អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូវីដ

សេតវិមាន ផ្ទេរ​ការ​គ្រប់គ្រង​ ​ទិន្នន័យ​ស្តីពី​​កូវីដ១៩ ឱ្យ​មកនៅក្រោមបង្គាប់ខ្លួន​ផ្ទាល់

ចាប់​ពីពេលនេះតទៅ មន្ទីរពេទ្យ​ត្រូវ​មាន​កាតព្វកិច្ច​បញ្ជូន​ ព័ត៌មាន​និងទិន្នន័យទាំង​ឡាយ​​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ទៅ​ឱ្យ​សេតវិមាន​ដោយ​ផ្ទាល់​តែ​ម្តង។ កាលមុននិងរហូត​មកទល់​ថ្ងៃទី ១៤​កក្កដា រាល់គ្រប់​ទិន្នន័យ​ស្តី​ពីកូវីដ១៩ ត្រូវ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​​របស់​មជ្ឈមណ្ឌល​បង្ការ​និង​ត្រួត​ពិនិត្យជំងឺ​។ មតិ​ជា​ច្រើនបាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ បាត់​តម្លាភាព​ ព្រោះសេតវិមាន​កំពុង​រង​ការរិះគន់​​អំពី​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩​ស្រាប់​ផង។

សេតវិមាន​ចាប់​គ្រប់គ្រងទិន្នន័យ​កូវីដ១៩ តាំងពី​ថ្ងៃទី ១៥កក្កដា​២០២០មក
សេតវិមាន​ចាប់​គ្រប់គ្រងទិន្នន័យ​កូវីដ១៩ តាំងពី​ថ្ងៃទី ១៥កក្កដា​២០២០មក pexels.com
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​ទី ១៥​កក្កដា ២០២០មក រាល់​គ្រប់​ទិន្នន័យទាក់ទង​នឹងជំងឺកូវីដ​១៩ ដូច​ជា​ចំនួន​ពលរដ្ឋ​អាមេរិកបាន​ធ្វើ​តេស្ត​រក​កូវីដ១៩ ចំនួន​អ្នក​ចូលព្យាបាល​ក្នុង​មន្ទីរពេទ្យ ចំនួនអ្នកទទួល​ការដោត​បំពង់​ខ្យល់ បំពាក់​ម៉ាស៊ីនអុកស៊ីហ្សែន អ្នក​ត្រូវ​ការ​ការព្យាបាល​ដោយ​ម៉ាស៊ីន​ជំនួយ​ខ្យល់ និង​ដោយ​ការប្រើថ្នាំ ។ល។ និង​។ល។ ត្រូវ​បញ្ជូន​ដោយ​ផ្ទាល់ទៅ​ឱ្យ​ភ្នាក់ងារ​សុខាភិបាលរបស់​សេតវិមាន។ សម្រាប់​រដ្ឋាបាលអាមេរិក នេះជាប្រព័ន្ធ​គ្រប់គ្រងដែលមានប្រសិទ្ធភាព​ជាងការ​គ្រប់​គ្រងពី​មុន ដែល​ធ្វើ​ឡើង​ដោយ​​​មជ្ឈមណ្ឌលជាតិ​បង្ការ​និងការត្រួត​ពិនិត្យ​ជំងឺ​។

ប៉ុន្តែ​ពិភព​អ្នកវេជ្ជសាស្ត្រ​មិនយល់​អំពី​ការ​ប្តូរផ្លាស់​យុទ្ធសាស្ត្រ​ដឹកនាំភ្លាមភ្លែត​នេះ​ទេ។ នេះ​បើ​តាម​ប្រតិកម្មរបស់​តំណាង​សមាគម​សុខភាព​សាធារណៈ​អាមេរិក លោកវេជ្ជបណ្ឌិត Georges Benjamin ជាមួយនឹង​អះអាង​បញ្ជាក់​ទៀត​ថា “មិនមែន​ជា​ពេល​វេលាដែល​ត្រូវ​មក​ប្តូរផ្លាស់​ទាំង​ស្រុង​ប្រព័ន្ធ​ប្រមូលទិន្និន័យ​ កណ្តាលទី​កំពុង​ពេញ​វិបត្តិដូច្នេះទេ។ តាំង​ពី​៤៨​ម៉ោង​មកនេះ មាន​តែការវិលវល់ច្របូកច្របល់​”។

ថ្វី​បើ​ប្រធានមជ្ឈមណ្ឌល​បង្ការ​និងត្រួត​ពិនិត្យ​ជំងឺ បាន​ធានាអះអាង​​ថា​នឹងបន្តធ្វើ​ការ​ ក្នុង​នាម​ជា​ដៃគូ​របស់​សេតវិមានក្តី ក៏​មតិ​ភាគច្រើន​យល់ថា​ការប្តូរ​ផ្លាស់​ប្រព័ន្ធគ្រប់គ្រងទិន្នន័យ​នេះ ថា​ជា​ទង្វើ​នយោបាយ ដើម្បីទម្លាក់បន្ទាបតួនាទី​របស់់​មជ្ឈមណ្ឌល។ ហើយ​ជា​ពិសេស​ទៅ​ទៀត សេតវិមានមិន​ប្រាកដ​ថា​បើក​ទូលាយ​ឱ្យ​សាធារណជន​អាច​ទទួល​បាន​​ទិន្នន័យ​នេះ​ដោយ​សេរី​ ដូច​មជ្ឈមណ្ឌលជាតិ​ឡើយ។ រាល់គ្រប់ព័ត៌មាន​ដែល​មជ្ឈមណ្ឌល​បង្ការនិងត្រួត​ពិនិត្យ​ប្រមូលបាន​ ជារបស់​សាធារណៈ។ នេះការពន្យល់​ របស់​លោក​វេជ្ជបណ្ឌិត Georges Benjamin ដោយបង្ហាញ​ការ​ព្រួយ​បារម្ភទៀត​ថា​ ​“ចាប់​ពេលនេះ​ទៅ​ គ្មានអ្វីធានា​បានថាពលរដ្ឋ​អាចចូល​មើលទិន្នន័យ​នោះបានទេ ដូច្នេះ​យើង​ត្រូវ​ប្រឹង​តវា​ធ្វើយ៉ាងណា​ដើម្បី​រដ្ឋាបាល​រក្សាតម្លាភាព​ឱ្យ​បានដូចពីមុន”។

អ្នកវិភាគ​ខ្លះ​ទៀត បាន​វាយប្រហារ​ដោយ​ចំៗ​តែ​ម្តង​ថា ផ្ទេរ​ការគ្រប់គ្រងទិន្នន័យ​នៅ​ពេល​នេះ គឺ​មកពីសេតវិមានចង់​ក្តោប​ព័ត៌មាន​។ រង​ការរិះគន់​ពី​គ្រប់មជ្ឈដ្ឋាន​ចំពោះចំណាត់ការ​​​ប្រឈម​នឹង​វិបត្តិ​កូវីដ សេតវិមានពេលនេះ​មាន​តួលេខ​នៅ​ក្នុង​ដៃ និង​អាច​ចាត់​ចែង​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធនឹង​រោគរាតត្បាតកូវីដ១៩ ដោយ​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ