អានតួអត្ថបទ

អ្នកជំនាញ​ព្រមាន​ពី​ការកើត​មាន​ អំពើហិង្សា នៅក្រោយ​ការបោះឆ្នោតប្រធានាធិបតី​អាមេរិក

នៅថ្ងៃ​ទី​៣​វិច្ឆិកា ​ប្រជាជន​អាមេរិក​ទៅ​បោះឆ្នោត ក្នុង​ចំនួន​ដ៏ច្រើន​មិនធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍មកនេះ។ នៅក្នុង​កាលៈទេសៈ ជំងឺរាតត្បាត​កូវីដ ១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២សែននាក់ នៅ​អាមេរិក ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ថ្មី ត្រូវ​កត់សំគាល់​ដោយ​ការបោះឆ្នោត ជាមុន ជាពិសេស​តាមរយៈ​សំបុត្រ។ លទ្ធផល​ឆ្នោត​បឋម ដ៏ប្រកៀកប្រកិត​រវាង​លោកដូណាល់ ត្រាំ និង​លោកចូ បៃដិន រឹតតែ​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ថា នឹង​អាច​កើតមាន​ភាពតានតឹង​រវាង​អ្នកគាំទ្រ​របស់​បេក្ខជន​ទាំងពីរ រហូត​ដល់​មាន​ការប្រឈមមុខ​ដាក់គ្នា​ដ៏ហិង្សា នៅក្រោយ​ថ្ងៃ​បោះឆ្នោត។

បាតុករ​ប្រឆាំង​នឹង​ការបិទទីក្រុង​នៅ​រដ្ឋ​Michigan កាលពី​ខែ​មេសា ២០២០
បាតុករ​ប្រឆាំង​នឹង​ការបិទទីក្រុង​នៅ​រដ្ឋ​Michigan កាលពី​ខែ​មេសា ២០២០ AP - Paul Sancya
ផ្សាយពាណិជ្ជកម្ម

ជាមួយ​លទ្ធផលឆ្នោត​បឋម​ដ៏ប្រកៀកប្រកិត​គ្នា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បាន​បង្កើត​បរិយាកាស​ដ៏តានតឹង​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិបោះឆ្នោត នៅអាមេរិក។ ជាលើកទី១ នៅ​អាមេរិក អ្នកជំនួញ នៅទីក្រុង​ញូវយ៉ក វ៉ាស៊ីនតោន និង​នៅតាម​ទីក្រុង​ធំៗ ចាប់ផ្តើម​បិទក្តារ ការពារ​ហាងទំនិញ ក្នុង​ក្តីបារម្ភខ្លាច​ថា នឹង​អាច​កើតមាន​អំពើ​ហិង្សា នៅក្រោយ​ថ្ងៃ​បោះឆ្នោត។

តាម​របាយការណ៍ របស់​អង្គការ​Crisis Groupe ដែល​មាន​បេសកកម្ម បង្ការ និង​ជួយ​ដោះស្រាយ​សម្រាប់​ជម្លោះ​អន្តរជាតិ ការបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ ២០២០​មានការប្រឈម​ខ្លាំង ជាងពេលណាៗ​ទាំងអស់។ នៅក្នុង​សង្គម​អាមេរិក​ដែលបែកបាក់ បែងចែក ជាពីរ​ក្រុម​ប្រឆាំងគ្នា អំពើហិង្សា អាច​កើតមាន​នៅក្នុងបោះឆ្នោត ឬ​នៅក្នុង​ពេល​រាប់សន្លឹកឆ្នោត ដែល​ត្រូវ​ពន្យារពេល​ដោយសារ សន្លឹកឆ្នោត បោះតាម​សំបុត្រ។

នៅ​យប់ថ្ងៃ​អង្គារ នៅពេល​ការរាប់សន្លឹកឆ្នោត នៅមិនទាន់​ចប់សព្វគ្រប់ លោកដូណាល់ ត្រាំ បាន​ប្រកាស​នៅមុខ អ្នកគាំទ្រ​របស់លោក​នៅ​សេតវិមាន​ថា លោក​បាន​ឈ្នះឆ្នោត ប៉ុន្តែ មាន​មនុស្ស​មួយក្រុមតូច​បាន​ព្យាយាម​លួច​ឆ្នោត​របស់​លោក។ នៅពេល​លទ្ធផល​ឆ្នោត នៅ​មិនទាន់​ចេញជាផ្លូវការ ដោយសារ​ការបន្ត​រាប់សន្លឹកឆ្នោត ដែល​បោះតាម​សំបុត្រ លោកដូណាល់ ត្រាំ បាន​ប្រាប់​ឲ្យ​គេ​ឈប់​រាប់សន្លឹកឆ្នោត នៅតាម​រដ្ឋ​ដែល​លោក​កំពុងនាំមុខ និង​ព្រមាន​ប្តឹង​ទៅ​តុលាការ​កំពូល។ នៅក្នុង​សារ​Twitter នៅ​ព្រឹក​ថ្ងៃ​ពុធ លោកដូណាល់ ត្រាំ នៅ​បាន​សរសេរ​ទៀតថា “លោក​បាន​ឈ្នះ នាំមុខ ដាច់ឆ្ងាយ ប៉ុន្តែ គេ​បាន​ព្យាយាម​លួចសន្លឹកឆ្នោត។ លោក​នឹង​មិនបណ្តោយ​ឲ្យ​កើតមាន​នោះទេ”។ សារ​Twitter របស់​លោកដូណាល់ ត្រាំ ត្រូវ​បាន​ក្រុមហ៊ុន​Twitter ចាប់ដាក់​សញ្ញា​ឲ្យ​ពិនិត្យពិច័យ ក្នុង​ន័យថា អាច​ជា​សារ​បោកប្រាស់។

តាម​របាយការណ៍ ដែល​Crisis Group ចេញផ្សាយ កាលពី​ថ្ងៃ​ទី ៣០​តុលា លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​តំណាង​ឲ្យ​ការបែកបាក់​ក្នុង​សង្គម​អាមេរិក គឺ ជាកត្តា​ចំបង ញុះញង់​ឲ្យ​កើតមានអំពើហិង្សា។ “លោកដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ជាច្រើន​ដង ថា បើលោក​ចាញ់ឆ្នោត ហេតុផល​មានតែម្យ៉ាង គឺ មក​តែពី​មានការលួច​បន្លំ​សន្លឹកឆ្នោត។ ការអះអាង​របស់​លោកដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​បដិសេធ មិន​សន្យា​ផ្ទេរអំណាច​ដោយ​សន្តិភាព ក្នុង​ករណី​លោក​ចាញ់ឆ្នោត។

លោកដូណាល់​ត្រាំ ធ្លាប់​បាន​ចោទ​ក្រុមឆ្វេង​និយមជ្រុល ថា​ជាអ្នកបង្ក​អំពើហិង្សា ដុតវាយបំផ្លាញ​ហាងទំនិញ។ លោកដូណាល់ ត្រាំ នៅបាន​បង្កើតបរិយាកាស​ភ័យខ្លាច​ដោយ​ផ្សព្វផ្សាយ​ថា អាមេរិក​នឹង​ក្លាយ​ជា​ប្រទេស​សង្គមនិយម កុម្មុយនិស្ត​ដូចជា​វេណេស៊ុយអេឡា ឬថា សាលារៀន ក្រុមហ៊ុន​ត្រូវ​បិទទ្វារ​បើសិន​លោក​ចូ បាយដិន​ឈ្នះឆ្នោត។

មួយវិញទៀត គេវាយតម្លៃថា ទំនាក់ទំនង ដ៏ស្រពិចស្រពិល​រវាង​លោកដូណាល់ ត្រាំ ជាមួយ​ក្រុមស្តាំនិយមជ្រុល ដូចជា​ក្រុមស្បែកស ប្រកាន់​រើសអើង​ពូជសាសន៍ រឹតតែ​ធ្វើឲ្យ​លទ្ធភាព​ផ្ទុះកើតមាន​អំពើហិង្សាមាន​កាន់តែ​ច្រើន។ នៅក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោកដូណាល់ ត្រាំ មិនបាន​និយាយ​ថ្កោលទោស ក្រុមស្តាំនិយមជ្រុល ប៉ុន្តែ បែរ​ជា​ប្រាប់​ឲ្យ​ពួកគេ ដកថយ និង​រង់ចាំ។ តាម​ក្រសួងសន្តិសុខ​ផ្ទៃក្នុង ក្រុមស្តាំ​និយមជ្រុល ជា​ក្រុមរើសអើង​ប្រកាន់​ពូជសាសន៍​ដ៏គ្រោះថ្នាក់ ដែល​អាច​គំរាមកំហែង បង្ក​គ្រោះថ្នាក់​ដល់​ជីវិត នៅ​ប្រទេស​អាមេរិក។

ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ធ្លាប់​បាន​ព្រមាន​ពី​គ្រោះថ្នាក់ និង​សង្រ្គាមស៊ីវិល​បង្ក​ឡើង​ដោយ​ក្រុមជ្រុលនិយម នៅ​ទឹកដី​អាមេរិក។ តាមសមាគម​ឧស្សាហកម្ម​ជំនួញ​អាវុធ ការលក់ជួញដូរ​អាវុធ​បាន​កើនឡើង​ខ្លាំង​ចាប់តាំង​ពីដើមឆ្នាំ។ គិត​ចាប់តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​កញ្ញាឆ្នាំ ២០២០ គេ​បាន​លក់អាវុធ ប្រមាណ ១៦,៧លាន​ដើម ពោល​គឺ​ស្មើ​នឹង​រយៈពេល ពេញ​១​ឆ្នាំ ២០១៩។ អ្វីដែលគួរ​ឲ្យ​កត់សំគាល់ ៤០ភាគរយ​នៃ​អាវុធ ដែល​គេ​លក់​នៅក្នុង រយៈពេល​៤ខែ ដើម​ឆ្នាំនេះ ធ្លាក់​ទៅក្នុង​ដៃ​របស់​អ្នកដែល​មិនធ្លាប់​មាន​ប្រវត្តិទិញអាវុធ ដាក់​ខ្លួន​ទាល់តែសោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ