អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកត្រាំ គំរាម​បញ្ជូន​កងកម្លាំង​សហព័ន្ធ ទៅកាន់​​ទីក្រុង​ដែល​គ្រប់គ្រង​​ដោយ​​ក្រុម​​ប្រជាធិបតតេយ្យ

លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកកាសែត កាលពី​រសៀលថ្ងៃចន្ទ ទី​២០​កក្កដា​​​ថា លោក​អាចនឹងសម្រេចបញ្ជូនកងកម្លាំងសហព័ន្ធ​ ទៅកាន់ទីក្រុង​មួយចំនួន​ ដែលគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ ដើម្បី​បង្រ្កាបបាតុកម្មហិង្សា។ សូមរំលឹកថា កាល​ពី​សប្តាហ៍កន្លងទៅ លោកដូណាល់ ត្រាំ បានសម្រេច​ដាក់ពង្រា កងកម្លាំងសហព័ន្ធ នៅទីក្រុង ផតលែន។ ក៏ប៉ុន្តែអភិបាល​ទីក្រុង និងអ្នកនយោបាយ​​បក្សប្រជាធិបតេយ្យ បានលើកឡើងថា ការធ្វើបែបនេះ គឺមិនខុសយកសាំងទៅចាក់​លើភ្លើងនោះ​ទេ។

បាតុករ និងសមត្ថកិច្ច កំពុងប្រឈមមុខដាក់គ្នា នៅទីក្រុង Detroit រដ្ឋមីឈីហ្គិន ថ្ងៃទី​១០ កក្កដា ២០២០
បាតុករ និងសមត្ថកិច្ច កំពុងប្រឈមមុខដាក់គ្នា នៅទីក្រុង Detroit រដ្ឋមីឈីហ្គិន ថ្ងៃទី​១០ កក្កដា ២០២០ REUTERS - Rebecca Cook
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកកាសែតថា « យើងមិនអាចបោះបង់ចោល ញូយ៉ក​ ឈីកាហ្គោ ហ្វីឡាឌែលហ្វ៊ី ដេទ្រ័រ និង បាល់ទីម៉ បានទេ »។ លោកបន្តថា ទីក្រុងទាំងនេះ កំពុងតែរងគ្រោះ​ដោយ​សកម្មភាពបាតុកម្មហិង្សា ជាពិសេសឈីកាហ្គោ​ ដែលមានសកម្មភាពបាញ់បោះ ផ្ទុះអាវុធ ធ្ងន់ធ្ងរខ្លាំងជាងនៅអាហ្វហ្កានីស្ថានផង។ 

លោកដូណាល់ត្រាំបន្ថែមថា ទីក្រុង​ទាំងនោះ សុទ្ធតែគ្រប់គ្រងដោយ​មនុស្ស​របស់គណបក្សប្រជាធិបតេយ្យ ដែលសុទ្ធតែជាពួកឆ្វេងនិយមជ្រុល។ លោកត្រាំ សង្កត់ធ្ងន់ថា បើសិនជាលោកចូបៃដិន ឈ្នះឆ្នោតមែននោះ សហរដ្ឋអាមេរិក នឹងធ្លាក់នរកមិនខានទេ។

សូមរំលឹកថា កាលពីសប្តាហ៍កន្លងទៅ លោកដូណាល់ ត្រាំ បានសម្រេចបញ្ជូន​កងកម្លាំងសហព័ន្ធ យកទៅពង្រាយនៅទីក្រុង ផតលែន រដ្ឋអូរេហ្គុន ដោយលោកបានអួតថា ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ កម្លាំងសហព័ន្ធ បាន​ចាប់ក្រុមអាណាធិបតេយ្យ ញាត់គុកបានច្រើនណាស់។ តែយ៉ាងណា អ្នកនយោបាយក្នុងរដ្ឋនេះ បានអះអាងថា លោកដូណាល់ ត្រាំ បាន​យកសាំង​ទៅចាក់លើភ្លើង បន្ថែមបញ្ហាឲ្យ​កាន់តែធំឡើង។

គួររំលឹកថា មរណៈភាពរបស់​បុរសស្បែកខ្មៅ George Floyd នៅទីក្រុងមីណេអាប៉ូលី កាលពីថ្ងៃទី​២៥មេសាកន្លងទៅ បានញ៉ាំងឲ្យ​មាន​បាតុកម្ម​ សឹងតែទូទាំងប្រទេស ដើម្បីបរិហារអំពីអំពើហិង្សា របស់នគរបាល ធ្វើទៅលើជនស្បែកខ្មៅ។ បាតុកម្មដែលបានរីករាលដាល បង្កជាអំពើហិង្សា អាណាធិបតេយ្យ នៅតាមទីក្រុងមួយចំនួន។ ជាមួយនឹងការឃោសនាបោះឆ្នោត គេសង្កេតឃើញថា លោក​ដូណាល់ ត្រាំ បានច្បិចយកតែចំណុច សកម្មភាពហិង្សារបស់ក្រុមបាតុករជ្រុលនិយមមកនិយាយ ដោយ មិនបានឆ្កិះយកប្រភពនៃបញ្ហា មក​រកដំណោះស្រាយឡើយ។

ក្រុមអ្នកនយោបាយ បក្សប្រជាធិបតេយ្យ បានលើកឡើងថា លោកដូណាល់ ត្រាំ កំពុងតែយកបញ្ហាបាតុកម្មហិង្សាធ្វើជាចំណាប់ខ្មាំង ដោយ​មិនព្រម​គិតគូរពិចារណា ដោះស្រាយវិបត្តិ ដែលជាប្រភពនៃបាតុកម្មទាំងនេះ នោះគឺបញ្ហា​រើសអើងប្រកាន់ពូជសាសន៍ និង​អំពើហិង្សារបស់សមត្ថកិច្ចនគរបាល។ លោក Gretchen Whitmer អភិបាលរដ្ឋមីឈីហ្គិន បាន​ចាត់ទុកសម្តីរបស់លោកប្រធានាធិបតី​ដូណាល់ ត្រាំ ថាមានលក្ខណៈញុះញង់បំបែកបំបាក់ ឲ្យ​មនុស្ស​ក្នុងសង្គមកាន់តែស្អប់ខ្ពើមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ