អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បោះឆ្នោត

ប្រតិកម្ម​ពិភពលោក ជុំ​វិញ​ជោគជ័យ​របស់​​លោក ចូ បៃដិន​ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក

មេដឹកនាំប្រទេសជា​ច្រើន​​នៅ​លើ​ពិភពលោក បាន​សម្តែង​ការ​អបអរ​ ចំពោះ​ជោគជ័យ​របស់​លោក ចូ បៃដិន ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី ៤៦​របស់​សហរដ្ឋ​អាមេរិក។ ជាមួយ​នឹងសារ​លើក​សរសើរ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី មេដឹកនាំប្រទេស​ជា​ច្រើន បាន​អំពាវនាវឱ្យ​អាមេរិក​វិល​មក​បញ្ចេញ​សកម្មភាព​រួម ដើម្បីជម្នះ​ឧបសគ្គ​ពិភពលោក។

លោក ចូ បៃដិន ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី  ថ្លែង​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ថ្ងៃទី ៧ វិច្ឆិកា នៅក្រុង​ Wilmington
លោក ចូ បៃដិន ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ថ្លែង​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ថ្ងៃទី ៧ វិច្ឆិកា នៅក្រុង​ Wilmington AP Photo / Andrew Harnik
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ប្រព័ន្ធ​សារព័ត៌មាន​​អាមេរិក​បាន​​ប្រកាស​ផ្តល់​ជោគជ័យ ដល់​ លោក ចូ បៃដិន នៅ​ល្ងាចថ្ងៃ​សៅរ៍​ទី ៧ វិច្ឆិកា ភ្លាម ប្រតិកម្ម​​អន្តរជាតិ​ តាំង​ពីទ្វីប​អាមេរិក​ ឆ្លង​អឺរ៉ុប​ ដល់​អាស៊ី​ ដើមបូព៌ា ព្រមទាំង​អាហ្វ្រិក​ បាន​ធ្លាក់​មកជា​បន្ត​បន្ទាប់។

 

 

នាយករដ្ឋមន្ត្រី​កាណាដា បាន​បង្ហោះសារ​ទ្វីត​មុន​គេ អបអរ​​ជោគជ័យ​របស់​​លោកចូបៃដិន។ ​

សហភាព​អឺរ៉ុប នាំ​មុខ​ដោយ​ប្រធាន​គណៈកម្មការ​ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប  ប្រធានាធិបតី​បារាំង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ... បាន​​លើក​សរសើរ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក​ចូបៃដិន ជាមួយ​សេចក្តី​សង្ឃឹម​ថា​អឺរ៉ុប​និង​អាមេរិក​នឹង​ពង្រឹង​ចំណង​សម្ព័ន្ធភាព​អន្តរអាត្លង់​ទិក​ជា​ប្រពៃណីនិង​មិន​អាចជំនួស​បាន ឱ្យ​ក្លាយ​ជា​ដៃគូ​រឹងមាំ​​ឡើង​វិញ បន្ទាប់​ពី​មាន​ទំនាក់ទំនង​រអាក់​រអួល​​អស់​បួន​ឆ្នាំ​ក្រោម​​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ។ អាមេរិក​ជា​សកម្មជន​ដ៏​រឹង​មាំ​របស់​អូតង់ អូតង់​អន្ទះ​សា​ចង់​ធ្វើ​ការ​ជាមួយ​លោក ចូ បៃដិន ព្រោះ​បើ​អូតង់​រឹង​មាំ​ គឺ​ល្អ​ទាំង​សម្រាប់​អឺរ៉ុប​និង​អាមេរិក។ អង់គ្លេស​ត្រៀម​ជា​ស្រេច​នឹង​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​របស់​ចូបៃដិន ជា​ពិសេស​លើ​បញ្ហា​អាកាសធាតុ​។ នេះ​ជា​សារ​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស។

 

“ខ្ញុំសូម​អបអរ​ជោគជ័យ​របស់​លោក​ចូបៃដិន និង​លោកស្រី កាម៉ាឡា ហារី ជា​ប្រធានាធិបតី​និងអនុប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ! វ៉េណេស៊ុយអេឡា​ត្រៀម​ជា​និច្ច​នឹង​ចរចា​ និងត្រូវ​រ៉ូវ​ជាមួយ​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាលអាមេរិក។ នេះ​ជា​សារ​របស់​ប្រធានាធិបតី​នីកូឡាម៉ាឌុរ៉ូ។ ឯ​លោក​ហ្កៃដូ​មេបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​ ក៏​បានអបអរ​ជោគជ័យ​របស់​លោក​បៃដិន​ដែរ ដោយ​សង្ឃឹម​ថានឹង​អាច​ធ្វើ​ការ​រួម​គ្នា​ជាមួយ​អាមេរិក​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ និង​សិទ្ធិ​មនុស្ស​ជូន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា។

 

“សូម​អបអរ​លោក​ចូបៃដិន​ និង​លោកស្រី ខាម៉ាឡា ហារី ! យើង​ស្គាល់​គ្នា​ជាង​៤០​ឆ្នាំ​មក​ហើយ​! ខ្ញុំដឹងថា​អ្នកជា​មិត្ត​ដ៏​ប្រពៃ​របស់​អ៊ីស្រាអែល។ ជា​មួយ​អ្នក​ ចំណង​មិត្ត​ពិសេស​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​នឹង​កាន់​តែ​រឹង​​បន្តឹង​”។ នេះ​ជា​សារ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលនេតាន់​យ៉ាហ៊ូ។​ អាជ្ញាធរ​ប៉ាឡេស្ទីនដែល​បាន​ផ្តាច់ទំនាក់ទំនង​ជា​មួយ​រដ្ឋាភិបាលលោកដូណាល់ ត្រាំ បាន​សម្តែង​អំណរ​និង​ប្រកាស​រង់ចាំ​សហការ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​បៃដិន​ដើម្បី​ធានាស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ប៉ាឡេស្ទីន។

 

នាយករដ្ឋមន្ត្រី​ជប៉ុន ​រីក​រាយ​នឹង​ធ្វើ​ការ​ជាមួយ​លោក​ចូ បៃដិន ដើម្បី​ពង្រឹង​សន្តិភាព សេរីភាព និង​ភាព​រុងរឿង​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​ផ្សេងទៀត។ ចំណែកឥណ្ឌា​វិញ​ ជាមួយ​នឹងសារ​អបអរ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ណារិនដ្រា ម៉ូឌី បាន​គូសបញ្ជាក់​អំពី​មោទនភាពដ៏ធំធេង​ពិសេស​របស់​ឥណ្ឌា ចំពោះ​លោកស្រី ខាម៉ាឡា ហារី ព្រោះ​លោកស្រី មានម្តាយ​​ដើម​កំណើត​ឥណ្ឌា។

 

ក្រៅ​អំពី​សារ​អបអរ​​រីករាយ​​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​ច្រើន ប្រធានាធិបតី​​ម៉ិចស៊ិក​ បាន​បង្ហោះ​សារ​រំលឹកថា​ដូចជា​ឆាប់​ពេកនិង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដែលត្រូវ​សរសើរ​អបអរ​លោកបៃដិន​ ខណៈ​ដែល​ចំណោទ​តាម​ផ្លូវ​ច្បាប់​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់។ ស្លូវ៉ានី ដែល​​សមាជិក​​សហភាព​អឺរ៉ុបមួយ​ដែរ​ បាន​បញ្ចេញ​ប្រតិកម្ម​​ថា​តុលាការ​អាមេរិ​កមិន​ទាន់​ចាប់​ផ្តើម​សម្រេច​ផង សារព័ត៌មាន​នាំ​គ្នា​ប្រកាស​ជោគជ័យ​ទៅ​ហើយ។ ហើយ​ការ​អបអរ​ធ្លាក់​មក​ពីគ្រប់​ទិសទី !

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ