អានតួអត្ថបទ
សហរដ្ឋអាមេរិក

សៀវភៅ​សរសេរ​ដោយ ក្មួយស្រី​លោក​ដូណាល់ ត្រាំ លក់បាន​ជិត​​១លាន​ក្បាល ចេញលក់​ថ្ងៃទីមួយ​

សៀវភៅសរសេរដោយ អ្នកស្រី ម៉ារី ត្រាំ ដែលជាក្មួយស្រី របស់​លោកដូណាល់ ត្រាំ ចេញលក់ថ្ងៃដំបូង ដោយមានអ្នកទិញអាន ដល់ទៅជិត១លានក្បាល។ សៀវភៅដ៏ចម្រូងចម្រាសនេះ បានសរសេរ​អំពីប្រវត្តិក្រុមគ្រួសាររបស់លោកដូណាល់ ត្រាំ ព្រមទាំងអត្តចរិករបស់លោកដូណាល់​ ត្រាំដែលអ្នកនិពន្ធបានអះអាងថា ជាមនុស្សកុហក អត្មានិយម ដ៏គួរឲ្យគ្រោះថ្នាក់បំផុត។ នេះក៏ជាលើកទីមួយដែរ ដែលសៀវភៅសរសេរពីលោកដូណាល់ ត្រាំ ត្រូវបានសរសេរដោយ​មនុស្ស​ក្នុងគ្រួសារលោកផ្ទាល់។

សៀវភៅ "Too Much and Never Enough" និពន្ធដោយ​លោកស្រី Mary Trump ក្មួយស្រីរបស់​លោកដូណាល់ ត្រាំ។
សៀវភៅ "Too Much and Never Enough" និពន្ធដោយ​លោកស្រី Mary Trump ក្មួយស្រីរបស់​លោកដូណាល់ ត្រាំ។ REUTERS - CARLO ALLEGRI
ផ្សាយពាណិជ្ជកម្ម

សៀវភៅចំណងជើង « Too Much and Never Enough » ដែលយើងអាចប្រែបានថា « ជ្រុលសម្បើម និង​ មិនដែលស្កប់ » គឺជាស្នាដៃនិពន្ធរបស់​លោកស្រី Mary Trump ក្មួយស្រីបង្កើត របស់​លោកដូណាល់ ត្រាំ។ ក្នុងខ្លឹមសារនៃសៀវភៅនេះ លោកស្រី ម៉ារី ត្រាំ បានលើកឡើងថា លោកដូណាល់ ត្រាំ បានចូលរួមចំណែក ធ្វើឲ្យ​ឪពុករបស់​លោកស្រី ដែលត្រូវជាបងប្រុសរបស់​លោកដូណាល់ ត្រាំ ក្លាយ​ជាមនុស្ស​មានវិបត្តិ ទន់ខ្សោយ រហូតដល់ស្លាប់ទាំងវ័យ​៤២ឆ្នាំ នៅឆ្នាំ១៩៨១។

លោកស្រី ម៉ារី ត្រាំ បានសរសេររៀបរាប់ អំពីបុគ្គលិកលក្ខណៈរបស់សមាជិកគ្រួសារត្រកូលត្រាំ ព្រមទាំងបញ្ហា​រកាំរកូសនានា នៅក្នុងគ្រួសារ ដែលកើតចេញពីមហិច្ឆិតា លោភលន់ របស់​លោកដូណាល់ ត្រាំ។ អ្នកនិពន្ធ ដែលជាក្មួយស្រីរបស់​លោកដូណាល់ ត្រាំ និងដែលជាអ្នកគ្រូពេទ្យចិត្តសាស្រ្តោផងនោះ បានចាត់ទុកថា "លោកដូណាល់ ត្រាំ ជាកំពូលមនុស្ស កុហក ក្រឡិកក្រឡុច លោភលន់ អត្មានិយម ហើយ​ឆ្កូតវង្វេង​នឹងខ្លួនឯង"

គួររំលឹកថា លោក Robert Trump ប្អូនប្រុសរបស់លោកដូណាល់ ត្រាំ ធ្លាប់បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីហាមសៀវភៅនេះ មិនឲ្យ​បោះពុម្ពចេញលក់។ តែតុលាការមិនបានសម្រេច យល់ព្រមតាមការទាមទេ។ សេតវិមានប្រធានាធិបតី​អាមេរិកវិញ បាន​ច្រានចោល ខ្លឹមសារនៃសៀវភៅនេះ ដោយបានអះអាងថា វាពោរពេញទៅដោយការ ពាក្យកុហក និង​​ចោទប្រកាន់គ្មានមូលដ្ឋាន។

យោងតាម​ ក្រុមហ៊ុនបោះពុម្ព Simon & Schuster សៀវភៅនេះ បានលក់អស់ប្រមាណ​៩៥០០០០ ក្បាល ក្នុងថ្ងៃទីមួយ​ នៃការចេញលក់ ដោយរាប់បញ្ចូលទាំងការទិញដោយផ្ទាល់ ការវ​កុម្មង់ទុកជាមុន និងសៀវភៅអានតាម​ប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមហ៊ុនបោះពុម្ពនេះ បានបញ្ជាក់ថា គេនឹងបោះពុម្ពជាសៀវភៅ បន្ថែមឲ្យ​បាន​១លាន១សែន៥ម៉ឺនក្បាល ដើម្ប​ីបំពេញតម្រូវការ​របស់អ្នកអាន​។ នៅលើគេហទំព័រ Amazon នៅអូស្ត្រាលី និងកាណាដា សៀវភៅនេះ គឺជាសៀវភៅដែលលក់ដាច់ជាងគេបង្អស់។

គួរកត់សំគាល់ថា មានសៀវភៅជាច្រើនមកហើយ ដែល​និយាយអំពីបុគ្គលិកលក្ខណៈ គួរឲ្យ​គ្រោះថ្នាក់ របស់លោកដូណាល់ ត្រាំ។ តែនេះជាលើកទីមួយ ដែលសៀវភៅរបៀបនេះ ត្រូវបានសរសេរដោយ សមាជិកម្នាក់​ក្នុងក្រុមគ្រួសារវង្សត្រកូលត្រាំ ដែលជាអ្នកបានរស់នៅ ស្គាល់ជិតដិតនឹងក្រុមគ្រួសារនេះ។ ពាក្យ​ពេចន៍ ប្រើក្នុងសៀវភៅនេះ គឺពោរពេញទៅដោយ​ខ្លឹមសារ សង្កត់​ធ្ងន់ៗ បង្កប់ដោយការឈឺចាប់ ទាក់ទិននឹងអ្វីដែលអ្នកនិពន្ធបានឆ្លងកាត់ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ