អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំសម្រេចតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតជាចៅក្រមនៅតុលាការកំពូល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី២៦ កញ្ញា​ពី​ការ​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​ជា​ចៅក្រម​នៅ​តុលាការកំពូល​ជំនួស​កន្លែង​លោកស្រី Ruth Bader Ginsburg ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​សប្តាហ៍​មុន។ លោក​ត្រាំ​សង្ឃឹម​ថា ព្រឹទ្ធសភា​ដែល​គណបក្ស​សាធារណរដ្ឋ​កំពុង​មាន​សំឡេង​ភាគច្រើន​នឹង​អនុម័ត​លើ​ការ​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​នា​ពេល​ឆាប់ៗ​ខាង​មុខ។ តែ​គណបក្សប្រជាធិបតេយ្យ​បាន​បន្ត​ចេញ​មុខ​ប្រឆាំង​ដោយ​ចង់​ឲ្យ​មាន​ការ​តែងតាំង​រូប​ចៅក្រម​ថ្មី​នៅ​តុលាការកំពូល​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា។ លោក​ចូ បៃដិន​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្សប្រជាធិបតេយ្យ​ក៏​ដូច​ជា​អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​កុំ​ឲ្យ​សម្រេចចិត្ត​នៅ​មុន​ថ្ងៃទី៣ វិច្ឆិកា។

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំសម្រេចតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតជាចៅក្រមនៅតុលាការកំពូល ថ្ងៃទី២៦ កញ្ញា ២០២០
ប្រធានាធិបតី​សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំសម្រេចតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតជាចៅក្រមនៅតុលាការកំពូល ថ្ងៃទី២៦ កញ្ញា ២០២០ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី៣ ដែល​លោក​ដូណាល់ ត្រាំ​បាន​តែងតាំង​ចៅក្រម​សម្រាប់​តុលាការកំពូល។ មាន​អាយុ ៤៨ឆ្នាំ លោកស្រី​អេម៉ី ខូនី បារ៉េត​ធ្លាប់​ធ្វើ​ជា​សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​កាតូលិក​ក្នុង​រដ្ឋ Indiana និង​ធ្លាប់​ធ្វើ​ជា​ចៅក្រម​នៅ​សាលាឧទ្ធរណ៍​ក្នុង​រដ្ឋ Indiana Illinois និង​ក្នុង​រដ្ឋ Winconsin។ លោកស្រី​អេម៉ី ខូនី បារ៉េត​មាន​ស្វាមី​ជា​អ្នក​ច្បាប់​ដូច​គ្នា និង​មាន​កូន​ចំនួន ៧នាក់ ក្នុង​នោះ​មាន ២នាក់​ជា​កូនចិញ្ចឹម​ជា​ជនជាតិ​ហៃទី។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ គឺ​បុគ្គលិក​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ជា​អ្នកអភិរក្សនិយម និង​ជា​អ្នក​កាន់សាសនា​កាតូលិក។ លោកស្រី​បារ៉េត​ជា​សមាជិក​នៃ​សហគមន៍​ឯករាជ្យ​មួយ​នៃ​វិហារកាតូលិក People of Praise

គឺ​ជំនឿស៊ុប​លើ​សាសនា​កាតូលិក​របស់​លោកស្រី​បារ៉េត​ដែល​ជា​ប្រភព​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​លោកស្រី និង​សមាជិកព្រឹទ្ធសភា​នៃ​គណបក្សប្រជាធិបតេយ្យ​លោកស្រី Dianne Feinstein ក្នុង​ពេល​បញ្ជាក់​ការ​តែងតាំង​លោកស្រី​ជា​ចៅក្រម​នៅ​សាលាឧទ្ធរណ៍។តាំង​ពី​ពេល​នោះ លោកស្រី​បារ៉េត​បាន​ក្លាយ​ជា​និមិត្តរូប​តំណាង​ឲ្យ​អ្នកកាន់សាសនា​ស្តាំនិយម។ តែ​លោកស្រី​បារ៉េត​ធ្លាប់​បាន​បញ្ជាក់​នា​ពេល​ថ្មីៗ​នៅ​ចំពោះ​មុខ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ថា លោកស្រី​នៅ​តែ​ប្រកាន់​ជំហរ​ផ្ទាល់ខ្លួន​ដោយ​បន្ត​ជឿ​ស៊ុប​លើ​សាសនា តែ​ជំហរ​ផ្ទាល់​ខ្លួន​មួយ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​តួនាទី​ជា​ចៅក្រម​នៅ​តុលាការកំពូល​របស់​លោកស្រី​ទេ។ ក្រៅ​ពី​មាន​បុគ្គលិក​លក្ខណៈ​ជា​អ្នកអភិរក្សនិយម និង​ជា​អ្នក​មាន​ជំនឿស៊ុប​លើ​សាសនា​កាតូលិក លោកស្រី​អេម៉ី ខូនី បារ៉េត​ជា​សកម្មជន​ម្នាក់​ប្រឆាំង​នឹង​ការ​រំលូតកូន។

បន្ទាប់​មក លោកស្រី​អេម៉ី ខូនី បារ៉េត​ធ្លាប់​បាន​ចេញ​មុខ​ប្រឆាំង​នឹង​តុលាការកំពូល​ដែល​បាន​អនុម័ត​លើ​ច្បាប់​កំណែទម្រង់​សុខភាព​របស់​លោក​អូបាម៉ា និង​ដែល​លោក​ត្រាំ​ចង់​លុបចោល​វិញ។ បន្ទាប់​មក​ទៀត​ក្នុង​រយៈពេល ៣ឆ្នាំ​ក្នុង​នាម​ជា​ចៅក្រម​នៅ​សាលាឧទ្ធរណ៍ លោកស្រី​អេម៉ី ខូនី បារ៉េត​បាន​ចេញ​មុខ​ការពារ​ជំហរ​របស់​លោក​ត្រាំ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អន្តោប្រវេសន៍ និង​អាវុធ។ គេ​អាច​និយាយ​បាន​ថា គឺ​បុគ្គលិកលក្ខណៈ​ជា​អ្នក​អភិរក្សនិយម និង​ជំហរ​របស់​លោកស្រី​អេម៉ី ខូនី បារ៉េត​នេះ​ហើយ​ដែល​លោក​ត្រាំ​បាន​តែងតាំង​ជា​ចៅក្រម​នៅ​តុលាការកំពូល​ពេល​នេះ។

ការ​តែងតាំង​លោកស្រី​អេមី ខូនី បារ៉េត​ជា​ជម្រើស​នយោបាយ​របស់​លោក​ត្រាំ

ការ​តែងតាំង​ចៅក្រម​នៅ​តុលាការកំពូល​របស់​លោក​ត្រាំ​នៅ ២លើក​ដំបូង​ហាក់​គ្មាន​រឿងអាស្រូវ​អ្វី​ទេ។ តែ​ការ​តែងតាំង​លើកទី៣ ពេល​នេះ​បែរ​ជា​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ទៅ​វិញ។ គេ​អាច​ពន្យល់​ចំណុច​នេះ​បាន​តាម​រយៈ​ការ​ពន្យល់​ពី​អំណាច​របស់​តុលាការកំពូល។ នៅ​សហរដ្ឋអាមេរិក តុលាការកំពូល​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ជា​ស្ថាប័ន​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស។ អំណាច​របស់​តុលាការកំពូល​មាន​ចែង​ច្បាស់​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។ ចៅក្រម​ទាំង ៩នាក់​នៅ​តុលាការកំពូល​ដែល​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ត្រូវ​កាន់​តំណែង​មួយ​នេះ​មួយ​ជីវិត​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។ ជា​ស្ថាប័ន​សំខាន់​ខ្លាំង​នៅ​ក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស ព្រោះ​តុលាការកំពូល​ជា​អ្នក​អារកាត់ ឬ​ជា​អ្នក​សម្រេច​ចុងក្រោយ​ទៅ​លើ​សំណុំរឿង​សំខាន់ៗ ដូច​ជា​ច្បាប់រំលូតកូន ច្បាប់អាពាហ៍ពិពាហ៍​រវាង​អ្នក​មាន​ភេទ​ដូច​គ្នា ច្បាប់​អន្តោប្រវេសន៍ ឬ​មួយ​សំណុំរឿង​បម្រែបម្រួល​អាកាសធាតុ​ជា​ដើម។

តែ​អ្វី​ដែល​លោក​ត្រាំ​ប្រញិបប្រញាប់​ខ្លាំង​ក្នុង​ការ​តែងតាំង​ចៅក្រម​នៅ​តុលាការកំពូល​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា គឺ​មក​ពី​លោកត្រាំ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត ឬ​មួយ​ក៏​បារម្ភ​ពី​ការ​ប្តឹង​តវ៉ា​របស់​គណបក្សប្រជាធិបតេយ្យ បើ​ពួក​អ្នក​ប្រជាធិបតេយ្យ​ចាញ់​ឆ្នោត​ក្រោម​ហេតុផល​ណា​មួយ។ លទ្ធផល​ស្ទង់មតិ​បាន​បង្ហាញ​ថា លោក​ដូណាល់ ត្រាំ​ចាញ់​បេក្ខជន​គណបក្សប្រជាធិបតេយ្យ​លោក​ចូ បៃដិន​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ ដូច្នេះ​ការ​ដែល​លោក​ត្រាំ​បាន​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​ជា​ចៅក្រម​នៅ​តុលាការកំពូល​ជា​ជម្រើស​មួយ​ដើម្បី​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន។ កម្មវត្ថុ​របស់​លោកត្រាំ គឺ​ទាញ​យក​សន្លឹកឆ្នោត​ពី​ក្រុម​អ្នក​អភិរក្សនិយម និង​ក្រុម​អ្នកកាន់​សាសនាកាតូលិក។ ចូរ​កុំ​ភ្លេច​ថា ក្រុម​សកម្មជន​របស់​លោក​ត្រាំ​ដែល​ធ្លាប់​បាន​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​ក្នុង​ឆ្នាំ ២០១៦ បាន​សម្តែង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​ជា​ចៅក្រម​នៅ​តុលាការកំពូល។

ជា​មួយ​នឹង​ការ​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​ពេល​នេះ ចៅក្រម​ទាំង ៩នាក់​នៅ​តុលាការកំពូល​នឹង​មាន ៦នាក់​ជា​អ្នក​អភិរក្សនិយម និង ៣នាក់​ជា​អ្នកចម្រើននិយម។ មាន​អ្នកអភិរក្សនិយម​កាន់​តែ​ច្រើន លោក​ត្រាំ​កាន់​តែ​សប្បាយចិត្ត បើ​លោក​អាច​ជាប់ឆ្នោត​អាណត្តិ​ថ្មី។

គណបក្សប្រជាធិបតេយ្យ​បន្ត​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​លើក​ពេល​តែងតាំង​លោកស្រី​អេមី ខូនី បារ៉េត

បំណងប្រាថ្នា និង​ការ​ចង់​បាន​របស់​លោក​ដូណាល់ ត្រាំ គឺ​ចង់​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​នៅ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា។ ជា​គោលការណ៍ នីតិវិធី​នៅ​ព្រឹទ្ធសភា​ត្រូវ​ប្រើ​ពេល​ជា​មធ្យម​ចំនួន ៧០ថ្ងៃ។ តែ​ដោយ​គណបក្សសាធារណរដ្ឋ​របស់​លោក​ត្រាំ​មាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ស្រាប់ ពោល​មាន ៥៣​អសនៈ​ក្នុង​ចំនួន ១០០អសនៈ ក្រុម​អ្នកសាធារណរដ្ឋ​ចង់​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន។ តាម​គម្រោង ព្រឹទ្ធសភា​នឹង​ចាប់​ផ្តើម​នីតិវិធី​សួរ ដេញដោល​លោកស្រី​អេម៉ី ខូនី បារ៉េត​នៅ​ថ្ងៃទី១២ តុលា​ខាង​មុខ មុន​នឹង​ធ្វើ​ការ​បោះឆ្នោត​តែងតាំង​ជា​ផ្លូវការ​នៅ​មុន​ថ្ងៃទី៣ វិច្ឆិកា។

ចំណែក​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សប្រជាធិបតេយ្យ​លោក​ចូ បៃដិន​បាន​ត្រឹម​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​សម្រេច​លើ​រឿង​តែងតាំង​លោកស្រី​អេម៉ី ខូនី បារ៉េត​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី៣ វិច្ឆិកា។ « ព្រឹទ្ធសភា​មិន​ត្រូវ​សម្រេច​អ្វី​ទាំង​អស់ ល្គឹក​ណា​ពលរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បាន​ជ្រើសរើស​អនាគត​ប្រធានាធិបតី និង​សភា​របស់​ពួក​គេ »នេះ​ជា​ការ​បញ្ជាក់​របស់​អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ