អានតួអត្ថបទ

ភ្លើង​ឆេះព្រៃដ៏ធំ​​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ពលរដ្ឋ​អាមេរិក​ជាង​១សែននាក់រត់ជម្លៀសខ្លួន

នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ភ្លើង​ឆេះព្រៃ​ដ៏​ធំ បាន​បង្ខំ​ឱ្យ​មនុស្ស​ជាង​ ១២០ ០០០ រត់ជម្លៀស​ខ្លួន។ ​តុល្យការបឋម ត្រឹមថ្ងៃសុក្រ គឺមាន​ស្លាប់ជីវិត​​មនុស្ស​យ៉ាងហោច​៥នាក់​​។ ផ្ទៃដី​ រាប់​ម៉ឺន​ហិកតា​ កំពុងតែរងឥទ្ធិពល​របស់​ផ្សែង​ភ្លើង ហើយ​អភិបាល​រដ្ឋ​​កាលីហ្វ័រញ៉ា ប្រកាសសុំជំនួយ​ពីបណ្តា​រដ្ឋ​ជិតខាង ដោយ​សារភាពថា ស្ថានការណ៍​ទប់ទល់​លែង​បាន​ហើយ​។​​​

An aircraft drops fire retardant on a ridge during the Walbridge fire, part of the larger LNU Lightning Complex fire, as flames continue to spread in Healdsburg, California on August 20, 2020
An aircraft drops fire retardant on a ridge during the Walbridge fire, part of the larger LNU Lightning Complex fire, as flames continue to spread in Healdsburg, California on August 20, 2020 AFP
ផ្សាយពាណិជ្ជកម្ម

ពេល​នេះ ប្រជាជនក្នុង​រដ្ឋកាលីហ្វ័រញ៉ា ​រាប់សិប​ម៉ឺននាក់ កំពុងរត់​ភៀសខ្លួន។ ​អាជ្ញាធរមូលដ្ឋាន​​ បាន​អំពាវនាវ​ឱ្យ​សណ្ឋាគារនិង​ផ្ទះ​សំណាក់​ជិត​មាត់ឆ្នេរ​ ទុក​កន្លែង​និងគ្រែ​សម្រាប់​ជួយ​ដាក់​ប្រជាជន​​។​

អ្នក​តំណាងទី​​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ លើកឡើង​ថា ​ក្រុម​សង្គ្រោះ​និង​ក្រុម​ពន្លត់​ភ្លើង​ ជាង១២ ០០០នាក់ បាន​ប្រឹង​ធ្វើការ​សម្បើមណាស់ នាពេល​២៤ម៉ោង​ចុងក្រោយ​នេះ តែ​អាកាសធាតុ​មិន​អំណោយ​ផលសោះ។ ពោល​គឺ​រឹតតែ​ក្តៅខ្លាំង និង​​នាំ​ឱ្យ​កាន់តែ​ឆេះ​ព្រៃរឹង​រឹតតែច្រើន​ទៀត រហូត​ដល់​ជាង​៥៦០កន្លែង​។ តាម​ការ​ព្យាករណ៍​របស់​ភ្នាក់ងារ​ឧតុនិយម​អាមេរិក គឺ​នៅថ្ងៃ​អាទិត្យ កម្តៅ​នឹងកាន់តែ​​កើតឡើង​ ទៅ​ដល់​ជាង​៥៤អង្សា ដែល​អាច​នឹង​បង្កហានិយភ័យ​ ឆេះ​ព្រៃ​រឹតតែ​ធ្ងន់ថែមទៀត។

លោកប្រធានាធិបតីអាមេរិក​ ​ដូណាល់ ត្រាំ បាន​បន្ទោស​អភិបាល​រដ្ឋ​នេះ ថា​មិន​បាន​សម្អាត​ព្រៃ​ឱ្យ​ស្អាតល្អ​ ទើប​ធ្វើ​ឱ្យ​វាឆេះ​រាល​ដាលខ្លាំង​យ៉ាងដូច្នេះ។ ក៏ប៉ុន្តែ អភិបាលរដ្ឋ លោក Gavin Newsom នៅថ្ងៃសុក្រ​បាន​លើកឡើង​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ​ ដែល​ធ្វើ​ឱ្យ​ឆេះព្រៃ។ លោកថា​ ការកើនឡើង​​កម្តៅអាកាសធាតុ​ ​វា​មាន​ពិត​មែន បើ​អ្នក​មិនជឿទេ សូម​ជញ្ជើញ​មក​កាលីហ្វ័រញ៉ា មកមើលផ្ទាល់​ភ្នែកចុះ។

គួរ​រម្លឹក​ជូនថា កាលពីខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ភ្លើងឆេះព្រៃ​នៅភាគ​ជើង​​កាលីហ្វ័រញ៉ា សម្លាប់​មនុស្ស​យ៉ាងហោច ៨៦នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ