អានតួអត្ថបទ
សហរដ្ឋអាេមរិក បោះឆ្នោតប្រធានាធិបតី

លោកអូបាម៉ា ប្រកាស​គាំទ្រ​បេក្ខភាព​​លោកចូ បៃដិន ជា​ប្រធានាធិបតី​

ប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ប៊ែរនី ស៊ែនឌើ បានប្រកាសដកខ្លួន ហើយគាំទ្រលោក ចូ បៃដិន ជាបេក្ខជន​ប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា កាលពីថ្ងៃអង្គារ​ទី១៤មេសា លោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិកដ៏មានប្រជាប្រិយភាព ក៏បាន​​ប្រកាសគាំទ្រ​ បេក្ខភាពរបស់​លោកចូ បៃដិន ដែរ។ លោក អូបាម៉ា លើកឡើងថា ស្ថិតក្នុងកាលៈទេសៈវិបត្តិដ៏ធ្ងន់​ ដែលសហរដ្ឋអាេមរិក កំពុងឆ្លងកាត់នាពេលនេះ លោកចូ បៃដិន ជាមនុស្សសក្តិសមបំផុត ក្នុងការដឹកនាំប្រទេស ឲ្យជាសះស្បើយរាំងមាំឡើងវិញ។

លោកអូបាម៉ា និងលោកចូបៃដិន
លោកអូបាម៉ា និងលោកចូបៃដិន REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារវីដេអូ រយៈពេល១២នាទី លោកអូបាម៉ា បានថ្លែងទៅកាន់ប្រជាជនអាេមរិក ស្តីពីក្តីសោក​​សង្រេង​ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សជាច្រើននាក់ ដោយសារមេរោគកូវីដ១៩។ បន្ទាប់​មក លោកអូបាម៉ាបានប្រកាសថាលោក គាំទ្របេក្ខភាពរបស់ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី​សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខ។

លោកអូបាម៉ាលើកឡើងថា សហរដ្ឋអាេមរិកកំពុងឆ្លងកាត់កាលៈទេសៈវិបត្តិដ៏ងងឹត។ ប្រឈមនឹងវិបត្តិដ៏ធ្ងន់នេះ គឺមានតែលោកចូ បៃដិន តែម្នាក់គត់ ដែលសក្តិសមធ្វើជាប្រធានាធិបតីថ្មី។ លោកអូបាម៉ា បន្ថែមថា លោកចូ បៃដិន ជាមនុស្សដែលមានចិត្តធ្ងន់ មានការអំណត់ព្យាយាម មានបទពិសោធន៍ការងារច្បាស់​លាស់​ ដែលគុណសម្បត្តិទាំងនេះ នឹងជួយឲ្យលោក ចូ បៃដិន អាចដឹកនាំប្រទេស ឲ្យជាសះស្បើយ ពីវិបត្តិទាំងឡាយទាំងពួង ឈានទៅរកភាពរឹងមាំឡើងវិញ។

លោកអូបាម៉ាបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាជនអាមេរិកទាំងអស់គ្នា ត្រូវតែក្រោកឡើង រួមគ្នាយកឈ្នះក្រុមបក្សនយោបាយ ដែលប្រឡាក់ប្រឡូសជាមួយអំពើពុករលួយ ដែលគិតតែប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បីតែអំណាច ដែល​បំភ័ន្តព័ត៌មាននិងមតិមហាជន ដែលគ្មានការយល់ដឹង ដែល​ធ្វេស​ប្រហែស​ និងដែលគ្មានចិត្តមេត្តាធម៌សោះតែម្តង។

គួរកត់សំគាល់ថា ពាក្យសំដីរិះគន់ទាំងអម្បាលម៉ាននេះ បើទោះជាលោកអូបាម៉ា មិននិយាយឲ្យចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ ថាលោកបានសំដៅ ទៅលើការដឹកនាំរបស់លោកដូណាល់ ត្រាំ។ គួរ​បញ្ជាក់ដែរ​ថា លោកចូ បៃដិន គឺជាអតីតអនុប្រធានាធិបតីក្នុងអាណត្តិរបស់លោកអូបាម៉ា។ តែយ៉ាងណា មតិខ្លះក្នុងជួរគណបក្សប្រជាធិបតេយ្យ មិនសូវជាពេញចិត្តលោកចូ បៃដិនទេ ដោយលើកឡើងថា លោកចូ បៃដិន មិនសូវមានសមត្ថភាព។

គេសង្ឃឹមថា ការ​ចេញមុខប្រកាសគាំទ្ររបស់លោកអូបាម៉ា ចំពោះបេក្ខភាព​លោកចូ បៃដិន អាចនឹងជួយជំរុញអ្នកគាំទ្របក្សប្រជាធិបតេយ្យទាំងអស់ ឲ្យនៅពីក្រោយបេក្ខភាព របស់លោកចូ បៃដិន ដើម្បីប្រជែងយកឈ្នះលោក​ដូណាល់ ត្រាំ នៅខែវិច្ឆិកា។ លោកអូបាម៉ា​សង្កត់ធ្ងន់ថា អនាគតរបស់សហរដ្ឋអាមេរិក​ រំពឹងទាំងស្រុងទៅលើការបោះឆ្នោតលើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ