អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

បោះឆ្នោតប្រធានាធិបតីអាមេរិក ៖ លោកត្រាំ កំពុង​កែសម្តី​ស្តីពី​រឿង​អាស្រូវ​ប្រកាន់​ពូជសាសន៍

កម្មវិធី​ជជែក​ដេញ​ដោលជា​លើក​ទីមួយ​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​​ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី ប្រព្រឹត្ត​ទៅ​យ៉ាង​​​ដ៏​ច្របូក​ច្របល់បំផុត​មក ពេលនេះ​លោក​ដូណាល់ ត្រាំ កំពុង​រិះរក​វិធី​កែ​ប្រែ​សម្តី​​របស់​លោក​ទាក់ទង​​នឹងក្រុមស្តាំ​​ជ្រុលនិយម​ស្បែក​ស ដែល​លោក​មិន​បាន​បដិសេធ​មិនថ្កោល​ទោស នៅ​ពេលឆ្លើយ​នឹងសំណួរ​របស់​អ្នកសម្របសម្រួល។ ​​សម្រាប់​លោក​ចូ បៃដិន បេក្ខជនប្រធានាធិបតី​បក្សប្រជាធិបតេយ្យ​វិញ បាន​បរិហារ​ថា “​ជា​ភាព​អាម៉ាសជាតិ”។ ចំណែក​គណៈកម្មការ​ទទួល​បន្ទុក​ការ​បោះឆ្នោត​ គ្រោង​នឹង​ធ្វើការ​ប្តូរ​ផ្លាស់វិធាន​នៃការ​តស៊ូ​មតិ​​លើក​ក្រោយ។

លោក ដូណាល់ ត្រាំ នៅ​ Cleveland រដ្ឋ​ Ohioថ្ងៃទី ២៩ កញ្ញា ២០២០
លោក ដូណាល់ ត្រាំ នៅ​ Cleveland រដ្ឋ​ Ohioថ្ងៃទី ២៩ កញ្ញា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

ប្រឈមនឹង​ប្រតិកម្មដ៏​ព្រោង​ព្រាតក្នុង​ប្រព័ន្ធសង្គម​ ពី​សំណាក់​ពលរដ្ឋ​អាមេរិក​ទូទៅផង និង​ពី​សំណាក់​សកម្មជន​ក្នុង​ជួរ​បក្ស​សាធារណរដ្ឋ​ដូច​គ្នា​ផង លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​អំពាវនាវ​នៅ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ​ស្តាំ​ជ្រុលនិយម​ ដែលមាន​​ជំនឿ​​ថាជន​ស្បែក​ស​​មាន​ប្រៀប​ជាង​គេ​ ដកខ្លួនចេញ និង​​កុំ​មក​ដណ្តើមការងារ​របស់​ភ្នាក់ងារ​ប៉ូលិស។ ជា​សេចក្តី​អំពាវនាវ​ដែល​ធ្វើ​ឡើង​ ដើម្បី​បញ្ជាក់​ជំហរ​និង​បំភ្លឺ​នូវ​ឃ្លា​ដ៏​ស្រពិចស្រពិលមួយ ដែល​​លោក ត្រាំ បាន​ឆ្លើយ​ទៅ​កាន់​អ្នកសម្របសម្រួល​កម្មវិធី​តស៊ូ​មតិ​ជាមួយ​បេក្ខជន​ចូដៃដិន។ នៅ​ល្ងាច​នោះ អ្នកសម្របសម្រួល​បាន​សួរ​ថា​តើ​លោកដូណាល់ ត្រាំ ត្រៀម​នឹងធ្វើ​ការថ្កោល​ទោស​ក្រុម​ជ្រុលនិយម​ស្បែក​ស​ដែរឬទេ ? លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា “អូខេProud Boys ថយ ហើយ​ត្រៀម”!

ពាក្យ​ដ៏​ខ្លី​មួយ​ឃ្លា​នេះ ត្រូវ​បាន​ធ្វើ​ក្រុម​ជ្រុលនិយម​​ប្រដាប់​អាវុធ​ ស្បែកស ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ យកមក​ប្រើ​ជា​ពាក្យ​ស្លោក​​របស់​ខ្លួនគេ​ភ្លាម។ សូម​បញ្ជាក់​ថា​ក្រុម​ប្រដាប់អាវុធ​ស្តាំនិយម​ជ្រុលមួយ​ក្រុមនេះ​ ធ្លាប់​មាន​រឿង​អាស្រូវ​​​បង្ក​អំពើ​ហិង្សា​ជាច្រើនមកហើយ​លើ​ក្រុម​​​បាតុករ​ដែលប្រឆាំង​នឹង​ការ​រើងអើង​ពូជសាសន៍។

នៅ​ថ្ងៃពុធ​ម្សិលមិញ មុន​ចេញទៅ​ឃោសនា លោក​ដូណាល់ ត្រាំ បាន​អះអាង​​បន្ថែម​ទៀត​​ពី​សេតវិមាន ថា មិន​ដឹង​ថា ​ក្រុម Proud Boys ជា​នរណា​ទេ។ លោក​​មាន​ជំហរ​ច្បាស់​លាស់​ណាស់ តាំង​ពីដើម​មក និង​តែ​ងតែ​ថ្កោលទោស​ គ្រប់​ទម្រង់​នៃឧត្តមភាពនិយម (ជ្រុលនិយម​ប្រកាន់​ពូជសាសន៍)​។

ប៉ុន្តែ សម្រាប់​លោក​ចូបៃដិន ការ​ដែលលោកត្រាំប្រកាន់​ឥរិយាបថបែប​​​នេះ ​​ជា​ “ការ​អាម៉ាសជាតិ​”។ នៅមុន​ការកែ​ប្រែ​សម្តី​​របស់​លោកត្រាំ ​លោក​ ចូ បៃដិន បានប្រកាស​​ដោយលះៗ​​ថា សារ​ដែល​ផ្តល់​ទៅ​ឱ្យ​ក្រុម​ជ្រុលនិយម​ស្បែកសមាន​តែ​មួយ គឺ​ ត្រូវ​ក្រុមនេះ “បញ្ឈប់សកម្មភាព​ទាំង​ស្រុង”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ