អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

Twitter សុំ​ទោស​ចំពោះហេតុការណ៍​ការវាយប្រហារ​ព័ត៌មានវិទ្យា

បី​ថ្ងៃក្រោយ​ការ​វាយប្រហារ​ព័ត៌មាន​វិទ្យា​លើ​គណនី​របស់​អ្នក​នយោបាយ​និង​មហាសេដ្ឋីអាមេរិក​ជា​ច្រើន​រូបមក ទ្វីតទ័រ Twitter បាន​ចេញ​មុខ​សុំ​ទោស​​ នៅ​ថ្ងៃសៅរ៍ទី ១៨ កក្កដានេះ។ បើ​តាម​ទ្វីតទ័រ ចោរ​អ៊ីនធ័រនែត ​ចូលលួច​និង​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បាន ដោយ​ហេតុ​តែមាន​ការ​ស៊ុំ​គ្រលំ​ពី​​​បុគ្គលិក​របស់​ក្រុមហ៊ុន​ទ្វីតទ័រ​មួយក្តាប់​តូច។ ជាមួយ​នឹងការ​សុំទោស ទ្វីតទ័រ​បានទទួល​ស្គាល់​ថាឧប្បត្តិហេតុ​នេះប៉ះពាល់ខ្លាំងណាស់​​លើ​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ចំពោះ​បណ្តាញ។

Twitterសុំទោស​ចំពោះ​ហេតុការណ៍វាយប្រហារ​ព័ត៌មាន​វិទ្យា
Twitterសុំទោស​ចំពោះ​ហេតុការណ៍វាយប្រហារ​ព័ត៌មាន​វិទ្យា REUTERS/Kacper Pempel/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

​ជា​សរុប​ចោរ​អ៊ីនធ័រនែត​ប៉ុនប៉ង​​វាយប្រហារ​លើ​គណនី​របស់​អ្នកប្រើប្រាស់​ចំនួន ១៣០នាក់ តែអាច​ជ្រៀត​ចូលបានសម្រេចក្នុង​គណនី​ចំនួនតែ​៤៥​ប៉ុណ្ណោះ ដោយ​ប្រើមធ្យោបាយ​របស់​ក្រុម​ការងារ​ជួសជុលផ្ទៃក្នុងរបស់​ក្រុមហ៊ុន។ ​៤៥គណនី​រងការវាយប្រហារ​ព័ត៌មានវិទ្យា​ជា​ចំនួន​ដ៏ទេ​ប្រើប្រៀបទៅ​នឹង​ចំនួន​អ្នកប្រើប្រាស់សរុប​ជិត ៣៣០លាននាក់ក្នុង​មួយ​ខែៗ​ឬ​១៦៦​លាន​នាក់​ក្នុង​មួយថ្ងៃៗ ប៉ុន្តែម្ចាស់​គណនី​សុទ្ធ​សឹង​ជាឥស្សរជន​នយោបាយ​សំខាន់ៗ និង​មហាសេដ្ឋី​ធំៗ​របស់​អាមេរិក (លោក ចូ បៃដិន អតីត​ប្រធានាធិបតី​អូបាម៉ា ស្ថាបនិក​អាម៉ាហ្សូន លោក ប៊ីលហ្កេត ...)។

យោង​ទៅ​លើ​វិធី​វាយប្រហារ​ បំណង​ធំ​របស់​ចោរ​អ៊ីនធ័រនែត ទំនង​ជា​ដើម្បីបាន​លុយ​​។ វេបសាយ​ជំនាញ​ខាងផ្ទេរប្រាក់​ដែល​មិន​អាចកំណត់ដាន​អ្នកទទួលប្រាក់​បាន សម្គាល់​ឃើញ​មានការ​ផ្ទេរ​​ទឹក​លុយ​ចំនួន១០​ម៉ឺន​​ដុល្លារ។

ប៉ុន្តែមានគណនី​ចំនួន៨ ដែលចោរជ្រៀត​ចូលបានទៅ​ទាញ​យកទិន្នន័យ​ផ្ទាល់​ខ្លួន​ផ្សេងៗ​របស់​​ម្ចាស់គណនី​បាន។ នេះ​បើ​តាមការបញ្ជាក់​របស់​ទ្វីតទ័រ ដែលអះអាង​ទៀត ដោយហេតុ​មាន​មធ្យោបាយ​ចូលទៅ​គ្រប់គ្រង​គណនីបាន ចោរ​អ៊ីនធ័រនែត អាច​ទម្លាយ​ព័ត៌មាន​ផ្ទៀងផ្ទាត់​គណនី​ដែល​ជា​​រនាំងសុវត្ថិភាព​ ​បន្ថែម​ពី​លើ​ការ​ប្រើ​លេខកូដ​សម្ងាត់ទៅ​ទៀត។ សកម្មភាព​បែបនេះកំពុងក្លាយ​ជា​តស៊ូ​មតិ​យ៉ាង​ខ្លាំងជុំ​វិញសុវត្ថិភាពនៃបណ្តាញ​សង្គម​មួយ​នេះ ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកនឹង​ចូលមកដល់​នៅ​ខែ​វិច្ឆិកា ហើយ​លោក​​ដូណាល់ត្រាំ និយម​ប្រើ​បណ្តាញ​មួយ​នេះ​​ខ្លាំងនិង​មានអ្នក​តាមដាន​ដល់​ជាង​៨៣លាន​នាក់កន្លះ។​ ហ្វេប៊ីអាយ​កំពុង​បើកអង្កេតដែរ។

ទ្វីតទ័រ​មិនបាន​លម្អិត​អំពី​ក្រុមបុគ្គលិក​ដែល​មានពាក់ព័ន្ធ​នឹងការវាយប្រហារ​នេះ ​និង​​មិន​បញ្ជាក់​អំពី​អត្តសញ្ញាណរបស់​ក្រុមចោរ​ដែរ។ ប៉ុន្តែ​បើ​តាម​ញូវយ៉កថែមស៍ ចោរ​អ៊ីនធ័រនែត​នោះ​ប្រើ​ឈ្មោះ"Kirk" ដែលទំនង​ជាក្រុម​ចោរ​ក្មេង​ៗរស់នៅ​ជាមួយ​ម្តាយ​នៅឡើយ មិនមែន​ជាក្រុម​ចោរ​ដឹកនាំ​ដោយ​រដ្ឋ​ណាមួយ ឬ​ជាក្រុម​ចោរធំៗធ្លាប់​មានឈ្មោះល្បីទេ។ តែ​យ៉ាងណាក៏​ដោយ ក៏​ទ្វីតទ័រទទួលស្គាល់​ថា ការវាយប្រហារ​ព័ត៌មានវិទ្យា​នេះជះឥទ្ធិពល​អាក្រក់ ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ចោទ​សួរ​អំពី​សុវត្ថិភាព​នៃបណ្តាញសង្គមរបស់​ខ្លួន​ដោយ​ចៀស​មិន​រួចឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ