតវិមាន បើ​ជ័យជំនះ​របស់​លោក​ចូ បៃដិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ។ អ្នក​កាសែត​បាន​សួរ​លោក​ត្រាំ​ថា « តើ​លោក​ត្រៀម​ខ្លួន​ទទួល​ស្គាល់​បរាជ័យ​ទេ បើ​ក្រុម​អង្គបោះឆ្នោត​បញ្ជាក់​ថា លោក​ចូ បៃដិន​ជា​អនាគត​ប្រធានាធិបតី​អាមេរិក? »។ « ពិត​ជា​រឿង​ដែល​នឹង​ពិបាក​ទទួល​យក​ខ្លាំង​ណាស់ ព្រោះ​យើង​បាន​ដឹង​ថា​មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​យ៉ាង​ច្រើន​សម្បើម » នេះ​ជា​ចម្លើយ​របស់​លោក​ត្រាំ។

សំណួរ​មួយ​ទៀត « តើ​លោក​នឹង​ចាកចេញ​ពី​សេតវិមាន​ដែល​ឬ​ទេ​នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០២១ ដែល​ជា​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​បៃដិន​ជា​អនាគត​ប្រធានាធិបតី​អាមេរិក?។ ពិតណាស់ ខ្ញុំ​នឹង​ចាកចេញ ហើយ​អស់លោក​ក៏​ដឹង​ដែរ » នេះ​ចម្លើយ​ដែល​លោក​ត្រាំ​បាន​ឆ្លើយ​ចុង​មាត់ ចុង ក។ គួរ​បញ្ជាក់​ថា​តាម​គម្រោង អង្គបោះឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ​នឹង​ប្រជុំ​គ្នា​នៅ​ថ្ងៃទី១៤ ធ្នូ​ខាង​មុខ​ដើម្បី​តែងតាំង​បេក្ខជន​ឈ្នះឆ្នោត​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ