អានតួអត្ថបទ

សេដ្ឋកិច្ច​អាមេរិក​បំបែក​ឯត្តគកម្ម ខាង​បង្កើត​ការងារ​ជិត​៥លាន នៅ​ខែមិថុនា

សេដ្ឋកិច្ច​អាមេរិក បាន​បង្កើតការងារ​ជាង​៤លាន ៨សែន នៅ​ខែ​មិថុនា។ ជា​ចំនួន​ដ៏ច្រើន មិនធ្លាប់​មាន ក្នុង​ប្រវត្តិ​បង្កើតការងារ​អាមេរិក ដែល​ជាហេតុធ្វើ​ឲ្យ​លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ មិនអាច មិន​លើកសរសើរ​ខ្លួនឯង នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ សម្រាប់​ប្រធានាធិបតី​អាមេរិក តួលេខ​បង្កើតការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ស បញ្ជាក់ថា សេដ្ឋកិច្ច​អាមេរិក​កំពុង​ចាប់​ងើប​ឈរ ឡើងវិញ បន្ទាប់​ពី​រងគ្រោះ ប៉ះពាល់​ដោយសារ​ជំងឺរាតត្បាត កូវីដ​១៩។ តើ​មានហេតុផល​អ្វី​ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិកាំង​បង្កើត​ការងារ ក្នុង​ចំនួន​ច្រើនរាប់លាន នៅក្នុងរយៈពេល​តែ​១​ខែ​យ៉ាងដូច្នេះ?

ប្រជាជនអាមេរិកាំង​ជាច្រើនរយនាក់​ឈរ​តម្រង់ជួរ​ដើម្បី​រង់ចាំ​ទទួល​សេវា​ផ្តល់ជំនួយ​សម្រាប់​រកការងារធ្វើ​
ប្រជាជនអាមេរិកាំង​ជាច្រើនរយនាក់​ឈរ​តម្រង់ជួរ​ដើម្បី​រង់ចាំ​ទទួល​សេវា​ផ្តល់ជំនួយ​សម្រាប់​រកការងារធ្វើ​ REUTERS - Bryan Woolston
ផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បង្ហាញ​តួលេខ​គួរ​ឲ្យ​លើកទឹកចិត្ត នោះ គឺសេដ្ឋកិច្ច​អាមេរិក បាន​បង្កើត​ការងារ​ដល់​ទៅ​ជិត​៥លាន នៅក្នុង​រយៈពេល​តែ​មួយខែ មិថុនា។ ក្រៅតែ​ពី​វិស័យ​កសិកម្ម សេដ្ឋកិច្ច​អាមេរិក​បាន​បង្កើត​ការងារ ជាង ៤លាន ៨សែន ការងារ ដែល​ជាចំនួន​ដ៏ច្រើន ខ្ពស់​ជាងការព្យាករទុក​របស់​អ្នកសេដ្ឋកិច្ច​ដែល មាន​ត្រឹម ៣លាន​ប៉ុណ្ណោះ។

តាមការពន្យល់​របស់​ក្រសួងការងារ​អាមេរិក ការបង្កើតការងារ ដ៏ច្រើន បំបែក​ឯត្តទកម្ម ជា​លទ្ធផល​នៃ​ការចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​បាន​ផ្អាក នៅ​ខែ មីនា និង​ខែ​មេសា ដោយសារ​តែ វិបត្តិកូវីដ ១៩។ ចាប់តាំង​ពី​បើកទីក្រុង និង​សកម្មភាព​សេដ្ឋកិច្ច វិស័យ សណ្ឋាគារ ទេសចរណ៍​កំសាន្ត បាន​បង្កើន​ចំនួន​ការងារ គួរ​ឲ្យ​កត់សំគាល់។

ចំនួន​មនុស្ស​គ្មាន ការងារ​ធ្វើ​ថយចុះ  នៅខែ​មិថុនា ពី ១៣% មក​នៅ​ត្រឹម ១១% ដែល​ស្មើ​នឹង​ចំនួន ១៧,៨លាន​នាក់។ នេះ​ក៏ជាដំណឹង​ល្អ ប៉ុន្តែ នៅ​តែ​ចំនួន​ដ៏​ច្រើន កើនឡើង ដល់​ទៅ ១២​លាន បើប្រៀបធៀប​នឹង​រយៈពេល​មុន​កើតមាន​ជំងឺ​កូវីដ ដែល​មានអ្នកគ្មាន​ការងារ​ធ្វើ តែ​ជាង ៣លាន​នាក់ប៉ុណ្ណោះ។

តួលេខ ការងារ​បង្កើតថ្មី ដល់​ទៅជិត ៥លាន​ការងារ ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​លោកដូណាល់ ត្រាំ ដែល​ផ្តោតយក សេដ្ឋកិច្ច​ងើបឡើងវិញ ជា​ចំនុច​សំខាន់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រធានាធិបតី នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សន្និសីទ​កាសែត លោកប្រធានាធិបតី​អាមេរិក មិនលាក់ទេ ក្តីអំណរ​របស់​លោក ព្រោះថា ដំណឹង​បង្កើត​ការងារ​ក្នុង​ចំនួន​ដ៏ច្រើន ធ្លាក់ នៅមុន​ពេល​ការបោះឆ្នោត។

សេដ្ឋកិច្ច​អាមេរិក​បង្កើតការងារ​ដល់ទៅ ៤,៨លាន គឺ​នៅតែ​តិច បើរប្រៀបធៀប​នឹង​ការងារ ជាង ២០លាន ការងារ ដែល​ត្រូវបំផ្លាញ ដោយ​វិបត្តិកូវីដ។ តាម​សេដ្ឋកិច្ចវិទូ ការងារ​ដែល​គេ​រាប់ចូល​ក្នុង​តួលេខ កាលពី​ថ្ងៃ​ព្រហស្បត៍ តាមពិត​ជា​ការងារ​ដែល​គេ​ធ្លាប់​បាន​លុបចោល តាមរយៈ ការបណ្តេញបុគ្គលិក នៅពេល​កន្លែង​ហាត់កីឡា រង្គសាល ក្រុមហ៊ុន​មួយចំនួន ត្រូវបិទទ្វារ កាលពីខែ​មីនា ដើម្បី​ទប់ស្កាត់​ជំងឺរាតត្បាត កូវីដ។

មួយវិញទៀត ចំនួន​បង្កើតការងារ​កើន​ឡើង​ច្រើន​លឿន ក៏អាច​ជា​លទ្ធផល​នៃ​កម្មវិធីជំនួយ របស់បណ្តា ​រដ្ឋ​ ឈ្មោះថា Paychek Protection Program។ តាមរយៈ​កញ្ចប់ប្រាក់កម្ចី ក្រុមហ៊ុន​អាច​សង​ទៅរដ្ឋ​តែមួយផ្នែក បើសិន​គេ​សន្យា​បន្ត​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក។

បញ្ហា​នៅត្រង់ថា កញ្ចប់ជំនួយ​រដ្ឋ​កំពុង​ចាប់ធូរថយចុះ ដែលធ្វើ​ឲ្យគេ​បារម្ភថា នឹង​អាច​មានការបណ្តេញ​បុគ្គលិក​សាជាថ្មី។ ម្យ៉ាងទៀត ការវិលត្រលប់​ទៅ​បិទខ្ទប់ ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​សាជាថ្មី នៅតាម​បណ្តារដ្ឋ​មួយចំនួន ដោយសារ​តែ​ការផ្ទុះខ្លាំង ករណីឆ្លង ជំងឺកូវីដ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ រឹតតែ​ធ្វើឲ្យ​គេ​ជឿថា ចំនួន​ការងារ​បង្កើតថ្មី​នឹង​អាច​ធ្លាក់​ចុះ​ដល់​សូន្យឡើងវិញ នៅ ខែ​ក្រោយនេះ។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ