អានតួអត្ថបទ
សហរដ្ឋអាមេរិក

មន្ត្រីក្រសួងយុត្តិធម៌អាេមរិក​​​លាលែង​ចេញ​ពី​តំណែង ក្រោយ​​រដ្ឋមន្ត្រី​​បញ្ជា​ឲ្យ​​ស៊ើប​អង្កេត​រឿង​ក្លែង​បន្លំ​​​សន្លឹកឆ្នោត

លោក Bill Barr រដ្ឋមន្ត្រីមន្ត្រី​ក្រសួងយុត្តិធម៌អាេមរិក​ ដែលជាមនុស្សជំនិតបំផុត របស់​លោក​ដូណាល់ ត្រាំ បានអនុញ្ញាឲ្យ​បើកការស៊ើបអង្កេត ទាក់ទិននឹង​នឹងភាព​មិនប្រក្រតី ​ក្នុងការបោះឆ្នោតថ្ងៃទី ៣វិច្ឆិកា។ លោកដូណាល់ ត្រាំ​បានចោទប្រកាន់ ថាការបោះឆ្នោតនេះ មានការក្លែងបន្លំសន្លឹកឆ្នោត។ នៅក្រោយ​ការចេញ​បញ្ជាឲ្យ​បើកការស៊ើបអង្កេតនេះ មន្ត្រីទទួលបន្ទុក​ម្នាក់ នៃក្រសួងយុត្តិធម៌អាមេរិក បានសម្រេចចិត្ត លាលែងចេញពីតំណែង។

ស្ត្រីអ្នកគាំត្រ​លោកដូណាល់ ត្រាំម្នាក់ កាន់បដាតវ៉ា នៅមុខការិយាល័យ​រៀបចំការបោះឆ្នោត​ ក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី​៩ វិច្ឆិកា ២០២០
ស្ត្រីអ្នកគាំត្រ​លោកដូណាល់ ត្រាំម្នាក់ កាន់បដាតវ៉ា នៅមុខការិយាល័យ​រៀបចំការបោះឆ្នោត​ ក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី​៩ វិច្ឆិកា ២០២០ AP - Paul Bersebach
ផ្សាយពាណិជ្ជកម្ម

លោក Bill Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសរសេរលិខិតមួយ ផ្ញើទៅកាន់រដ្ឋអាជ្ញាសហព័ន្ធទាំងអស់ ដោយ​បានបញ្ជាក់ថា លោកអនុញ្ញាតឲ្យ​បើក​ការស៊ើបអង្កេត ស្តីពី​ការលើកឡើង ទាក់ទិននឹងភាពមិនប្រក្រតីនៅក្នុង​​ការបោះ និងការរាប់សន្លឹកឆ្នោត នៅតាមដែនដីយុត្តាធិការរៀងៗខ្លួន បើទោះបីជា​មិនទាន់​មាន​ការ​កំណត់លទ្ធផលជាផ្លូវការ​ក្តី។

នៅក្នុងលិខិតនេះដែរ លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជា​មនុស្ស​ស្មោះស្ម័គ្រនឹងលោកដូណាល់ ត្រាំបំផុតនោះ បានបន្ថែមថា ការអនុញ្ញាតឲ្យ​បើកការ​ស៊ើបអង្កេតនេះ មិនមែនមាន​ន័យថា ក្រសួងយុត្តិធម៌ មានភស្តុតាងបញ្ជាក់ថាមានការក្លែងបន្លំសន្លឹកឆ្នោត​នោះទេ។ លោកបញ្ជាក់ថា រាល់ការស៊ើបអង្កេត គឺត្រូវតែធ្វើឡើង ដោយ​ឈរលើការសង្ស័យ​ដែល​ច្បាស់លាស់ និងគួរជឿទុកចិត្ត ហើយ​ក្នុ​ងករណី​ដែល​មាន​ភាព​មិន​ប្រក្រតីពិតមែន គឺវាអាចធ្វើឲ្យ​ប្រែប្រួល​ ដល់លទ្ធផលឆ្នោតនៅតាមរដ្ឋនីមួយ​ៗ។

បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ចេញបញ្ជានេះភ្លាម លោក Richard Pilger មន្ត្រីទទួលបន្ទុកបទល្មើសក្នុងកិច្ចការបោះឆ្នោត នៃក្រសួង​យុត្តិធម៌ បាន​ដាក់ពាក្យ​លាឈប់ពីមុខតំណែងភ្លាម។ យោងតាមការ​ចុះផ្សាយរបស់កាសែត The New York Times បានឲ្យ​ដឹងថា លោក Richard Pilger បានផ្ញើអ៊ីមែលមួយទៅ កាន់ក្រុមការងារលោក ថាបន្ទាប់ពី​បានឃើញវិធានការថ្មីចេញដោយរដ្ឋមន្ត្រី គឺលោក​មិន​អាចបន្ត​កាន់​មុខងារ​នេះ បានតទៅទៀតទេ។

គួរបញ្ជាក់ថា យោងតាមវិធានច្បាប់បោះឆ្នោតនៅសហរដ្ឋអាេមរិក ការស៊ើបអង្កេតស្តី​ពីភាព​មិនប្រក្រតី​ណាមួយ​ នៅក្នុងការបោះឆ្នោត គឺវាជាសិទ្ធិអំណាចសម្រេច នៅក្នុងក្របខណ្ឌរដ្ឋនីមួយៗ ព្រោះអាជ្ញាធរ​រដ្ឋនីមួយៗ ជាអ្នកកំណត់វិធាន និងចាត់ចែងការបោះឆ្នោតក្នុងរដ្ឋគេរៀងៗខ្លួន។ ក្រសួងយុត្តិធម៌ដែលជាអំណាចរដ្ឋសហព័ន្ធ អាចលូកដៃ បើកការស៊ើបអង្កេតបាន ល្គឹកណា ការរាប់សន្លឹកឆ្នោត បានចប់សព្វគ្រប់ និងមានលទ្ធផលឆ្នោតចេញជាផ្លូវការ​ដោយ​រដ្ឋនីមួយៗ។

គួរកត់សំគាល់ថា ក្រុមលោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងប្រើយុទ្ធសាស្ត្រ ប្រកូកប្រកាស​ចោទប្រកាន់ ថាមានការបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ។ តែយ៉ាងណា អាជ្ញាធររដ្ឋនីមួយ​ៗ ដែលគ្រប់គ្រង​និងចាត់ចែងការបោះឆ្នោត បាន​លើកឡើងថា ក្រុមលោកដូណាល់ ត្រាំ ត្រូវតែបង្ហាញភស្តុតាង ឲ្យ​ជាក់ច្បាស់ មិនមែនគ្រាន់តែនិយាយ​ចោទតែមាត់ទទេរ ដើម្បី​បំផុសបំផុល​ឲ្យ​មនុស្ស​ម្នា ផ្អើលឈូរឆដូច្នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ