អានតួអត្ថបទ
ប្រេស៊ីល កូវីដ១៩

ប្រធានាធិបតីប្រេស៊ីល រិះគន់​វិធានការ​បិទខ្ទប់​ប្រទេស ​ថ្វីបើ​ចំនួន​​អ្នកឆ្លង​កូវីដ១៩​កើនឡើង​កាន់តែ​ខ្លាំង

គិតត្រឹមថ្ងៃអាទិត្យទី១៧ឧសភានេះ ប្រទេសប្រេស៊ីលមានចំនួន​អ្នកឆ្លងជម្ងឺ​កូវីដ១៩ សរុបចំនួនជាង ២សែន ៣ម៉ឺន ៣ពាន់នាក់ ដែលក្នុងនោះមានស្លាប់ ១៥៦៣៣នាក់។ គួរកត់សំគាល់ថា ប្រេស៊ីលជាប្រទេសលំដាប់ទី៥ ដែលមាន​អ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក ហើយអ្នកជំនាញ បាន​ក្រើនរំលឹកថា ចំនួន​នេះអាចនឹងកើនឡើងខ្លាំងថែមទៀត។ ទោះជាយ៉ាងនេះក្តី លោកបុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល បានចេញមុខរិះគន់សាជាថ្មីទៀត ទៅលើវិធានាការបិទខ្ទប់ប្រទេស និងសកម្មភាពសេដ្ឋកិច្ច ដែលលោកចាត់ទុកថា វាមានគ្រោះថ្នាក់​ជាង​​ជំងឺ​កូវីដ១៩។

លោក បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល ថ្ងៃទី​៧ ឧសភា ២០២០
លោក បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល ថ្ងៃទី​៧ ឧសភា ២០២០ REUTERS - Adriano Machado
ផ្សាយពាណិជ្ជកម្ម

មិនខុសពីលោកដូណាល់ ត្រាំ ទេ លោកបុលសូណារ៉ូ ជាមេដឹកនាំ ដែលជឿថាការបិទខ្ទប់ប្រទេស និងសកម្មភាពសេដ្ឋកិច្ច មិនមែនជាដំណោះស្រាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនូវជម្ងឺកូវីដ១៩។ ជាថ្មីម្តងទៀត កាលពីយប់ថ្ងៃសៅរ៍ លោកបុលសូណារ៉ូ បានសរសេរលើទំព័រ Twitter របស់លោកថា ការបត់បង់ការងារ គ្មានស្បៀងអាហារ និងភាពក្រីក្រតោកយ៉ាក កំពុងតែរងចាំអ្នកណា ដែលគាំទ្រការបិទខ្ទប់ប្រទេសទាំងស្រុង។

ដោយឈរលើបុព្វហេតុសេដ្ឋកិច្ច លោកបុលសូណារ៉ូ បាន​អំពាវនាវ ឲ្យ​បើកប្រទេសត្រលប់មករក​ភាពធម្មតាវិញ។ តែយ៉ាងណា អភិបាលរដ្ឋភាគច្រើននៅប្រេស៊ីល បានបដិសេធ មិនទទួលយក​ការអនុសាសន៍របស់លោ​កប្រធានាធិបតី​ស្តាំនិយមជ្រុលរូបនេះទេ។

ក្រៅពីបានសរសេរសាររិះគន់វិធានការបិទខ្ទប់ប្រទេស លោកបុលសូណារ៉ូ បានចែករំលែកវីដេអូមួយ ដែលក្នុងនោះបុរសម្នាក់អះអាងថាខ្លួនជាគ្រូពេទ្យ បាននិយាយអះអាងថា អ្វីដែលកំណត់ពីកម្រិតអាចស្លាប់ ឬរស់របស់មនុស្សម្នាក់ប្រឈមនឹងកូវីដ១៩ គឺមិនមែនកម្រិតគ្រោះថ្នាក់របស់មេរោគនេះទេ តែគឺជាកម្លាំងនៃប្រព័ន្ធការពារខ្លួនរបស់មនុស្សម្នាក់ៗ។ ក្នុងន័យនេះ បុរសនោះ បានអំពាវនាវឲ្យ​មនុស្ស​ចេញដើរហើរដូចធម្មតា មិនត្រូវ​ខ្លាចកូវីដ១៩ទេ ដើម្បីបង្កើតឲ្យសរីរាង្គអាចផ្សាំនិងមេរោគ ហើយបង្កើតជាប្រព័ន្ធការពារខ្លួនដែលមានកម្លាំង។

គួររំលឹកថា​ទ្រឹស្តីនៃការបណ្តោយឲ្យ​មេរោគចូលផ្សាំក្នុងខ្លួនមនុស្សឲ្យបានច្រើន​ ដើម្បីឲ្យសរីរាង្គអាចបង្កើតជាប្រព័ន​្ធការពារខ្លួននេះ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាល​អង់គ្លេសជ្រើសរើសដែរ តែទីបំផុត អ្នកជំនាញ​ជាច្រើន បានយល់ស្របគ្នាថា​ វាគឺជាគ្រោះថ្នាក់ធំ ព្រោះកូវីដ១៩ជាមេរោគថ្មី ដែលគេមិនអាចដឹងកម្លាំងគ្រោះថ្នាក់របស់វាឡើយ។ ការបិទខ្ទប់​ រក្សាចំងាយពីគ្នា មិនប៉ះពាល់គ្នារវាងមនុស្ស គឺជាវិធីតែមួយគត់ ក្នុងការទប់ការឆ្លងរាលដាល និងការស្លាប់ ទំរាំតែគេអាចរកថ្នាំវ៉ាក់សាំងឃើញ។

គួរបញ្ជាក់ថា គិតត្រឹម២៤ម៉ោងចុងក្រោយ ប្រេស៊ីលបានអ្នកឆ្លងកូវីដ១៩ បន្ថែមចំនួនប្រមាណ​១៥០០០នាក់ ព្រមទាំងមានស្លាប់៨១៦នាក់ ក្នុងមួយថ្ងៃចុងក្រោយ។ អ្នកឆ្លងកូវីដ១៩ សរុបនៅប្រេស៊ីល គឺមាន២៣៣១៤២នាក់ ដែលធ្វើឲ្យ​ប្រេស៊ីល ក្លាយជាប្រទេសទីមួយនៅអាមេរិកខាងត្បូង និងទី៥ទូទាំងពិភពលោក ដែលមាន​អ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។ អ្នកជំនាញបានក្រើនរំលឹកថា ​ចំនួនអ្នកឆ្លងនៅប្រេស៊ីល ​អាចនឹងកើនឡើងលើសនេះ​១៥ដង បើសិនជារដ្ឋាភិបាល​ប្រេស៊ីល នៅតែបន្តគ្មានវិធានការច្បាស់លាស់ ដើម្បីបង្ការការឆ្លងរាលដាល។ កាលពីថ្ងៃទី៨ឧសភា លោក Nelson Teich រដ្ឋមន្ត្រីសុខាភិបាល បានលាឈប់ពីតំណែង បន្ទាប់ពីបា​នចូលបំពេញការងារបានត្រឹមតែ៤សប្តាហ៍ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ