អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

មន្ទីរពិសោធន៍Johnson & Johnson ផ្អាក​ការ​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ ក្រោយ​លេចចេញ​ជំងឺ​ប្លែក​មួយ​

មន្ទីរពិសោធន៍ផលិតឱសថអាមេរិក​ ឈ្មោះ Johnson & Johnson បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃចន្ទទី​១២តុលា ថាខ្លួនបានសម្រេចផ្អាកទាំងស្រុង នូវ​ការសាកល្បងដំណាក់កាលទី​៣ បន្ទាប់ពីមាន​អ្នកទទួលវ៉ាក់សាំងសាកល្បងនេះម្នាក់ បាន​ធ្លាក់ខ្លួនឈឺ ដោយជម្ងឺប្រភេទថ្មីមួយទៀត។ មន្ទីរពិសោធន៍នេះ បញ្ជាក់ថា អ្នកជំនាញកំពុងតែ​ពិនិត្យ​ ស្វែងយល់លើជំងឺនោះ។ 

វ៉ាក់សាំងសាកល្បង របស់មន្ទីរពិសោធ Johnson & Johnson
វ៉ាក់សាំងសាកល្បង របស់មន្ទីរពិសោធ Johnson & Johnson AP - Cheryl Gerber
ផ្សាយពាណិជ្ជកម្ម

សហគ្រាសផលិតឱសថអាមេរិក Johnson & Johnson ដែលកំពុងតែធ្វើការសាកល្បងទ្រង់ទ្រាយធំ នូវថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បានសម្រេកផ្អាកទាំងស្រុង នូវការសាកល្បងនេះ។ យោងតាម​លិខិតប្រកាស របស់​មន្ទីរពិសោធន៍នេះ គឺមានមនុស្សម្នាក់ដែលចូលរួមក្នុងការ​សាកល្បងនេះ បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺប្លែកម្យ៉ាងថ្មីមួយ។ មន្ទីរពិសោធន៍ បញ្ជាក់ថា អ្នកជំនាញ​កំពុងតែពិនិត្យ ស្វែងយល់ឲ្យច្បាស់ អំពីជំងឺថ្មីនេះ។

ដោយឈរលើមូលហេតុនេះ ដំណាក់កាលសាកល្បងទី៣ ដែលត្រូវការមនុស្ស​ចូលរួម ប្រមាណ​៦ម៉ឺននាក់នោះ នឹងត្រូវផ្អាកទាំងស្រុង។ ចំណែកគណៈកម្មការឯករាជ្យ ទទួលបន្ទុក​សុវត្ថិភាព​របស់អ្នកចូលរួម នឹងត្រូវជូនដំណឹង ដើម្បីតាមដានស្វែងយល់។ នេះបើយោងតាមលិខិតប្រកាស របស់សហគ្រាស​ Johnson & Johnson។

តែយ៉ាងណា មន្ទីរពិសោធន៍នេះ ទទួលស្គាល់ថា ការសម្រេចផ្អាកជាបណ្តោះអាសន្ន នូវដំណាក់កាលសាកល្បងនៃថ្នាំវ៉ាក់សាំងថ្មីមួយ​ គឺវាជារឿងធម្មតា និងតែងតែកើតមាន។ ការផ្អាកជាបណ្តោះអាសន្ននេះសម្រេចដោយមន្ទីរពិសោធន៍​ គឺវាមានន័យខុស ពីការបញ្ជារឲ្យផ្អាក ដែលជាការសម្រេច​ពី សំណាក់អាជ្ញាធរសុខាភិបាលមានសមត្ថកិច្ច។

សូមរំលឹកដែរថា កាលពីខែ​កញ្ញា មន្ទីរពិសោធន៍អង់គ្លេសឈ្មោះ AstraZeneca ក៏បានសម្រេចផ្អាក​ដំណាក់កាលសាកល្បង វ៉ាក់សាំងកូវីដ១៩របស់ខ្លួនដែរ បន្ទាប់ពី​មានលេចចេញ នូវជម្ងឺថ្មីមួយប្រភេទ រកពន្យល់មិនបាន ទៅលើមនុស្សម្នាក់ ដែលទទួលវ៉ាក់សាំងសាកល្បងនោះ។

គិតមកត្រឹមពេលនេះ មានគម្រោងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១០ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី​៣ ដែលជាដំណាក់កាលសាកល្បងចុងក្រោយបង្អស់។ គេសង្ឃឹមថា នៅរវាងដើមឆ្នាំ ២០២១ នឹងមានដំណឹងល្អ ស្តីពីការរកឃើញ​វ៉ាក់សាំងមួយ ដែលមានប្រសិទ្ធិភាព ហើយមិនបង្កគ្រោះថ្នាក់ខ្លាំង ដល់សុខភាពមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ