អានតួអត្ថបទ

កូវីដ ១៩៖ អង្គការ​សហប្រជាជាតិ​អំពាវនាវ​រកជំនួយ ជាង​៤ពាន់​លាន​ដុល្លារ​បន្ថែមទៀត

អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ព្រហស្បតិ៍នេះ បានអំពាវនាវ​រក​មូលនិធិ​ថ្មី ប្រមាណ​៤,៧ពាន់​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​យកទៅ​ប្រើ ការពារ​ជីវិត​មនុស្ស​រាប់​លាន ពី​គ្រោះអត់ឃ្លាន និង​ភាពក្រីក្រ ដោយសារ​តែ​កូវីដ ១៩។ នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ​នៅថ្ងៃ​នេះ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក កិច្ចការ​មនុស្សធម៌ បាន​ព្រមាន​ពីផលវិបាក ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​ប្រទេស​អ្នកមាន បោះបង់ចោល មិនរវីរវល់​ក្រុមប្រទេស​ក្រីក្រ។ 

កម្មករ​ឥណ្ឌា​តម្រង់ជួរ ទទួលបាយ នៅរោងចក្រ​មួយដែលបិទទ្វារ​ដោយសារ​កូវីដ ១៩ កាលពីថ្ងៃទី ១០​មេសា ២០២០
កម្មករ​ឥណ្ឌា​តម្រង់ជួរ ទទួលបាយ នៅរោងចក្រ​មួយដែលបិទទ្វារ​ដោយសារ​កូវីដ ១៩ កាលពីថ្ងៃទី ១០​មេសា ២០២០ REUTERS - Adnan Abidi
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការ​សហប្រជាជាតិ សញ្ញា អស្ថិរភាព និង​ទុក្ខវេទនា ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ​១៩ កំពុង​ចាប់កើតមាន នៅក្នុង​បណ្តាប្រទេស​ក្រីក្រ​បំផុត​ក្នុង​លោក។ ដូច្នេះ បើសិន​គេ​មិន​អន្តរាគមន៍​ជួយ​នៅពេលនេះទេ ភាពក្រីក្រ គ្រោះទុរភិក្ស និង​ជម្លោះ​ប្រដាប់អាវុធ នឹង​មាន​កាន់តែ​ច្រើន​នៅក្នុង​ពិភពលោក។ នេះជា​ការព្រមាន​របស់​លោក Mark Lowcock អគ្គលេខាធិការ​រង របស់​អង្គការ​សហប្រជាជាតិ បន្ទុក​កិច្ចការ​មនុស្សធម៌។

ឆ្លើយតប​នឹង​វិបត្តិ​មនុស្សធម៌ អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​អំពាវនាវ​ម្តងហើយ កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ដើម្បី​ស្វែងរក​ថវិកា​ប្រមាណ ២ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ក្រុមប្រទេស​ជាង​២០ ដែល​ភាគច្រើន​ជា​ប្រទេស​ដែល​កំពុង​មានសង្រ្គាម ជម្លោះប្រដាប់អាវុធ ដូចជា​ស៊ីរី អាហ្វហ្កានីស្ថាន លីប៊ី អ៊ុយក្រែន និងយេម៉ែន​ជាដើម។ នៅពេលនេះ អង្គការ​សហប្រជាជាតិ ទើប​ប្រមូល​បាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​នៃ​មូលនិធិ ២ពាន់​លាន​ដុល្លារ ពី​ប្រទេស​សមាជិក​របស់ខ្លួន។

តាម​ អគ្គលេខាធិការ​រង របស់​អង្គការ​សហប្រជាជាតិ បន្ទុក​កិច្ចការ​មនុស្សធម៌ គេត្រូវការ​ថវិការ ជាង​៤ពាន់​លាន​ដុល្លារ​បន្ថែមទៀត បន្ទាប់​ពី​គេ​បញ្ចូល​ប្រទេស​ចំនួន​៩បន្ថែមទៀត ទៅក្នុង​បញ្ជី​ប្រទេស​ដែលត្រូវការ​ជំនួយ​បន្ទាន់ ដូចជា ម៉ូហ្សំប៊ិក ប៉ាគីស្ថាន និង​ហ្វីលីពីនជាដើម។ បើតាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ ចំនួន​មនុស្ស​ស្លាប់​ច្រើនបំផុត ដោយសារ​កូវីដ ១៩ នឹង​កើតមាន នៅ​ក្រុមប្រទេស​ក្រីក្រ នៅ​ក្នុង​ពេល ៣ ទៅ​៦ខែ​ខាងមុខ។

ជារួម អង្គការសហប្រជាជាតិ​អំពាវនាវ​ចង់​បាន​ថវិកា​សរុប ៦,៧ពាន់លាន​សម្រាប់​សកម្មភាព​មនុស្សធម៌ នៅក្នុង​ពិភពលោក ពី​ពេលនេះ រហូត​ដល់​ខែ​ធ្នូ​ចុងឆ្នាំ។ មូលនិធិ​នឹង​ត្រូវ​ប្រើ​ជាពិសេស សម្រាប់​ទិញ គ្រឿងបរិក្ខាពេទ្យ ការធ្វើតេស្តរកមេរោគ ការព្យាបាល​អ្នកជំងឺ កូវីដ និង​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លងជំងឺកូវីដ នៅ​អាហ្រ្វិក អាមេរិកឡាទីន និង​នៅ​អាស៊ី។ គោលដៅចំបង​របស់​អង្គការ​សហប្រជាជាតិ គឺ អភិវឌ្ឍ​កម្មវិធី​ថ្មី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អសន្តិសុខ​ស្បៀងអាហារ ដែលជាលទ្ធផល​នៃ​វិបត្តិសេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺរាតត្បាត កូវីដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ